ត្រាំ ៖ ការ​ឈ្នះឆ្នោត​របស់​ណេ​តាន់​យ៉ា​ហ៊ូ​ផ្តល់ “​ឱកាសល្អ​ប្រសើរ​” ដល់​ផែនការ​សន្តិភាព​របស់​អាមេរិក​

266
ចែករម្លែក
  • 16
    Shares

​ប្រធានាធិបតី​អាមេរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១០​មេសា​ថា ជ័យជម្នះ​នៃ​ការបោះឆ្នោត​របស់​នាយក​រដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​បេន​ចា​មីន ណេ​តាន់​យ៉ា​ហ៊ូ ជំ​រុញឱ្យ​ប្រសើរឡើង​នូវ​ឱកាស​នៃ​ផែនការ​សន្តិភាព​របស់​សហរដ្ឋអាមេរិក​នាពេល​ខាងមុខ បើទោះបីជា​មានការ​សង្ស័យ​យ៉ាង​ជ្រាលជ្រៅ​ពី​ពួក​ប៉ា​ឡេ​ស្ទី​ន​ក្តី​។​

​លោក​ត្រាំ ដែល​បាន​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការ​ឈរឈ្មោះ​ប្រជែង​ការបោះឆ្នោត​របស់​នាយក​រដ្ឋមន្ត្រី​ស្តាំនិយម​រូបនេះ​សម្រាប់​អាណត្តិ​ទី​៥ បាន​និយាយថា លោក​បាន​ទូរស័ព្ទ​ទៅ​លោ​កណេ​តាន់​យ៉ា​ហ៊ូ​ដើម្បី​អបអរសាទរ ខណៈដែល​លទ្ធផល​បានផ្តល់​ឱ្យ​លោក​ណេ​តាន់​យ៉ា​ហ៊ូ​នូវ​សំឡេង​ភាគច្រើន​យ៉ាង​ប្រផុតប្រផើយ​នៅក្នុង​រដ្ឋសភា​។​

​ដោយ​ប្រើ​ឈ្មោះ​ក្រៅ​របស់លោក​ណេ​តាន់​យ៉ា​ហ៊ូ លោក​ត្រាំ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ការពិត​ដែល​ប៊ី​ប៊ី (Bibi) បានឈ្នះ​ឆ្នោត ខ្ញុំ​គិតថា យើង​នឹង​ឃើញ​សកម្ម​ភាពល្អៗ​មួយចំនួន​ទាក់ទង​នឹង​សន្តិភាព​”​។​

​លោក​បាន​បន្ថែមថា “​អ្នក​រាល់គ្នា​បាន​និយាយថា​អ្នក​មិន​អាចមាន​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​ជាមួយ​អ៊ីស្រាអែល​និង​ប៉ា​ឡេ​ស្ទី​ន​បានទេ​។ ខ្ញុំ​គិតថា​យើង​មានឱកាស ហើយ​ខ្ញុំ​គិតថា​ឥឡូវនេះ​យើង​មានឱកាស​កាន់តែ​ល្អប្រសើរ​”​។​

​គូប្រជែង​កណ្តាល​និយម លោក​បេន​នី ហ្គា​ន់ (Benny Gantz) ដែលជា​អតីត​មេបញ្ជាការ​យោធា បានទទួល​ស្គាល់​បរាជ័យ ខណៈដែល​លោក​ណេ​តាន់​យ៉ា​ហ៊ូ បាន​ត្រៀមខ្លួន​បង្កើតរ​ដ្ឋា​ភិ​បាល​ចម្រុះ​ជាមួយ​គណបក្ស​ដែល​ចូលចិត្ត​សង្គ្រាម​និង​គណបក្ស​ប្រកាន់ខ្ជាប់​ខាង​សាសនា ដើម្បី​ក្លាយជា​នាយករដ្ឋមន្ត្រី​ដែល​បម្រើការ​យូរ​បំផុត​របស់​អ៊ីស្រាអែល​។​

​លោក​ត្រាំ​បាន​ស្វាគមន៍​លោ​កណេ​តាន់​យ៉ា​ហ៊ូ​ទៅកាន់​សេត​វិមាន​នៅ​ពីរ​សប្តាហ៍ មុន​ការបោះឆ្នោត​ទៅទៀត ដើម្បី​ផ្តល់ជូន​នូវ​កាយវិការ​គាំទ្រ​ដ៏​សំខាន់បំផុត​របស់គាត់ ពោលគឺ​ការទទួលស្គាល់​របស់​ស​ហ​រដ្ឋ​អាមេរិក​នូវ​អធិបតេយ្យភាព​របស់​អ៊ីស្រាអែល​លើ​តំបន់​ខ្ពង់រាប​ហ្គោ​លែ​ន ដែល​ដណ្តើមបាន​ពី​ប្រទេស​ស៊ី​រី​ក្នុង​ឆ្នាំ ១៩៦៧៕ ដោយ៖ កញ្ញាដាលីស

លោក​ត្រាំ​តេ​ទូរស័ព្ទ​ទៅ​លោ​កណេ​តាន់​យ៉ា​ហ៊ូ​ដើម្បី​អបអរ​ការ​ឈ្នះឆ្នោត​ជា​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​អាណត្តិ​ទី​៥​កាលពី​ថ្ងៃ​ពុធ
#