ត្រាំ បញ្ជា​អោយ​វាយប្រហារ​អ៊ីរ៉ង់​នៅ​ព្រឹក​ថ្ងៃ​សុក្រ តែ​ដក​ការ​សម្រច​ចិត្តវិញ​នៅ​នាទីចុងក្រោយ​

905
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក បាន​យល់ព្រម​អោយ​វាយប្រហារ​យោធា​ប្រឆាំង​អ៊ីរ៉ង់​នៅ​ថ្ងៃ​សុក្រ​នេះ​(​ថ្ងៃទី​២១​ខែមិថុនា​) ដើម្បី​សងសឹក​ចំពោះ​ការបាញ់​ទម្លាក់​យន្តហោះ​ឌ្រូ​ន​ស៊ើប​ការណ៍​​អាម៉េរិក​មួយ​ដែល​មាន​តម្លៃ​ដល់​ទៅ​១៣០​លាន​ដុល្លារ​កាលពី​ថ្ងៃ​២០​មិថុនា ប៉ុន្តែ​បាន​ដក​ការសម្រេចចិត្ត​មក​វិញ​នៅ​ប៉ុន្មាន​នាទី​ចុង​ក្រោយ​,​នេះ​បើ​តាម​ការផ្សាយ​របស់​កា​សែ​ត​New York Times ។​

ចម្លើយតបរបស់ត្រាំអំពីការបាញ់ទម្លាក់យន្តហោះដ្រូន កំពុងធ្វើអោយមេៗទ័ពអាម៉េរិកច្របូកច្របល់

​កាសែត​នេះ ដែល​បាន​ដកស្រង់​សម្តី​ក្រុម​មន្ត្រីជាន់ខ្ពស់​អាម៉េរិក​ដែល​បាន​ចូលរួម​ប្រជុំ​អំពី​ផែនការ​វាយប្រហារ​នេះ បាន​និយាយថា លោក ដូ​ណា​ល់ ត្រាំ បាន​យល់ព្រម​ពីដំបូង​​ឱ្យមាន​ការវាយប្រហារ​ទៅ​លើ​ទីតាំង​មួយចំនួន​របស់​អ៊ីរ៉ង់ ដែល​រួម​ទាំង​ការវាយប្រហារ​លើ​ប្រព័ទ្ធ​រ៉ា​ដា និង​ប្រព័ន្ធ​មី​ស៊ី​ល​។​

​កាសែត​នេះ​បន្ថែមថា ការវាយប្រហារ​នេះ​បានកំណត់​ចាប់ផ្តើម​នៅ​មុន​ថ្ងៃ​រះ​នៅ​ថ្ងៃ​សុក្រ​នេះ ដើម្បី​កាត់បន្ថយ​ហានិភ័យ​ពី​ការវាយប្រហារ​ពី​កងទ័ព​អ៊ីរ៉ង់​និង​ហានិភ័យ​លើ​ជន​ស៊ីវិល​។​

​កាសែត​ដដែល​នេះ​ដែល​ស្រង់​សម្តី​របស់​មន្ត្រី​ជាន់ខ្ពស់​ម្នាក់ បាន​និយាយថា​យន្តហោះ​ជាច្រើន​បាន​ហោះ​ឡើង​ទៅ​លើ​មេឃ ហើយ​នាវា​ជាច្រើន​គ្រឿង​បាន​ស្ថិតនៅ​ទីតាំង​ត្រៀម​​ជាស្រេច ដោយ​រង់ចាំ​តែ​បញ្ជា​ចាប់ផ្តើម​វាយប្រហារ​ប៉ុណ្ណោះ ប៉ុន្តែ​មិន​មាន​មី​ស៊ី​ល​មួយ​គ្រាប់​ណា​ត្រូវ​បាន​បាញ់​នោះទេ នៅពេល​ដែល​បទបញ្ជា​វាយប្រហារ​នោះ បាន​លុបចោល​​វិញ​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃ​២១​មិថុនា​បាន​ហាមប្រាម​មិនអោយ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​អាម៉េរិក​អនុញ្ញាត​អោយ​យន្តហោះ​របស់​ខ្លួន​ហោះ​លើ​តំបន់​ដែល​អ៊ីរ៉ង់​បាន​បាញ់​ទម្លាក់ដ្រូន​អាម៉េរិក គឺ​ក្នុង​តំបន់​ឈូង​សមុទ្រ​អូ​ម៉ង់​និង​ឈូងសមុទ្រ​ពែ​ក្ស​។​

​ចំណែក​អ៊ីរ៉ង់​ទោះជា​អាម៉េរិក​ដក​ការវាយប្រហារ​សងសឹក​ក៏​នៅ​ថ្ងៃ​សុក្រ​នេះ​នៅតែ​និយាយ​ថា ខ្លួន​មាន​ភស្តុតាង​មិនអាច​ប្រកែក​បាន ដែល​ថា​ដ្រូ​ន​អាម៉េរិក​ដែល​ត្រូវបាន​បាញ់​​ទម្លាក់​នោះ បាន​រំលោភ​ដែនអាកាស​របស់ខ្លួន ហើយ​អំពាវនាវ​អោយ​កងកម្លាំង​អាម៉េរិក​គោរព​ដែនអាកាស​និង​ដែនទឹក​អ៊ីរ៉ង់ ព្រម​ទាំង​ច្បាប់​អន្តរជាតិ​។​

​អនុ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ បាន​និយាយថា «​អ៊ីរ៉ង់​មិន​ស្វែង​ធ្វើសង្គ្រាម​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​ទេ តែ​បាន​ព្រមាន​កងកម្លាំង​អាម៉េរិក​កុំ​អោយ​ចាត់វិធានការ​គ្មាន​ការពិចារណា​ណា​​អោយសោះ​។​សាធារណរដ្ឋ​អ៊ីស្លាម​របស់​អ៊ីរ៉ង់ នឹង​មិន​រួញរា​ក្នុង​ការការពារ​ទឹកដី​របស់​ខ្លួន​ទល់នឹង​ការឈ្លានពាន​ណាមួយ​ឡើយ​»៕​ដោយ​៖​សុខា​/​វាសនា​