ត្រាំ​៖ អាម៉េរិក​អាច​ឈ្នះ​សង្គ្រាម​នៅ​អា​ហ្វ​ហ្គានី​ស្ថាន​ដោយ​ប្រើ​ពេល​តែ​១០​ថ្ងៃ តែ​លោក​មិន​ចង់​សម្លាប់​មនុស្ស​១០​លាន​នាក់​ទេ​

746
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក លោក ដូ​ណា​ល់ ត្រាំ បាន​ប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​២២​កក្កដា​ថា​លោក​អាច​បញ្ចប់​សង្គ្រាម​ជិត​២​រ​ទសវត្សរ៍​នៅ​អា​ហ្វ​ហ្គានី​ស្ថានក្នុង​រយៈពេល​តែ​ប៉ុន្មាន​​ថ្ងៃបុណ្ណោះ​ប៉ុន្តែ ថា​វា​នឹង​សម្លាប់​មនុស្ស​រាប់លាន​នាក់ ហើយ​ធ្វើឱ្យ​ប្រទេស​នេះ​រលាយបាត់​ពី​ផែនដី​។​

​ប្រធានាធិបតី​អា​មេ​រិនេះ បាន​ធ្វើ​សេចក្តីថ្លែងការណ៍​បែបនេះ​នៅ​ឯ​សេត​វិមាន នៅពេល​លោក​បាន​សរសើរ​នាយក​រដ្ឋមន្ត្រី​ប៉ា​គី​ស្ថាន​លោក អ៊ី​ម​រ៉ា​ន់ ខាន់​និង​ស្វែងរក​ការ​​ជួយ​របស់​លោក​ក្នុង​ការចរចា​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ប្រទេស​អា​ហ្វ​ហ្គានី​ស្ថានដែល​ជា​ប្រទេស​ជិត​ខាង​គ្នា​នេះ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅ​សេត​វិមាន​ថា​” ខ្ញុំ​អាច​ឈ្នះ​សង្គ្រាម​នោះ​ក្នុង​មួយ​សប្តាហ៍ ខ្ញុំ​មិន​ចង់​សម្លាប់​មនុស្ស​១០​លាន​នាក់​ទេ​។ ប្រសិនបើ​​ខ្ញុំ​ចង់​ឈ្នះ​សង្គ្រាម​នោះ អា​ហ្វ​ហ្គានី​ស្ថាន​នឹង​ត្រូវ​បាន​រលាយ​បាត់​ពី​ផែនដី ហើយ​វា​នឹង​ត្រូវ​ចប់​រយៈពេល ១០​ថ្ងៃ​ប៉ុណ្ណោះ ” ។​

​ការផ្តល់​ភាពកក់ក្តៅ​ដល់ លោក អ៊ី​ម​រ៉ា​ន់ ខាន់ គឺជា​ការផ្លាស់ប្តូរ​ឥរិយាបទ​និង​ជា​ឱកាស​សម្រាប់​លោក ដូ​ណា​ល់ ត្រាំ​ដែលជា​អ្នក​រិះគន់​ខ្លាំង​លើ​ប៉ា​គី​ស្ថាន ហើយ​ឥឡូវនេះ​សង្ឃឹម​​ថា​រដ្ឋាភិបាល​របស់ លោក អ៊ី​ម​រ៉ា​ន់ ខាន់ នឹង​ប្រើ​ឥទ្ធិពល​របស់​ខ្លួន ជាមួយ​ក្រុម​តា​លី​បង់​ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​សន្តិភាព និង​ជួយ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ដកខ្លួន​ចេញ​​ពី​សង្គ្រាម​នេះ​។​

​សង្គ្រាម​នេះ​បានចាប់ផ្តើម​នៅពេល​ដែល​សហរដ្ឋ​អាម៉េរិក​បាន​ចូល​ប្រទេស​នេះ​បន្ទាប់​ពី​មាន​ការវាយប្រហារ​ថ្ងៃទី​១១ ខែ​កញ្ញា​ឆ្នាំ​២០០១ របស់ អូ​សា​ម៉ា ប៊ី​ន​ឡាដិន មេដឹកនាំ​ក្រុម​​អាល់​កៃ​ដា និង​អ្នកគាំទ្រ​តា​លី​បង់​របស់​ខ្លួន​នៅ​អា​ហ្វ​ហ្គានី​ស្ថាន ។ ដោយ​អង្គុយ​ជិត​លោក អ៊ី​ម​រ៉ា​ន់ ខាន់ លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា ” លោក​ចង់​បាន​ដំណោះស្រាយ​​ដោយ​សន្តិវិធី​។ ដូច្នេះ​យើង​កំពុង​ធ្វើការ​ជាមួយ​ប៉ា​គី​ស្ថាន​និង​ប្រទេស​ផ្សេងៗ​ទៀត​ដើម្បី​អាច​បញ្ចប់​សង្គ្រាម​នេះ​៕ដោយ៖សុខា/sn

លោក ដូ​ណា​ល់ ត្រាំ ជួប​ជាមួយ លោក អ៊ី​ម​រ៉ា​ន់ ខាន់ នៅ​សេត​វិមាន​កាលពី​ថ្ងៃ​ចន្ទ​