ត្រីមាសទីមួយឆ្នាំនេះ ចំណូល​ពី​រមណីយដ្ឋាន​អង្គរបាន​ជិត ៣៦​លាន​ដុល្លារ​

568
ចែករម្លែក
  • 72
    Shares
ត្រីមាសទីមួយឆ្នាំនេះ ចំណូល​ពី​រមណីយដ្ឋាន​អង្គរបាន​ជិត ៣៦​លាន​ដុល្លារ​

ដោយៈ ម៉េង​ឆៃ,គូលែន​/​ភ្នំពេញៈ​ក្នុង​រយៈពេល​ត្រីមាស​ទីមួយ​ដើមឆ្នាំ​២០១៩ មាន​អ្នកទេសចរ​បរទេស ៧៨៧.៩០០ នាក់​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ដោយ​ផ្តល់​ចំណូល​សរុប ៣៥.៩៥២.៨៤០ ដុល្លារ​។ ប៉ុន្តែ​ទាំង​ចំនួន​អ្នកទេសចរ​បរទេស និង​ទាំង​ចំណូល​សរុប ក្នុង​រយៈពេល ៣​ខែ​ដើមឆ្នាំ​នេះ គឺ​ថយចុះ បើ​ធៀប​នឹង ៣​ខែ ដើមឆ្នាំ​២០១៨​។ នេះ​បើតាម​គ្រឹះស្ថាន​អង្គរ​ប្រកាស។​

​គ្រឹះស្ថាន​អង្គរ បានប្រកាសថា ក្នុង​រយៈពេល​បី​ខែ​ដើមឆ្នាំ​នេះ ចំណូល​ពី​រមណីយដ្ឋាន​អង្គរ ត្រូវបាន​បញ្ចូល​ឧបត្ថម្ភ​មូលនិធិ​គន្ធបុប្ផា មាន​ចំនួន​សរុប ១.៥៧៥.៨០០ ដុល្លារ​។​ដោយ​ឡែក សម្រាប់​ខែមីនា ឆ្នាំ​២០១៩ គ្រឹះស្ថាន​អង្គរ បាន​ផ្សព្វផ្សាយ​ថា មាន​អ្នកទេសចរ​បរទេស ចំនួន ២៤៣.៥៩១ នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ដោយបាន​ផ្តល់​ចំណូល​ចំនួន ១០.៨៧៣.៨៤៧ ដុល្លារ​។ ចំនួន​អ្នកទេសចរ នៅ​ខែមីនា ឆ្នាំនេះ បាន​ថយចុះ ៩,២៤​ភាគរយ ធៀប​នឹង​ខែមីនា ឆ្នាំ​២០១៨​។ រីឯ​ចំណូល​នៅ​ខែមីនា ឆ្នាំនេះដែរ បាន​ថយ ១០,៦៤​ភាគរយ​ធៀប​នឹង​ខែមីនា ឆ្នាំ​២០១៨​។​

​យ៉ាងណាក៏ដោយ ក្នុង​ខែមីនា ឆ្នាំ​២០១៩ គ្រឹះស្ថាន​អង្គរ បាន​ដក​ចំណូល​ពី​រមណីយដ្ឋាន​អង្គរ ចំនួន ៤៨៧.១៨២ ដុល្លារ ឧបត្ថម្ភ​ដល់​មូលនិធិ គន្ធបុប្ផា​។​
​របាយការណ៍​ប្រចាំខែ​របស់​គ្រឹះស្ថាន​អង្គរ បង្ហាញថា នៅ​ខែមករា ឆ្នាំ​២០១៩ ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ចំនួន ២៧១.០៥០ នាក់​ថយចុះ ៨,០៦​ភាគរយ​ធៀប​នឹង​ខែមករា ឆ្នាំ​២០១៨​។ រីឯ​ចំណូល​នៅ​ខែមករា ឆ្នាំ​២០១៩ មាន​ចំនួន ១២.៣៨០.៧០៥ ដុល្លារ ថយ ៨,១៥​ភាគរយ ធៀប​នឹង​ខែមករា ឆ្នាំ​២០១៨​។​
​ដោយឡែក នៅ​ខែកុម្ភៈ ឆ្នាំ​២០១៩ គ្រឹះស្ថាន​អង្គរ ក៏បាន​ប្រកាសថា មាន​អ្នកទេសចរ​បរទេស ចំនួន ២៧៣.២៥៩ នាក់ បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ថយចុះ ៧,៤៩​ភាគរយ​ធៀប​នឹង​កុម្ភៈ​ឆ្នាំ​២០១៨​។​រីឯ​ចំណូល​នៅ​ខែកុម្ភៈ​ឆ្នាំនេះ​មាន​ចំនួន ១២.៦៩៨.២៨៨ ដុល្លារ ថយចុះ ៩,៣៦​ភាគរយ​ធៀប​នឹង​កុម្ភៈ ឆ្នាំ​២០១៨​។​
​កាលពី​ឆ្នាំ​២០១៨ គ្រឹះស្ថាន​អង្គរ បានប្រកាសថា ចំនួន​ភ្ញៀវទេសចរ​បរទេស ដែល​បាន​ទិញ​ប័ណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ចំនួន​សរុប ២.៥៩០.៨១៥ នាក់ កើន ៥,៤៥​ភាគរយ ធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៧ និង​ទទួលបាន​ចំណូល​សរុប ១១៦.៦៤៦.៦៨៥ ដុល្លារ ធៀប​រយៈពេល​ដូចគ្នា ក្នុង​ឆ្នាំ​២០១៧ គឺ​កើន ៨,០៣​ភាគរយ​៕សរន