ត្រូវ​ឆ្នោត​រង្វាន់​ធំ​អរ​ស្ទើរ​ហោះ តែ​មិន​នឹកស្មាន​សោះ​ថា​លោក​ប្ដី​យក​ចុងសន្លឹក​រត់​បាត់​

428
ចែករម្លែក

​អ្នកខ្លះ​ប្រហែលជា​ធ្លាប់បាន​ស្ដាប់​រួចមកហើយ នូវ​ចម្រៀង​មួយ​បទ​មាន​ចំណងជើង​ថា “​ទឹក​លុយ​សម្លាប់​ទឹកចិត្ត​ខ្ញុំ​” ដែល​ឆ្លុះបញ្ចាំង​ពី​អំណាច​ទឹក​លុយ​អាច​ទិញ​ទឹកចិត្ត ឬ​ធ្វើឱ្យ​ចរិត មនុស្ស​ផ្លាស់ប្ដូរ​បាន​។ ហើយ​ករណី​ស្រដៀង​គ្នា​នេះ​ដែល​យើង​អាច​ហៅ​បាន​ថា “​ទឹក​លុយ សម្លាប់​ក្ដី​ស្មោះ​” ទើបតែ​បានកើត​ឡើងលើ​ប្ដី​ប្រពន្ធ​វ័យក្មេង​ពីរ​នាក់​។​
​ ​
បុរស​ជនជាតិ​ថៃ ម្នាក់​ដាច់ចិត្ត​រត់ចោល​ប្រពន្ធ​គ្មាន​អាឡោះអាល័យ បន្ទាប់ពី​ត្រូវ​ឆ្នោត ៦ លាន​បាត (​ប្រហែល ២០០.០០០ ដុល្លារ​អាម៉េរិក​)​កាលពីពេល​ថ្មីៗ​នេះ​ដោយ​យក​ចុងសន្លឹក ឆ្នោត​ទៅជា​មួយ​ផង​។​
​ ​
ស្ត្រី​ឈ្មោះ ផន​ធីតា ចំណាន​វ៉េ​ត (Pornthida Chamnanwet) វ័យ ២៣​ឆ្នាំ​បាន​រត់​ទៅប្ដឹង ប៉ូលិស​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា បន្ទាប់ពី​ប្ដី​របស់​នាង​ឈ្មោះ វី​ចាក វ៉ាន់​ណា​ប្រា​ស៊ីត (Wijak Wannaprasit) វ័យ ៣៤ ឆ្នាំ​បាន​ចាក​ចេញពីផ្ទះ​ជាមួយនឹង​ចុងសន្លឹក​ឆ្នោត​ត្រូវ​រង្វាន់​។​
​ ​
នាង​រៀបរាប់​ដំណើររឿង​ត្រួសៗ​ថា នាង​បាន​ទិញ​សន្លឹកឆ្នោត​នេះ​កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា​។ ក្រោយពេល​ដឹងថា​ត្រូវ​រង្វាន់​ធំ អ្នក​ទាំងពីរ​អរ​ណាស់ ហើយ​បាននាំគ្នា​ទៅ​ប៉ុស្តិ៍​ប៉ូលិស​មួយ កន្លែង​ជិត​ក្រុង​បាងកក ដើម្បី​ផ្តិតមេដៃ និង​ថតរូប​ទុកជា​ភ័ស្តុតាង​និង​ព្រមព្រៀង​ចែក លុយ​គ្នា​ស្មើ​។​

​ប៉ុន្តែ​មួយថ្ងៃ​ក្រោយមក បុរស​ជា​ប្ដី​បាន​ប្ដូរ​ចិត្ត ហើយ​ប្រាប់​ពន្ធ​ថា ខ្លួន នឹង​ឱ្យ​នាង​តែ ២ លាន​បាត ប៉ុណ្ណោះ មិនមែន ៣ លាន​បាត​ទេ​។ នាង​បាន​សួរ​ទៅវិញ​ថា​ហេតុអ្វី​ហើយក៏​ប្រកែក​គ្នា​យ៉ាង ខ្លាំង​ធ្វើឱ្យ​បុរស​ជា​ប្ដី​ចិត្តសឿង​ដើរ​ចេញពី​ផ្ទះជួល​ជាមួយនឹង​ចុងសន្លឹក​ឆ្នោត​។​
​ ​
ក្រោយ​ប្ដី​ចាកចោល​ផ្ទះ នាង ផន​ធីតា បាន​ប្រញាប់​រត់​ទៅប្ដឹង​សុំឱ្យ​ប៉ូលិស​ជួយ​អន្តរាគមន៍ ព្រោះ​ខ្លាច​ប្ដី​លួច​បើក​លុយ​យកតែ​ម្នាក់ឯង​។
​ ​
យោងតាម​មេធាវី​ថៃ មួយរូប​ឱ្យដឹងថា បុរស​ជា​ប្ដី​អាច​ជាប់ពន្ធនាគារ​រហូត​ដល់ ៣ ឆ្នាំ ប្រសិន បើ​ការ​ពិនិត្យមើល​លទ្ធភាព​ផ្លូវច្បាប់​រកឃើញថា​គាត់​ជាប់ពិរុទ្ធ​ភាព​ពីបទ​កេង​បន្លំ​។

​ទោះជា​យ៉ាងណា បន្ទាប់ពី​ករណីនេះ​ត្រូវបាន​ចុះផ្សាយ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថៃ​ប្ដី​របស់​នាង បាន​ត្រលប់​ទៅផ្ទះ​វិញ ហើយ​ប្រាប់ថា គាត់​មិនទាន់​បើក​លុយ​ទេ​។​
​ ​
​ពេលនេះ ប្ដី​ប្រពន្ធ​ទាំងពីរ​បាន​ជានា​គ្នា​វិញ​ហើយ ហើយ​និយាយថា​ពួកគេ​នឹង​ទៅ​បើក​លុយ​ពី កា​រិ​ល័យ​ឆ្នោតជាតិ​៕ ប្រែ​សម្រួលៈ ខុម