ត្រាំ លើកឡើង​អំពី ” ឱនភាព​ពាណិជ្ជកម្ម​ដ៏​ធំ “​ជាមួយ​ជប៉ុន​ក្នុង​អំឡុងពេល​ទស្សនកិច្ច​របស់ នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អាបេ​

924
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៨​មេសា ក្នុងអំឡុង​ជំនួប​ពិភាក្សា​លើ​ក​ទី​២​ជាមួយ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ ថា លោក ចង់​ឃើញ​ពាណិជ្ជកម្ម​ដោយ សេរី និង​ត្រឹមត្រូវ​ទៅវិញទៅមក រវាង​ប្រទេស​ទាំង​២​និង កាត់បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​។

​លោក ដូ​ណា​ល់ ត្រាំ បាន​និយាយថា ” យើង​មាន​ឱនភាព​ធំ​ណាស់ ហើយ​យើង​នឹង​ធ្វើឱ្យ​វា​ធ្លាក់ចុះ ហើយ​សង្ឃឹមថា​នឹង​មាន​តុល្យភាព​ពាណិជ្ជកម្ម​លើ​ចំណុច​មួយចំនួន នៅពេល​អនាគត​”​។

​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បាន​ឱ្យដឹងថា​ឱនភាព​ពាណិជ្ជកម្ម​អាមេរិក​ជាមួយ​ប្រទេស​ជប៉ុន​កាលពី​ឆ្នាំមុន គឺ មាន​ចំនួន​៥៦,១ ពាន់​លាន​ដុល្លារ​។​

​ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​របស់លោក ស៊ីន​ហ្សូ អាបេ លោក ដូ​ណា​ល់ ត្រាំ ហាក់ដូចជា​កំពុង​ស្វែងរក​ការធានា​ដល់ លោក ស៊ីន​ហ្សូ អាបេ​ ចំពោះ​សម្ព័ន្ធភាព​ជិតស្និទ្ធ​របស់​អ្នក​ទាំង​២​នៅពេល​ដែល​ប្រធានាធិបតី​អាមេរិក​នេះ ត្រៀម​ខ្លួន​សម្រាប់​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​កូរ៉េ​ខាង​​ជើង លោក គីម​ជុង​អ៊ុន​។ លោក ដូ​ណា​ល់ ត្រាំ និង លោក ស៊ីន​ហ្សូ បាន​ចំណាយ​ពេល​លេង​កីឡា​វាយកូនគោល​កាលពី​ថ្ងៃ​ពុធ នៅក្នុង​ការបង្ហាញ​ចុងក្រោយ​បំផុត​នៃ​​អ្វី​ដែល​ហៅថា ” កីឡា​វាយកូនគោល​ការទូត​” ។​

​កាលពី​ថ្ងៃ​អង្គារ ក្រុមមន្ត្រី​អាមេរិក​បាន​និយាយ ថា លោក ដូ​ណា​ល់ ត្រាំ អាច​បើកចំហ​ដល់​ប្រទេស​ជប៉ុន​ដោយ​លើកលែង​ពន្ធ​ពី​ការបង់ពន្ធ​ថ្មី​លើ​ដែកថែប​និង​អា​លុយ​​មី​ញ៉ូម ដែល កាលពី​ពេលមុន​នេះ លោក ស៊ីន​ហ្សូ អាបេ បាន​ជំទាស់​នោះ ៕ដោយ៖សុខា/sn

​ដូ​ណា​ល់ ត្រាំ (​រូប​ស្តាំ​) និយាយ​ទៅកាន់​អ្នកសារព័ត៌មាន​ក្នុងពេល​ពិសា​អាហារ​ថ្ងៃត្រង់​ការងារ​ជាមួយ ស៊ីន​ហ្សូ អាបេ នៅ​ក្លិប​Mar-a-Lago របស់​លោក​ដូណាល់ ត្រាំ នៅ​រដ្ឋ​Florida​កាលពី​ថ្ងៃ​ពុធ​