ត្រាំ​អំពី​អ៊ីរ៉ង់ ៖ បើ​គេ​ចង់​ពិភាក្សា យើង​នឹង​ពិភាក្សា

686
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ កាលពី​ថ្ងៃ​ចន្ទ​ទី​២៧​ឧសភា បាន​រក្សា​គោលជំហរ​អំពី​ការបើកទ្វារ​សំ​រាប់ការ​ចរចា​ជាមួយ​អ៊ីរ៉ង់ ខណៈ​លោក​ជួបពិភាក្សា​ជាមួយ​នាយក​រដ្ឋ​​មន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អាបេ ដែល​កំពុង​ពិចារណា​ធ្វើ​ដំណើរ​ទស្សនកិច្ច​មួយ​ទៅកាន់​អ៊ីរ៉ង់​។​

​លោក​ត្រាំ​បាន​និយាយថា​« ខ្ញុំ​ជឿថា អ៊ីរ៉ង់​ចង់​ពិភាក្សា ហើយ​បើ​គេ​ចង់ យើង​ក៏​ចង់​ពិភាក្សា​ដែរ​។​យើង​នឹង​ឃើញ​អ្វី​នឹង​កើតឡើង តែ​ខ្ញុំ​ដឹងថា​លោកនាយក​រដ្ឋមន្ត្រី​អា​បេមាន​​ទំនាក់ទំនង​ជិតស្និទ្ធ​ណាស់​ជាមួយ​ក្រុម​មេដឹកនាំ​អ៊ីរ៉ង់​…​គ្មាន​នរណា​ចង់ឃើញ​រឿង​អាក្រក់​កើតឡើង​ទេ ជាពិសេស​រូបខ្ញុំ​»​។​

​តែ​កាលពី​ថ្ងៃអាទិត្យ អនុ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក​អាប​បាប អា​រ៉ា​ក​ជី និយាយថា​«​អ៊ីរ៉ង់​នឹងមិន​ធ្វើ​ការចរចា​ដោយ​ផ្ទាល់​ឬ​ប្រយោល​»​ជាមួយ​អាមេរិក​ទេ តែ​ត្រៀម​ពិភាក្សា​​ជាមួយ​បណ្តា​រដ្ឋ​នៅ​ឈូង​សមុទ្រ​ទាំងអស់​។​

​ក្នុងពេល​ជាមួយគ្នា រដ្ឋមន្ត្រីការបរទេស​អូ​ម៉ង់ បាន​និយាយថា លោក​បាន​ជួបប្រជុំ​ជាមួយ​សម​ភាគី​អ៊ីរ៉ង់ និង​ថា​រដ្ឋាភិបាល​លោក ត្រៀម​ខ្លួន​ដើរតួ​ជា​អ្នសម្របសម្រួល​រវាង​អ៊ីរ៉ង់​​និង​អាមេរិក ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​។​

​ចំណែក​មេដឹកនាំ​អារ៉ាប់​បី បាន​អះអាង​អំពី​បំណង​ចូលរួម​ជំនួប​កំពូល​មួយ​ដឹកនាំ​ធ្វើ​ដោយ​អា​រ៉ាប៊ីសាអូឌីត ចំ​ពេល​មាន​ភាព​តានតឹង​ជុំ​វ​ញ​បញ្ហា​អ៊ីរ៉ង់​។​យោងតាម​របាយការណ៍​​ប្រធានាធិបតី​អេ​ហ្ស៊ី​ប ប្រធានាធិបតី​ទុយ​នេ​ស៊ី និង​ប្រធាន​អាជ្ញាធរ​ប៉ាឡេ​ស្ទីន​បាន​បញ្ជាក់​អំពី​បំណង​ចូលរួម​ជំនួប​កំពូល​នា​ថ្ងៃ​៣០​ឧសភា​នៅ​ក្រុង​មេកា​។​បា​រ៉ែ​ន គុយ​វ៉ែត​និង​​អារ៉ាប់​រួម ក៏​គាំទ្រ​កិច្ចប្រជុំ​នេះ តែ​មិន​ទាន់​បញ្ជាក់​ថា​នឹង​ចូលរួម​ឬ​អត់​ទេ​។​

​របាយការណ៍​ក៏បាន​និយាយថា នាយករដ្ឋមន្ត្រី​ជប៉ុន​បាន​ពិភាក្សា​អំពី​បំណង​ទៅធ្វើ​ទស្សនកិច្ច​អ៊ីរ៉ង់​ជាមួយ​ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​លោក​ច​ន បុលថុន​ណនិងរដ្ឋមន្ត្រី​ការ​​បរទេស​អ៊ីរ៉ង់ លោក ម៉ូ​ហា​ម៉ា​ត ចា​វ៉ាត ហ្សារី​ហ្វ​៕​ដោយ​៖​វាសនា​

ត្រាំ បាននិយាយកាលពីថ្ងៃចន្ទថា លោកគាំទ្រកិច្ចខិតខំរបស់នាយករដ្ឋមន្រ្តីជប៉ុនដើម្បីបើកការទាក់ទងជាមួយអ៊ីរ៉ង់ ដោយសារជប៉ុនមានទំនាក់ទំនងល្អជាមួយសត្រូវរបស់អាមេរិកនៅមជ្ឈិមបូព៌ាមួយនេះ