ត្រាំ​៖ ចិន​ត្រូវការ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ ដោយសារតែ​សេដ្ឋកិច្ច​របស់​ខ្លួន​កំពុង​រងគ្រោះ​

631
ចែករម្លែក

​ប្រធានាធិបតី​ចូលចិត្ត​គំរាមកំហែង​របស់​អាម៉េរិក ​លោក ដូ​ណា​ល់ ត្រាំ កាលពី​ថ្ងៃ​ពុធ​ទី​២៦​មិថុនា​ បាន​ព្រមាន​ចិន​អំពី​សង្គ្រាម​ពាណិជ្ជកម្ម​កាន់តែ​ផុង​ជ្រៅ​ឡើង​មួយ​នៅពេល​លោក​​ត្រៀម​ចេញដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​G20​ដែល​នៅ​ទីនោះ លោក​ត្រូវ​រំពឹងថា​នឹង​ជួបប្រជុំ​ជាមួយ​សម​ភាគី​ចិន​នៅ​ក្រៅ​ជំនួប​កំពូល​នេះ ដើម្បី​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​។​​លោក​ព្រមាន​ថា ទំនិញ​នាំចូល​របស់​ចិន​ដែល​នៅ​សេសសល់​ទាំង​អម្បាលម៉ាន​នឹងរង​ការ​វាយ​ពន្ធ​។​

​ក្នុងពេល​ជាមួយគ្នា បណ្តា​ទីផ្សារ​ពិភពលោក​កំពុង​សម្លឹង​ទៅរក​ជំនួប​នា​ថ្ងៃ​សៅរ៍​នេះ រវាង​ប្រមុខ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំង​ពីរ​។​

​ក្នុង​កិច្ចសម្ភាសន៍​មួយ​ក្នុង​កម្មវិធី​Fox Business News នៅ​ប៉ុន្មាន​ម៉ោង​មុន​លោក​ចេញដំណើរ​ទៅ​កាន់​ទីក្រុង​អូ​សា​កា ប្រទេស​ជប៉ុន លោក​ត្រាំ​បាន​និយាយថា​«​សេដ្ឋកិច្ច​ចិន​​កំពុង​ដាំ​ក្បាល​ចុះ ពួក​គេ​ចង់បាន​កិច្ចព្រមព្រៀង​មួយ​»​។​

​សូមបញ្ជាក់​ថា រដ្ឋការ​របស់​ត្រាំ​បាន​វាយ​ពន្ធ​រួចហើយ​លើ​ទំនិញ​នាំចូល​ពី​ចិន​តម្លៃ​២០០​ពាន់​លាន​ដុល្លារ​ដើម្បី​បង្ខំ​ឲ្យ​ចិន​ការពារ​កម្មសិទ្ធិបញ្ញា​និង​កំណែ​ទម្រង់​ផ្សេងៗ​នៅ​​ក្នុង​ប្រព័ន្ធ​ធ្វើ​ជំនួញ​របស់ខ្លួន ដែល​អាម៉េរិក​និយាយថា ចិន​មាន​ប្រៀប​បែប​មិន​យុត្តិធម៌​ដ៏​ធំធេង​។​

​កាលពី​ថ្ងៃ​ពុធ​ទី​២៦​មិថុនា ប្រធានាធិបតី​អាម៉េរិក​បានបញ្ជាក់​ថា លោក​ត្រៀម​ខ្លួន​វាយ​ពន្ធ​លើ​មុខ​ទំនិញ​ចិន​ដែន​នៅ​សេសសល់ ដែល​មាន​តម្លៃជាង​៣០០​ពាន់​លាន​ដុល្លារ​។​

​បើ​តាម​លោក​ត្រាំ «​ចិន​ឥឡូវ​កំពុង​រង​ការឈឺចាប់​ហើយ​។​អ្វី​កំពុង​កើត​ឡើង​គឺ គេ​នាំគ្នា​ចាកចេញ​ពី​ចិន​។​បណ្តា​ក្រុមហ៊ុន​កំពុង​រើ​ចេញ​ពី​ចិន ហើយ​ខ្លះ​ក៏​វិល​មក​អាម៉េរិក​វិញ​ដោយ​​សារ​ពួកគេ​មិន​ចង់​បង់ពន្ធ​»​។​

​ក្នុង​កិច្ចសម្ភាសន៍ ប្រធានាធិបតី​អាម៉េរិក​រូបនេះ​ក៏​បាន​វាយប្រហារ​រិះគន់​ដៃគូ​ជិតស្និទ្ធវៀតណាម អាល្លឺម៉ង់​និង​ជប៉ុន អំពី​ការប្រតិបត្តិ​ជំនួញ​មិន​យុត្តិធម៌​លើ​អាម៉េរិក​និង​ការ​ចំ​​ណាយ​យោធា​។​លោក​ថា ​វៀតណាម​កាន់តែ​អាក្រក់​ជាង​ចិន បើ​និយាយ​អំពី​ការប្រតិបត្តិ​ជំនួញ​មិន​យត្តិ​ធម៌​។​វៀតណាម​ជា​«​អ្នករំលោភ​អាក្រក់​ជាងគេ​តែមួយគត់​»​។​

​ទោះជា​យ៉ាងណា រដ្ឋមន្ត្រី​រតនាគា​រ​អាម៉េរិកលោក​ស្ទេ​វិន ម្នូ​ជីន បាន​ប្រាប់​សារព័ត៌មាន​CNBC ថា​ ភាគី​ទាំងពីរ​បាន​ជិត​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ គឺ​បាន​ព្រម​​ព្រៀង​គ្នា​៩០​ភាគរយ​ហើយ​មុន​កិច្ច​ពិភាក្សា​បាន​បរាជ័យ​កាលពី​ខែ​ឧសភា​។​លោក​ទន្ទឹង​រង់ចាំ​ជំ​នួប​ត្រាំ​-​ស៊ី នៅ​ថ្ងៃ​សៅរ៍​នេះ​ តែ​បាន​ព្រមាន​ថា​«​នឹង​មិន​មាន​កិច្ចព្រមព្រៀង​ដើម្បី​​តែ​កិច្ចព្រមព្រៀង​ទេ​»៕ដោយ៖វាសនា/sn/Ha

ត្រាំ​៖​អ្នក​នៅ​សល់​ទំនិញ​តំលៃ​៣២៥​ពាន់​លាន​ទៀត​ដែល​ខ្ញុំ​នៅ​មិន​ទាន់​យក​ពន្ធ​នៅឡើយ​។​វា​ជិត​ដល់​ពេល​ត្រូវ​យកពន្ធ​ហើយ​