ត្រូវ​បង្ខំ​អោយ​ថ្លែង​សុន្ទរកថា​តាម​វីដេអូ មេដឹកនាំ​ហុងកុង​បញ្ចេញ​វិធានការ​មួយចំនួនធំ​សំរាប់​សម្រាល​បញ្ហា​របស់​ប្រជាជន​ហុងកុង​

333
ចែករម្លែក

​មេដឹកនាំ​ហុងកុង​ដែល​កំពុង​មាន​បញ្ហា លោកស្រី ការី ឡា​ម កាលពី​ថ្ងៃ​១៦​តុលា បាន​ប្រកាស​ដាក់​ចេញ​វិធានការ​មួយចំនួន​ក្នុង​បំណង​សម្រាល​ការខ្វះខាត​លំនៅស្ថាន ខណៈពេល​​ដែល​លោកស្រី​តស៊ូ​ស្តារ​ជំនឿ​ចិត្ត​លើ​រដ្ឋការ​របស់​លោកស្រី​ឡើងវិញ​និង​ដោះស្រាយ​ការមិនសប្បាយចិត្ត​ជាទូទៅ​ក្នុងចំណោម​អ្នកក្រុង​ហុងកុង​ក្រោយ​ការតវ៉ា​ប្រឆាំង​រដ្ឋាភិបាល​អស់​​ពេល​ជាង​៤​ខែ​មកនេះ​។​

​លោកស្រី​ឡា​ម ត្រូវបាន​បង្ខំ​អោយ​ទៅ​ថ្លែង​សុន្ទរកថា​តាម​វីដេអូ​វិញ ក្រោយ​ការ​ថ្លែង​សុន្ទរកថា​ស្តីពី​គោលនយោបាយ​នៅក្នុង​សភា ត្រូវបាន​អុកឡុក​ពី​ពួក​សមាជិកសភា​ប្រឆាំង​​ដែល​បាន​ស្រែក​និង​គប់​របស់រ​បរដាក់​លោកស្រី​។​ក្រោយពី​ត្រូវ​បាន​រារាំង​ការ​ថ្លែង​២​លើក លោកស្រី​ឡា​ម បាន​ចាកចេញ​ពី​សភា​កាលពី​ថ្ងៃ​១៦​តុលា​។​

​នៅពេល​ការ​ថ្លែង​បាន​បន្ត​ឡើងវិញ​តាម​វីដេអូ លោកស្រី​ឡា​ម បាន​ថ្កោលទោស​អំពើហិង្សា​ដែល​កាន់តែ​មាន​សម្ទុះ​កើន​ឡើង​នៅក្នុង​ទីក្រុង​នេះ​និង​បាន​អំពាវនាវ​អោយ​អ្នក​ហុង​​កុង​ការពារ​តំលៃ​នីតិរដ្ឋ​ស្នូល​របស់​ខ្លួន​។​

អ្នកដើរ​ផ្សារ​ឈរ​មើល​លោកស្រី​ឡា​ម ថ្លែង​សុន្ទរកថា​អំពី​គោលនយោបាយ​តាម​វីដេអូ​កាលពី​ថ្ងៃ​១៦​តុលា​

​ដោយ​ទទួលស្គាល់ថា នៅ​ប៉ុន្មាន​ខែ​មក​នេះ​រដ្ឋាភិបាល​បាន​ប្រកាស​ចេញ​វិធានការ​បន្តបន្ទាប់​នៅក្នុង​វិស័យ​ផ្សេងៗ រួម​មាន​វិធី​ការពារ​សហគ្រាស ការពារ​ការងារ​ធ្វើ ជំរុញ​ការថែទាំ​​កុមារ និង​គាំទ្រ​ការអភិវឌ្ឍ​កីឡា លោកស្រី​ឡា​ម បំព្រួញ​មកនៅ​ទិដ្ឋភាព​៤​នៅក្នុង​សុន្ទរកថា​របស់​លោកស្រី គឺ ផ្ទះសម្បែង ដីធ្លី ការផ្គត់ផ្គង់ និង​ការធ្វើអោយ​ប្រសើរ​ឡើងា​ររស់​នៅ​​របស់​អ្នក​ហុងកុង បូក​រួម​ទាំង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។​

​វិធានការ​រយៈពេល​ខ្លី​និង​មធ្យម​ខ្លះ​សំរាប់​ដោះស្រាយ​វិបត្តិ​លំនៅស្ថាន រួម​មាន​ការបង្កើន​មូលនិធិ​សំរាប់​ការផ្តល់​លំនៅស្ថាន​បណ្តោះអាសន្ន ដោយ​សន្យា​ផ្តល់​ប្រាក់​២​ពាន់​លាន​ទៅ​៥​ពាន់​លាន​ដុល្លារ​ហុងកុង ផ្តល់​ផ្ទះ​បណ្តោះអាសន្ន​១០.០០០​នៅ​រយៈពេល​៣​ឆ្នាំ​ទៅ​មុខ និង​ផ្តល់​ជំនួយ​សំរាប់​គ្រួសារ​មាន​ចំណូល​ទាប​។​

​អាជ្ញាធរ​លំនៅស្ថាន​ហុងកុង​ក៏​នឹង​ពន្លឿន​ការលក់​ផ្ទះល្វែង​ដែល​នៅលក់​មិនទាន់ល​ក់​ចេញ​និង​សិក្សា​លទ្ធភាព​អភិវឌ្ឍន៍​បុរី​រោងចក្រ​របស់ខ្លួន​ឡើង​វិញ​អោយ​ទៅជា​ផ្ទះល្វែង​សា​​ធា​រណៈ​។​

​រដ្ឋាភិបាល​ក៏​នឹង​ដាក់​លក់​ដី​សង់​លំនៅស្ថាន​មួយ​កន្លែង​ដើម្បី​អោយ​អ្នក​អភិវឌ្ឍន៍​ទិញ​យក​ទៅ​សាងសង់​ផ្ទះ​តំលៃថោកៗ​សំរាប់​អ្នកទិញ​លំនៅស្ថាន​ដំបូង ។​សំរាប់​អ្នកទិញ​លំនៅស្ថាន​​ដំបូង​ក៏​អាច​ទទួលបាន​ប្រាក់​កំចី​ដល់​ទៅ​៩០​ភាគរយ​នៃ​តំលៃ​អចលនទ្រព្យ​ណា​ដែល​មាន​តំលៃ​៨​លាន​ដុល្លារ​ហុងកុង​ចុះ​(១,០២​លាន​ដុល្លារ​អាម៉េរិក​) និង​ទទួល​កំចី​៨០​ភាគរយ​​នៃ​តំលៃ​ផ្ទះ​ណា​ថ្លៃ​១០​លាន​ចុះ​។​

​ដើម្បី​សម្រាល​កង្វះខាត​ផ្ទះសម្បែង រដ្ឋាភិបាល​ហុងកុង​ក៏​នឹង​សិក្សា​លទ្ធភាព​បង្កើត​កោះ​សិប្បនិម្មិត​ដើម្បី​បង្កើត​ដីគោក​១.០០០​ហិច​តា​។​

​ក្នុង​ការបញ្ចប់​សុន្ទរកថា លោកស្រី​ឡា​ម បាន​អំពាវនាវ​អោយ​អ្នក​ហុងកុង​ដាក់​ការខ្វែងគំនិត​គ្នា​ទៅ​មួយ​ផ្នែក និង​ឈប់​ការវាយប្រហារ​គ្នា​ដើម្បី​រួមគ្នា​ឆ្លងកាត់​ឧបសគ្គ​៕ដោយ៖វាសនា