ត្រាំ ៖ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ខ្នាតតូច​រវាង​អាម៉េរិក​និង​ចិន​កំពុង “​សរសេរ​”

205
ចែករម្លែក

​ប្រធានាធិបតី​អាម៉េរិក​លោក​ដូ​ណា​ល់ ត្រាំ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៦​តុលា​ថា ការចរចា​ពាណិជ្ជកម្ម​មួយផ្នែក​ដែល​បានធ្វើ​កាលពី​សប្តាហ៍​មុន​ជាមួយ​ចិន​ឥឡូវនេះ​កំពុង​ត្រូវបាន​សរសេរ​ជា​លាយលក្ខណ៍អក្សរ​ជា​ផ្លូវការ​។​

​លោក​ត្រាំ​បាន​ប្រាប់​អ្នកយកព័ត៌មាន​នៅឯ​សេត​វិមាន​ថា “​វា​មិនទាន់​សរសេរ​រួច​នៅឡើយ​ទេ ប៉ុន្តែ​វា​កំពុង​ត្រូវបាន​សរសេរ​”​។​

​លោក​បានបញ្ជាក់​ជាថ្មី​ថា ចិន​បាន​ប្តេជ្ញា​ទិញ​ផលិតផល​កសិកម្ម​នាំចេញ​របស់​សហរដ្ឋ​អាម៉េរិក​កាន់តែច្រើន ហើយ​បានធ្វើ​សម្បទាន​ដោយសារតែ​សម្ពាធ​សេដ្ឋកិច្ច​របស់​ទីក្រុង​វ៉ាស៊ីនតោន​។​

​លោក​ត្រាំ​និយាយថា “​ពួកគេ​ចង់​ធ្វើ​កិច្ចព្រមព្រៀង​។ ពួកគេ​ត្រូវតែ​ធ្វើ​កិច្ចព្រមព្រៀង​។ សេដ្ឋកិច្ច​របស់​ពួកគេ​រង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយសារ​អ្វីដែល​យើង​បានធ្វើ​និង​ពន្ធគយ​”​។​

​ទីផ្សារ​នានា​បាន​រើប​ឡើងវិញ​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន នៅពេល​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់ពី​មានការ​កើន​ឡើងជា​លំដាប់​នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ចិន​នាពេល​កន្លងមក​។​

​កាលពី​សប្តាហ៍​មុន​លោក​ត្រាំ​បាន​សាទរ​ចំពោះ​ការឈានទៅរក​កិច្ចព្រមព្រៀង “​ដំណាក់កាល​ទី​១” ដែល​លោក​និយាយថា​មាន​សារៈសំខាន់​និង​រាប់បញ្ចូល​ទាំង​ការកើនឡើង​នៃ​ការទិញ​ផលិតផល​កសិកម្ម​រប​ស់​អាម៉េរិក ហើយក៏​គ្របដណ្តប់​លើ​កម្មសិទ្ធិបញ្ញា សេវាកម្ម​ហិរញ្ញវត្ថុ និង រូបិយវត្ថុ​ផងដែរ​។​

​ទោះយ៉ាងណា មតិយោបល់​របស់​មន្ត្រី​នៅ​ទីក្រុង​ប៉េកាំង​បានធ្វើឱ្យ​មានការ​សង្ស័យ​អំពី​សារៈសំខាន់​នៃ​កិច្ចព្រមព្រៀង​នេះ​។​

​ខណៈ​កិច្ចព្រមព្រៀង​នេះ​មានន័យថា​ពន្ធគយ​ដែល​បាន​គ្រោងទុក​សម្រាប់​សប្តាហ៍​នេះ​នឹងមិន​ដំណើរការ​ទៅមុខ​តាម​ផែនការ​នោះ វា​មិនបាន​ដកចេញ​វិញ​នូវ​ពន្ធគយ​ណាមួយ​ដែល​បាន​វាយ​លើ​ពាណិជ្ជកម្ម​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​រវាង​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច​ទាំងពីរ​នេះ​ទេ​ហើយ​វា​ក៏​មិនបាន​ដោះស្រាយ​ពន្ធ​ជុំ​បន្ទាប់​ដែល​គ្រោង​អនុវត្ត​នៅ​ខែធ្នូ​នោះដែរ​។​

​ព័ត៌មាន​លម្អិត​មាន​តិចតួច ប៉ុន្តែ​លោក​ត្រាំ​និយាយថា​លោក​សង្ឃឹមថានឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ជាមួយ​ប្រធានាធិបតី​ចិន​លោក​ស៊ី ជីន​ពីង​នៅឯ​កិច្ចប្រជុំ​កំពូល APEC នៅ​ប្រទេស​ស៊ី​លី​នៅ​ខែក្រោយ​៕ ដោយ ៖ កញ្ញាដាលីស

លោក​ត្រាំ​ថា​កិច្ចព្រមព្រៀង​ខ្នាតតូច​កំពុង​សរសេរ