ត្រឹម​ថ្ងៃទី​៥ កក្កដា​: គណបក្សនយោបាយ​ចំនួន​ប្រាំបួន​ជូនដំណឹង​ពី​ការឃោសនា​របស់ខ្លួន​ទៅ PEC

1382
ចែករម្លែក
រូបភាពស្ដីពីការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា នាពេលកន្លងមក (រូបឯកសារ)

ដោយ: មុនីរ័ត្ន / ភ្នំពេញ: គិត​ត្រឹម​ថ្ងៃទី​០៥ ខែកក្កដា ឆ្នាំ​២០១៨ មាន​គណបក្សនយោបាយ​ចំនួន​ប្រាំបួន បាន​ជូនដំណឹង​ពី​ការឃោសនាបោះឆ្នោត​របស់​ខ្លួន ទៅកាន់​គណៈកម្មាការ​រៀប​ចំការ​បោះឆ្នោត​រាជធានី​ភ្នំពេញ (PEC)​។ ក្នុងចំណោម​គណបក្ស​ទាំង​ប្រាំបួន គឺមាន​គណបក្ស​ចំនួន​៥ នឹងធ្វើ​ការហែក្បួន​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃទី​០៧ ខែកក្កដា​ដែលជា​ថ្ងៃ​បើកឆាក​ដំបូង​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦​។ ដោយ​ក្នុងនោះ​មាន​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ គឺ​ធ្វើ​ការឃោសនា​ក្នុង​ទ្រង់ទ្រាយ​ធំ​ជាង​គណបក្សនយោបាយ​ផ្សេងៗ​។​

​គណបក្សនយោបាយ​ចំនួន​៥ ដែល​ហែ​ក្បួន​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃទី​០៧ ខែកក្កដា មានដូចជាៈ ១.​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ចាប់ផ្ដើម​ឃោសនាបោះឆ្នោត នៅ​ថ្ងៃទី​៧ ខែកក្កដា នៅ​កោះ​ពេជ្រ និង​តាម​បណ្ដា​ខណ្ឌ​ទាំង​១២ នៃ​រាជធានី​ភ្នំពេញ ដោយមាន​អ្នកចូលរួម ៦​ម៉ឺន​នាក់​។ នៅក្នុង​ក្បួន​ឃោសនា​នេះ គណបក្ស​ប្រជាជន​កម្ពុជា នឹង​ប្រើប្រាស់​រថយន្ត ១៧២០​គ្រឿង ម៉ូតូ ១៤៤០០​គ្រឿង​។ ២.​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ក៏​នឹង​ចាប់ផ្ដើម​ឃោសនា នៅ​ថ្ងៃទី​០៧ ខែកក្កដា​ដែរ ដោយ​ជួបជុំ​ហែ​ក្បួន​ចេញពី​ផ្លូវ​៦០​ម៉ែត្រ ទៅ​បញ្ចប់​នៅ​ផ្លូវ​ព្រះស៊ីសុវត្ថិ (​មាត់ទន្លេ​) ដោយមាន​អ្នកចូលរួម ១៥០០០​នាក់ នឹង​ប្រើ​រថយន្ត​តូចធំ ចំនួន​៣០០​គ្រឿង ម៉ូតូ​កង់​បី ចំនួន ៥០០​គ្រឿង និង​ម៉ូតូ ៤០០០​គ្រឿង​។ ៣.​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ហែ​ក្បួន​នៅ​ថ្ងៃទី​៧ ខែកក្កដា ចេញពី​ទីស្នាក់ការ​គណបក្ស​នៅ​ជ្រោយចង្វារ មាន​អ្នកចូលរួម​២០០០​នាក់ ប្រើ​រថយន្ត​តូច ៤០​គ្រឿង រថយន្ត​កូរ៉េ ៨០​គ្រឿង ម៉ូតូ​កង់​បី ៣០០​គ្រឿង និង​ម៉ូតូ​៥០០​គ្រឿង​។ ហើយ​បញ្ចប់​នៅ​ផ្លូវ​ហាណូយ និង​សម្រាក​ទទួលទាន​អាហារ​ថ្ងៃត្រង់​នៅ​ផ្លូវ ៦០​ម៉ែត្រ​។ ៤.​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ហែ​ក្បួន​ឃោសនា​នៅ​ថ្ងៃទី​០៧ ខែកក្កដា ចេញពីផ្ទះ​លោក​ញឹក ប៊ុនឆៃ នៅ​ជ្រោយចង្វារ ឈប់សម្រាក​អាហារ​ថ្ងៃត្រង់​នៅ​ជើងឯក​។ ហើយ​បញ្ចប់​នៅ​ទីស្នាក់ការ​គណបក្ស​នៅ​ជ្រោយចង្វារ​។ ៥.​គណបក្ស​ឆន្ទៈ​ខ្មែរ ហែរ​ក្បួន​ឃោសនា​នៅ​ថ្ងៃទី​០៧ ខែកក្កដា ចេញពី​ទីស្នាក់ការ​កណ្តាល​នៅ​ជិត​ស្ថានទូត​រុស្ស៊ី សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន មាន​អ្នកចូលរួម​ចំនួន ៣០០​នាក់ រថយន្ត​ចំនួន ២០​គ្រឿង និង​ម៉ូតូ​២០០​គ្រឿង​។ ហើយ​បញ្ចប់​នៅ​ស្នាក់ការ​គណបក្ស​។

​ចំណែក​គណបក្សនយោបាយ​ចំនួន​៥​ផ្សេងទៀត ហែ​ក្បួន​ឃោសនាបោះឆ្នោត​នៅ​ថ្ងៃ​ផ្សេងៗ​គ្នា ក្នុងនោះ​រួមមានៈ ១.​គណបក្ស​យុវជន​កម្ពុជា ហែ​ក្បួន​ឃោសនា​នៅ​ថ្ងៃទី​០៨ ខែកក្កដា និង​ថ្ងៃទី​២២ ខែកក្កដា ហែ​ចេញពី​ទីស្នាក់ការ​គណបក្ស និង​បញ្ចប់​នៅ​ទីស្នាក់ការ​គណបក្ស​។ ការហែក្បួន​នេះ​មាន​អ្នកចូលរួម​១៥០​នាក់ ប្រើប្រាស់​រថយន្ត ២​គ្រឿង ម៉ូតូ​កង់​បី ២​គ្រឿង និង​ម៉ូតូ ៥០​គ្រឿង​។ ២.​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហែ​ក្បួន​ឃោសនា​នៅ​ថ្ងៃទី​១០ ខែកក្កដា ចេញពី​ទីស្នាក់ការ​គណបក្ស​នៅ​ខណ្ឌ​សែន​សុខ បញ្ចប់​នៅ​វត្ត​ចាស់ ជ្រោយចង្វារ​។ ក្បួន​ហែ​ឃោសនា​នេះ មាន​អ្នកចូលរួម ១០០០​នាក់ ប្រើ​រថយន្ត ១០០​គ្រឿង ម៉ូតូ​កង់​បី ១០០​គ្រឿង និង​ម៉ូតូ ៥០០​គ្រឿង​។ ៣.​គណបក្ស​ខ្មែរ​តែមួយ ហែរ​ក្បួន​ចេញពី​ស្នាក់ការ​គណបក្ស​នៅ​សង្កាត់​ច្រាំង​ចំរេះ​២ ខណ្ឌឫស្សីកែវ មាន​អ្នក​ចូក​រួម​ចំនួន ១០០​នាក់ រថយន្ត​ចំនួន ០២​គ្រឿង ម៉ូតូ​កង់​បី​ចំនួន ៣​គ្រឿង និង​ម៉ូត​តូ​៤០​គ្រឿង​។ បញ្ចប់​នៅ​សាលាខណ្ឌ​ព្រែក​ព្នៅ​។ ៤.​គណបក្ស​ធម្មាធិបតេយ្យ ហែ​ក្បួន​២​ផ្សេងគ្នា នៅ​ថ្ងៃទី​១៥ ខែកក្កដា ដោយ​ចេញពី​ទីស្នាក់ការ​គណបក្ស​ដូចគ្នា តែ​ក្បួន​១ បញ្ចប់​នៅ​ម្ដុំ​កំពង់ផែ​ភ្នំពេញ និង​ក្បួន​១​ទៀត បញ្ចប់​នៅ​ជ្រោយចង្វារ​។ ក្បួន​ឃោសនា​នីមួយៗ មាន​អ្នកចូលរួម ១៦៨​នាក់ ប្រើ​រថយន្ត ១០​គ្រឿង ម៉ូតូ​កង់​បី ១០​គ្រឿង និង​ម៉ូតូ ៤០​គ្រឿង​។ ៥.​គណបក្ស​ឆន្ទៈ​ខ្មែរ ហែ​ក្បួន​ឃោសនា នៅ​ថ្ងៃទី​២៥ ខែកក្កដា ហែ​ក្បួន​ចេញពី​ទីស្នាក់ការ ទៅ​បញ្ចប់​នៅ​ក្រុង​តាខ្មៅ មាន​អ្នកចូលរួម​ចំនួន​៣០០​នាក់ រថយន្ត​០២​គ្រ​រឿង និង​ម៉ូតូ​២០០​គ្រឿង​។​

​សូមជម្រាបថា ការឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ នីតិកាល​ទី ៦ មាន​រយៈពេល​២១​ថ្ងៃ គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ទី​០៧ ដល់​ថ្ងៃទី​២៧ ខែកក្កដា ឆ្នាំ​២០១៨​។ ចំ​ណែ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នឹងធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​៕ ល​