ត្រាំ អះអាង​ថា​សិង្ហ​បុរី​និង​វិមាន​សន្តិភាព​នៅ​ព្រំដែន​កូរ៉េ អាច​ជា​ទីតាំង​សំរាប់​ជំនួប​កំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​

1496
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក​ដូណាល់ ត្រាំ បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣០​មេសា​ថា តំបន់​គ្មាន​កងទ័ព​(DMZ)​រវាង​កូរ៉េ​ទាំង​២ នឹង​ជា​ទីតាំង​ល្អ​ប្រសើរ​មួយ​សំរាប់​ជំនួប​​កំពូល​របស់​លោក​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន តែ​ប្រទេស​សិង្ហ​បុរី ក៏​អាច​ជា​ទីតាំង​មួយ​ផង​ដែរ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ជាមួយ​ប្រធានាធិបតី នី​ហ្សេ​រី​យ៉ា លោក​ត្រាំ​បាន​និយាយថា វិមាន​សន្តិភាព​នៅ​DMZ កន្លែង​ដែល​គីម និង​សម​ភាគី​កូរ៉េខាងត្បូង មូន ជែ​អ៊ិន​​ជួប​គ្នា​កាលពី​សប្តាហ៍​មុន​នោះ ទំនង​ជា​កន្លែង​ជំនួប​លើកដំបូង​រវាង​មេដឹកនាំ​អាមេរិក​និង​កូរ៉េខាងជើង​។​

​តែ​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​មួយរូប​បាន​និយាយថា សិង្ហ​បុរី​ក៏​ស្ថិត​ក្នុង​បញ្ជី​ទីតាំង​អាច​យក​ធ្វើជា​កន្លែង​ជួបប្រជុំ​នេះ​។​ថ្ងៃខែ​នៃ​ជំនួប​នេះ​នៅ​មិនទាន់​ត្រូវបាន​កំណត់​នៅ​ឡើយ​​ទេ តែ​លោក​ត្រាំ​ចង់បាន ចុងខែ​ឧសភា​ឬ ដើមខែ​មិថុនា​។​

​លោក​ត្រាំ​បាន​និយាយថា​” យើង​សម្លឹង​រក​ប្រទេស​ជាច្រើន រួម​មាន​សិង្ហ​បុរី ហើយ​យើង​ក៏​និយាយ​អំពី​វិមាន​សន្តិភាព​នៅ​DMZ “​។​វិមាន​នេះ​តំណាង​តំលៃ​និមិត្តរូប​ដោយ​​សារ​មិន​អាច​ធ្វើ​ជំ​នួន​កំពូល​នៅក្នុង​ប្រទេស​ទី​៣​ណាមួយ​។​

​សូមបញ្ជាក់​ថា​ ​ប្រធានាធិបតី​អាមេរិក​បាន​ឆ្លៀត​ទៅ​ទស្សនា​តំបន់​DMZ កាលពី​ខែ​វិច្ឆិកា ក្នុងអំឡុង​ដំណើរ​ទៅ​កាន់​ទីក្រុង​សេ​អ៊ូ​ល​តែ​ការចុះ​អ័ព្ទ​ក្រាស់​ពេក​បាន​បង្ខំ​អោយ​​ឧទ្ធម្ភាគចក្រ​របស់លោក​វិល​មក​ក្រោយ​វិញ​។​

​មន្ត្រី​អាមេរិក​ខ្លះ​និយាយ​ជា​លក្ខណៈ​ផ្ទាល់ខ្លួន​ថា ការធ្វើ​ជំនួប​កំពូល​នៅ​DMZ ក្នុង​ទឹកដី​កូរ៉េ​វា​ហាក់​បង្ហាញថា លោក​ត្រាំ​ធ្វើដំណើរ​ទៅរ​កលោក​គីម ជា​ជាង​អ្នក​ទាំង​២​ជួប​​គ្នា​នៅ​ទឹកដី​អព្យាក្រិត​ណាមួយ​។​

​ទោះជា​យ៉ាងណា ប្រភព​មួយ​បាន​ប្រាប់​សារព័ត៌មាន​CNN​ថា អាចមាន​លទ្ធភាព​ខ្លាំង​ណាស់​ថា ជំនួប​កំពូល​នោះ​ធ្វើ​នៅ​ភូមិ​ផ្អាក​សង្គ្រាម​ជាប់​ព្រំដែន ប៉ាន​មុន​ចម​ដោយ​សារ​ទីតាំង​នេះ​មាន​ឧបករណ៍​និង​កន្លែង​សារព័ត៌មាន​ស្រាប់ រីឯ​ការធ្វើដំណើរ​ឆ្ងាយៗ​របស់​លោក​គីម ក៏​ជា​បញ្ហា​។​

​ប្រភព​ព័ត៌មាន​បាន​អោយ​ដឹង​ទៀត​ថា លោក​ត្រាំ​បាន​ពេញចិត្ត​នឹង​រូបភាព​ជំនួប​កំពូល​រវាង​មេដឹកនាំ​កូរ៉េ​ទាំង​២​កាលពី​ថ្ងៃ​២៧​មេសា ហើយក៏​បាន​លើកឡើង​អំពី​លទ្ធភាព​​ជួប​លោក​គីម នៅ​តំបន់​DMZ៕​ដោយ​៖​វាសនា

​វិមាន​សន្តិភាព​នៅក្នុង​ភូមិ​ប៉ានមូ​ន​ចម ជាទី​តាំង​ជំនួប​កំពូល​រវាង​មេដឹកនាំ​កូរ៉េ​ទាំង​ពីរ​កាលពី​ថ្ងៃ​២៧​មេសា

​អព្យាក្រិតភាព ប្រសិទ្ធភាព​និង​សណ្តាប់ធ្នាប់​សាធារណៈ​កំរិត​ខ្ពស់​ធ្វើ​អោយ​សិង្ហ​បុរី​ជាទី​តាំង​ល្អ​មួយ​សម្រាប់​ជំនួប​កំពូល​