ត្រឹម​មួយ​សប្ដាហ៍ ស្វា​សម្លាប់​មនុស្ស​អស់ ២ នាក់

205
ចែករម្លែក

វា​ពិតជា​ស្ទើរ​មិនគួរ​ឱ្យ​ជឿ និង​រន្ធត់​យ៉ាងខ្លាំង​ដែល​ត្រឹមតែ​រយៈពេល​មួយ​សប្ដាហ៍ ហ្វូង​ស្វា​បាន​ព្រួត​គ្នា​សម្លាប់​មនុស្ស​ចាស់​អស់ ២ នាក់​ក្នុង​រដ្ឋ​មួយ​នៃ​ប្រទេស​ឥណ្ឌា​។
​ ​
​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឥណ្ឌា​ឱ្យដឹងថា ជនរងគ្រោះ​ទី​១ ជា​បុរស​ឈ្មោះ ហារី សាន​កា ហ្គូ​យ៉ា​ល (Hari Shankar Goyal) វ័យ ៥៥​ឆ្នាំ​ត្រូវបាន​ហ្វូង​ស្វា​ដេញ​វាយប្រហារ ក្នុងផ្ទះ​របស់គាត់​នៅ​ក្រុង​អា​ហ្គ្រា (Agra) នៃ​រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស​។ គាត់​បាន​បាត់​បង់ជីវិត ដោយសារ​ធ្លាក់​ពី​ជណ្ដើរ​បោក​ក្បាល ខណៈ​ព្យាយាម​រត់គេច​ពី​ហ្វូង​ស្វា​។
​ ​
ជនរងគ្រោះ​ទី​២ ជា​ស្ត្រី​ឈ្មោះ គូ​ស៊ុម ចា​ទួ​វេទី (Kusum Chaturvedi) វ័យ ៥០​ឆ្នាំ​ត្រូវ បាន​ហ្វូង​ស្វា​ប្រមាណ ១៥ ទៅ ២០ ក្បាល​វាយប្រហារ​ខណៈពេល​គាត់​កំពុង​ហាល ខោអាវ​ជាមួយ​ប្អូនថ្លៃ​ស្រី​លើរាន​ហាល​ផ្ទះ​របស់គាត់​នៅ​ក្រុង​ម៉ា​ធូ​រ៉ា (Mathura) រដ្ឋ​អ៊ុត​តា ប្រា​ដេ​ស បណ្តាលឱ្យ​ជនរងគ្រោះ​ភ័យ​ធ្លាក់​ទៅ​ក្រោម​បាត់បង់​ជីវិត​។​
​ ​
ករណី​ស្លាប់​ដោយសារ​ស្វា​វាយប្រហារ​ទាំងនេះ​បានធ្វើឱ្យ​មហាជន​អំពាវនាវ​ជាថ្មី​សុំ ឱ្យ​រដ្ឋអំណាច​ជួយ​ដោះស្រាយ​បញ្ហា​គំរាមកំហែង​ពី​សំណាក់​ហ្វូង​ស្វា​ក្នុង​រដ្ឋ​នេះ​៕ ប្រែ​សម្រួល​: ខុម​

#