ត្រូវអនុវត្ត​ដោយ​ម៉ឺងម៉ាត់​តាម​សេចក្តីណែនាំ​និង​សេចក្តីអំពាវនាវ ទើប​មាន​ប្រសិទ្ធភាព​!

470
ចែករម្លែក

នៅមុន​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ថ្ងៃទី​១៤ ខែកុម្ភៈ ចូលមក​ដល់ ក្រសួង​អប់រំ​យុវជន និង​កីឡា​ព្រម ទាំង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​សេចក្តីណែនាំ និង​សេចក្តីអំពាវនាវ​ផ្សេង​ពីគ្នា ក្នុង​បំណង​កុំ​ឲ្យ​យុវជន​យើង ភ្លើតភ្លើន​និង​យល់​ខុសពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​របស់​បរទេសមួយ​នេះ​។​

​បុណ្យ​ក្តី​ស្រឡាញ់ ថ្ងៃ​១៤​កុម្ភៈ មាន​យុវជន​យើង​មួយចំនួន​យល់ថា ជា​ថ្ងៃបុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍ ហើយ​នៅ​អំឡុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ទិវា​បុណ្យ​នៃ ក្តី​ស្រឡាញ់ កាន់​តែមាន​ឥទ្ធិពល​ធំ​ឡើងៗ ធ្វើឱ្យ​យុវវ័យ ភ្លេច​ការសិក្សា​បាត់បង់​សេចក្តីថ្លៃថ្នូរ របស់ខ្លួន និង​ក្រុមគ្រួសារ ប្រាសចាក​វប្បធម៌ និង​ប្រពៃណីជាតិ​ដ៏​ផូរផង់​របស់​ខ្មែរ​ទៀតផង​។​

​តាមពិត ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​នេះ ពុំមែន​ជា​បុណ្យ​សង្សារ ឬ​ជា​ថ្ងៃ​ណាត់ជួប​គ្នា​រវាង​គូស្នេហ៍ នោះឡើយ​។ មួយវិញទៀត វា​ក៏​មិនមែនជា​ពិធីបុណ្យ​ប្រពៃណី​របស់​ជ​ន​ជាតិខ្មែរ​នោះទេ ។ ដូច្នេះហើយ បានជា​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ណែនាំ បួន​ចំណុច​សម្រាប់​ទប់ស្កាត់ សកម្ម​ភាពមិនប្រក្រតី ក្នុង​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់ (Valentine’s Day) នៅតាម​គ្រឹះស្ថាន សិក្សា​សាធារណៈ និង​ឯកជន ដោយ​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង សម្រាប់​គ្រឹះស្ថាន សាធារណៈ ក្រសួង​អប់រំ​ដាក់ចេញ​វិធានការ​សំខាន់ៗ រួមមាន ១.​ត្រូវ​ផ្សព្វផ្សាយ​ដល់​សិ​ស្សា នុ​សិស្ស តាម​គ្រប់​មធ្យោបាយ ដូចជា តាមរយៈ​ការប្រជុំ នៅពេល​គោរព​ទង់ជាតិ​កុំឱ្យ​មានការ យល់​ខុស អំពី​អត្ថន័យ នៃ​ទិវា​បុណ្យ​នៃ​ក្តី​ស្រឡាញ់​។ ២.​ត្រូវ​ពង្រឹង​ការអនុវត្ត​បទបញ្ជាផ្ទៃក្នុង របស់​គ្រឹះស្ថានសិក្សា​សាធារណៈ ឱ្យបាន​ម៉ឺងម៉ាត់​ជាពិសេស លើ​ការគ្រប់គ្រង​សីលធម៌ និង​វិន័យ​ដោយ​តាមដាន​អវត្តមាន​របស់​សិស្សានុសិស្ស​ជាប្រចាំ​។ ៣.​ត្រូវ​ជំរុញ​ដំណើរការ​របស់ ក្រុមប្រឹក្សា​យុវជន ក្រុមប្រឹក្សា​កុមារ​ប្រចាំ​សាលា ដោយ​អនុវត្ត​សកម្មភាព “​មិត្ត​អប់រំ​មិត្ត​”​។ ៤.​ត្រូវធ្វើ​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​មាតាបិតា អ្នកអាណាព្យាបាល​សិស្ស សហគមន៍​ដើម្បី​ផ្តល់ និង​ទទួល​ព័ត៌មាន​នានា ពាក់ព័ន្ធ​នឹង​សកម្ម​ភាពមិនប្រក្រតី ដែល​ប្រព្រឹត្ត​ដោយ​សិស្សានុសិស្ស ដើម្បី​សហការគ្នា​អប់រំ​ណែនាំ កែលម្អ​សិស្សានុសិស្ស បាន​ទាន់ពេលវេលា​។

​ដោយឡែក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏បាន​ចេញ​សេចក្តីអំពាវនាវ​ដល់​មាតាបិតា អាណាព្យាបាល សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​យុវជន សូម​ចូលរួម​ផ្សព្វផ្សាយ អប់រំ ពន្យល់​ណែនាំ ក្រើនរំលឹក​ដល់​បងប្អូន​កូនចៅ ក្នុង​គោលដៅ​ប្រើប្រាស់​ទិវា​នេះ​ឲ្យ​ស្របតាម គន្លង​ប្រពៃណី​ដ៏​ត្រកាល​របស់​ខ្មែរ ដើម្បី​កិត្តិយស និង​ភាពថ្លៃថ្នូរ​របស់ខ្លួន របស់​ក្រុមគ្រួសារ ពិសេស​ដើម្បី​រួមចំណែក​លើក កម្ពស់​កិត្យានុភាព​នៃ​សង្គមជាតិ​។​
​ ​
ក្នុង​សេចក្តីអំពាវនាវ​ចុះ​ថ្ងៃទី​១១ ខែកុម្ភៈ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​លើកឡើងថា ថ្ងៃទី​១៤​កុម្ភៈ ដែល​មនុស្ស​មួយចំនួន ជាពិសេស​គ្រឹ​ស្ត​សាសនិកជន បាន​កំណត់ថា ជា​ទិវា​នៃ​ក្តី ស្រឡាញ់ បច្ចុប្បន្ន ទិវា​នេះ បាន និង​កំពុង​ជ្រៀត​ចូលមកក្នុង​សង្គមជាតិ​កម្ពុជា ជាពិសេស​ក្នុង ស្រទាប់​យុវជន បណ្តាល​ឲ្យ​មនុស្ស​មួយចំនួន បាន​ទទួលយក និង​ប្រើប្រាស់ ដោយ​ភាព​ភ័ន្តច្រឡំ នាំ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណីជាតិ​ទៀតផង​។​
​ ​
​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​គូសបញ្ជាក់ថា ក្នុង​បរិការណ៍​នេះ ប្រជាជន​ជាពិសេស យុវជន​កម្ពុជា ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​ស៊ីជម្រៅ ចំពោះ​វប្បធម៌ ប្រពៃណី​ដែលជា​មរតក​ដ៏​ថ្លៃថ្លា របស់​ដូនតា​យើង ព្រមទាំង​ត្រូវ​សិក្សា​ស្វែងយល់​ឲ្យ​គ្រប់​ជ្រុងជ្រោយ​ពី​ខ្លឹមសារ និង​ឥទ្ធិពល​នៃ វប្បធម៌​ទំនៀមទម្លាប់​ពី​ខាងក្រៅ ដើម្បី​បន្ស៊ី​ចូលទៅក្នុង​ឥរិយាបថ និង​បរិបទ​នៃ​សង្គម​របស់ខ្លួន ក្នុង​គោលដៅ​រក្សា​ឲ្យ​បាន​នូវ​អត្ថិភាព ជា​ប្រជាជាតិ​ថ្លៃថ្នូរ​មួយ ដែលមាន​វ័យ​ចំណាស់ រាប់ពាន់​ឆ្នាំ មកហើយ​នៅ​ទ្វីបអាស៊ី​នេះ​។​

​ក្រសួង​វប្បធម៌ ក៏បាន​គូសបញ្ជាក់ថា ទិវា​នៃ​ក្តី​ស្រឡាញ់​នៅ​កម្ពុជា គួរ​ជា​ឱកាស​ក្នុងការ​ចែកចាយ និង​ធានា​នូវ​ក្តី​ស្រឡាញ់ ប្រកបដោយ​ភាពទូលំទូលាយ និង​សន្តាន​ចិត្ត​ស្មោះសរ ចំពោះ​មនុស្ស ដែល​នៅ​ជុំវិញខ្លួន មាន​ជាអាទិ៍​ក្រុមគ្រួសារ ឪពុកម្តាយ ប្ដី ប្រពន្ធ កូន ចៅ និង​ចំពោះ​អ្នក ដែល​នៅក្នុង​សង្គម​ជាមួយគ្នា ដូចជា​៖ ជនពិការ កុមារកំព្រា និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន ជាដើម ក្រោមរូបភាព ការជួបជុំ​ពិភាក្សាគ្នា ឬ​ទទួលទាន អាហារ​រួមគ្នា​ដោយ​ក្តី​សោមនស្ស រីករាយ ការសរសេរ​លិខិត​ជូនពរ ការជូន​អំណោយ​ផ្សេងៗ ដើម្បី​បញ្ជាក់​ពី​ភាព​ក​ត្ត​ញ្ញូ​តា​ធម៌ ពី​ក្តី​ស្រឡាញ់ និង​ការយកចិត្តទុកដាក់រ​បស់​ខ្លួន ចំពោះ​អ្នកមានគុណ បុព្វការី​ជន​ចំពោះ​មនុស្ស ដែល​ខ្លួន​ស្រឡាញ់ និង​ចំពោះ​សង្គមជាតិ​។​

​ជាការ​ពិត ជា​រៀងរាល់ឆ្នាំ នៅមុន​ថ្ងៃ​ប្រារព្ធ​ទិវា​នៃ​ស្រឡាញ់ ថ្ងៃ​១៤​កុម្ភៈ ក្រសួង​អប់រំ ក៏ដូចជា​ក្រសួង​វប្បធម៌ រួមទាំង​រាជរដ្ឋាភិបាល តែងតែ​ចេញ​សេចក្តីណែនាំ និង​សេចក្តីអំពាវនាវ ជាពិសេស​លើ​យុវជន​សិស្សសាលា កុំ​ឲ្យ​ភ្លើតភ្លើន និង​យល់​ខុសពី​អត្ថន័យ​នៃ​ទិវា​បុណ្យ​នេះ ព្រោះថា កន្លងមក តែងតែមាន​ការលើកឡើង​ថា ថ្ងៃ​១៤​កុម្ភៈ ជា​ថ្ងៃបុណ្យ​សង្សារ​ហើយ​រហូតដល់ មាន​យុវតី​យើង​មួយចំនួន កំណត់​យក​ថ្ងៃ​១៤​កុម្ភៈ ជា​ថ្ងៃ​ណាត់ជួប​គូស្នេហ៍ និង​ប្រគល់​ខ្លួន ប្រាណ​ឲ្យ​គូស្នេហ៍ ដែល​នាំ​ដល់​បញ្ហា​ជាច្រើន ដូចជា ការឆ្លង​មេរោគ​អេដស៍ ការ​មានកូន​ក្នុង វ័យ​សិក្សា​ជាដើម​។​

​ដូច្នេះ​នៅពេលនេះ រឿង​ដដែលៗ បាន​វិល​មកវិញ ពោលគឺ​ថ្ងៃ​១៤​កុម្ភៈ ទិវា​ក្តី​ស្រឡាញ់ បាន​ចូល​មកដល់ ហើយ​សេចក្តីអំពាវនាវ ក៏​ចេញផ្សាយ​។ តែ​ដើម្បី​ឲ្យ​មាន​ប្រសិទ្ធភាព ខាង​សាលារៀន ត្រូវអនុវត្ត​នូវ​សេចក្តីណែនាំ​របស់​ក្រសួង​អប់រំ ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​គឺ​ត្រូវ ស្រង់​អវត្តមាន​សិស្ស និង​កំណត់​យក​ថ្ងៃ​១៤​កុម្ភៈ ជា​ថ្ងៃ​ប្រឡង​សំខាន់ ដែល​សិស្ស​ត្រូវ​មក​រៀន ជា​ចាំបាច់ ដោយ​ខានមិនបាន​។

​រីឯ​អាណាព្យាបាល មាតាបិតា​សិស្ស ក៏ត្រូវ​អប់រំ​កូនចៅ ពិសេស​ត្រូវ​ប្រាកដថា កូនចៅ ចូល​សាលារៀន ហើយ​ចេញពី​សាលារៀន មក​ផ្ទះ ដោយ​ត្រូវ​នាំ​ចូលទៅ​សាលា និង​ទំនាក់ទំនង ជាមួយ​គ្រូ អ្នកគ្រប់គ្រង​សាលា​ទាំង​រដ្ឋ និង​ឯកជន ដើម្បី​ប្រាកដថា កូន​ចូលរៀន ដោយ​មិន​គេច សាលា ទៅ​ដើរលេង នៅ​ថ្ងៃ ១៤​កុម្ភៈ​នោះឡើយ​។​

​ទន្ទឹមនេះ​យុវជន​ខ្លួនឯង ពិសេស​សិស្សសាលា ត្រូវ​ស្តាប់បង្គាប់​គ្រូ មាតាបិតា អាណាព្យាបាល ព្រានប្រដៅ ត្រូវ​ចូលរៀន ហើយ​មិនត្រូវ​ភ្លើតភ្លើន​តាម​មិត្តភក្តិ នាំគ្នា​ដើរលេង ឬ​ទៅ​ប្រព្រឹត្តិ ផ្តេសផ្តាស់ ដោយ​មិនត្រូវ​នាំគ្នា ចូល​ផ្ទះសំណាក់ រួមភេទ ក្នុង​វ័យ​សិក្សា​នោះឡើយ​។ ព្រោះថា ទង្វើ​បែបនេះ ក្រៅពី​ឆ្លង​ជំងឺ មាន​ផ្ទៃពោះ​ទាំង​វ័យក្មេង ក៏​ជាការ​ធ្វើបាប​ក្រុមគ្រួសារ ខូច​ឈ្មោះ អាប់​កិត្តិយស​ពូជពង្សវង្សត្រកូល​ថែម​ទៀតផង​។ សូម​ចាំ​ពាក្យ​មួយ​ឃ្លា​ថា “​មិន​ជឿ​ចាស់ ស្រលះ​ធេង​”​។ ពោលគឺ​យុវជន ពិសេស​សិស្សសាលា កូនចៅ ត្រូវ​ស្តាប់បង្គាប់​ឪពុកម្តាយ អាណាព្យាបាល រៀមច្បង និង​គ្រូបង្រៀន ដែល​អប់រំ ណែនាំ​កុំ​ឲ្យ​ធ្វើអំពើ​មិនល្អ​។ តែបើ​យុវវ័យ ភ្លើតភ្លើន ទម្រាំ​ដឹង ខ្លាច​តែ​ហួសពេល​អស់​ទៅហើយ​៕ ដោយ​: ម៉េង​ឆៃ​