ត្រូវ​ប្រយ័ត្ន​ប្រហែង កុំ​បំបាក់មុខ​ចិន​ក្នុង​ការចរចា​ពាណិជ្ជកម្ម​

352
ចែករម្លែក

​ប្រសិនបើ​លោក​ដូ​ណា​ល់ ត្រាំ​បរាជ័យ​ក្នុងការ​ឈានដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ជាមួយ​លោក​ស៊ី ជីន​ពីង​នៅ​ខែ​ក្រោយនេះ ដោយ​បង្កឱ្យមាន​ការដំឡើង​ពន្ធគយ​បន្ថែមទៀត​និង​ការ​វាយ​ពន្ធ​សងសឹក​ទៅវិញទៅមក​រវាង​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​ទាំងពីរ​នៅលើ​ពិភពលោក នោះ​ប្រធានាធិបតី​អាមេរិក​អាច​នឹង​ងាក​ទៅ​បន្ទោស​ប្រធានាធិបតី​របស់​បក្ស​ប្រជាធិបតេយ្យ​ជំនាន់​មុន គឺ​លោក វូដ​រ៉ូ វី​ល​សុន (Woodrow Wilson-​កាន់តំណែង​ពី​ឆ្នាំ​១៩១៣​ដល់​១៩២១)​។​

​កាល​ពីមួយ​សតវត្សរ៍​មុន​នៅ​និ​ទាឃ​រដូវ លោក​វី​ល​សុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិភាព​អំឡុង​សង្គ្រាមលោក​លើកទីមួយ​ដ៏​ចម្រូងចម្រាស់ ដែល​បានប្រគល់​ដែនដី​អាណានិគម​អាល្លឺម៉ង់​នៅ​ចិន​ទៅ​ជប៉ុន​ជាជាង​ប្រគល់​ពួកវា​ឱ្យទៅ​អាជ្ញាធរ​ចិន​វិញ​។​

​ការប្រមាថ​មើលងាយ​នេះ​បាន​បង្ក​ឱ្យ​ផ្ទុះឡើង​នូវ​ចលនា​និស្សិត “៤​ឧសភា​” ដែល​គណបក្ស​កុម្មុយនីស្ត​ចិន​កំពុង​កាន់អំណាច​នាពេល​បច្ចុប្បន្ននេះ​ចាត់ទុកថា​ជាដើម​ចម​នៃ​ចលនា​ស្នេហា​ជាតិ​ដែល​នាំទៅដល់​ជ័យជម្នះ​នៃ​បដិវត្តន៍​របស់ខ្លួន ដែល​ខួប​លើក​ទី ៧០ នៃ​ជ័យជម្នះ​របស់​បដិវត្ត​ន៍​នឹង​ប្រារព្ធ​នៅ​ខែតុលា​ខាងមុខ​។​

លោក​ត្រាំ​និង​លោក​ស៊ី​ព្រមទាំង​គណៈប្រតិភូ​ជួបជុំ​ពិសា​អាហារ​នៅ​កិច្ចប្រជុំ G20 នៅ​ទីក្រុង​ប៊ុ​យ​ណូ​ស៊ែរ​របស់​អា​ហ្ស​ង់​ទីន
  • ស្រមោល​ដ៏​វែង​

​ខួប​ទាំងពីរ​នេះ​បាន​ជះ​ស្រមោល​ដ៏​វែង​មកលើ​ការចរចា​ពាណិជ្ជកម្ម​រវាង​ចិន​និង​អាមេរិក​។ កិច្ចចរចា​បាន​បន្ត​នៅ​ទីក្រុង​ប៉េកាំង​នៅ​សប្តាហ៍​នេះ ជាមួយ​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក​លីវ ហឺ និង តំណាង​ពាណិជ្ជកម្ម​អាមេរិក​លោក​រ៉ូបឺត ឡៃ​ធី​ស​ហ្ស័​រ នៅតែ​ខ្វែងគំនិត​គ្នា​អំពី “​បញ្ហាសំខាន់​ជាច្រើន​” ដែល​ទ្រង់​ទ្រង់​ដល់​ការងារ​ចាំបាច់​របស់​សេដ្ឋកិច្ច​ធំ​បំផុត​ទី​២​របស់​ពិភពលោក​។​

​នៅពេល​លោក​ត្រាំ​បានដាក់​ចេញ​ពន្ធ​ពិន័យ​លើកដំបូង​លើ​ទំនិញ​នាំចូល​របស់​ចិន​កាលពី​ឆ្នាំមុន លោក​បានធ្វើ​ដូច្នេះ​ក្នុងនាម​ជា​ពាណិជ្ជករ​និយម​ដ៏​ប្តូរផ្តាច់​មួយរូប ដែល​មើលឃើញ​ការធ្វើ​ពាណិជ្ជកម្ម​សកល​ជា​ល្បែង​បូក​សូន្យ​បន្ថែម ដែល​ក្នុងនោះ​ប្រទេស​ណា​ដែលមាន​អតិរេក​ពាណិជ្ជកម្ម​ច្រើនជាងគេ​គឺជា​អ្នកឈ្នះ​។ ដូច្នេះ ការផ្តោត​សំខាន់​ដំបូង​របស់លោក​ត្រាំ​គឺ​ត្រូវ​លុបបំបាត់​អតិរេក​ពាណិជ្ជកម្ម​របស់​ចិន​ជាមួយ​សហរដ្ឋអាមេរិក​ជាមុនសិន​។​

​ចាប់តាំងពី​ពេលនោះ​មក លោក​ត្រាំ​បាន​ទទួលយក​វគ្គ​សិក្សា​មូលដ្ឋាន​អំពី​គោលនយោបាយ​ឧស្សាហកម្ម​និង​ការឧបត្ថម្ភ​ធន​របស់​រដ្ឋ​ចិន​ពី​លោ​កឡៃ​ធី​ស​ហ្ស័​រ​។ ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ លោក​ត្រាំ​បាន​និយាយថា គ្មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ណាមួយ​ជាមួយ​ចិន​នឹង​សម្រេចបាន ដោយ​គ្មាន​ដំណោះស្រាយ​ពេញចិត្ត​ចំពោះ​បញ្ហា​ទាំងពីរ​នេះឡើយ​។​

  • បន្ទាត់​ក្រហម​

​កន្លែង​ដែល​លោក​ត្រាំ​និង​ក្រុម​របស់គាត់​មើលឃើញថា​ជាការ​អនុវត្ត​ពាណិជ្ជកម្ម​អយុត្តិធម៌ លោក​ស៊ី​វិញ​មើលឃើញ​បុព្វសិទ្ធិ​អធិបតេយ្យ​ភាពជា​ចំណុច​ស្នូល​នៃ​អព្ភូតហេតុ​សេដ្ឋកិច្ច​ចិន​ក្នុង​រយៈពេល ៤ ទសវត្សរ៍​មកនេះ​។​

​ថ្នាក់ដឹកនាំ​ចិន​មាន​គោលបំណង​បញ្ចៀស​ការកើនឡើង​សង្គ្រាម​ពាណិជ្ជកម្ម ដោយសារ​កំណើនសេដ្ឋកិច្ច​កំពុងមាន​ភាពយឺតយ៉ាវ​។ ដើម្បី​ធ្វើដូច្នេះបាន ចិន​បាន​ត្រៀមខ្លួន​លុបបំបាត់​ការ​រឹតត្បិត​លើ​វិនិយោគិន​បរទេស​ក្នុង​រាល់​ឧស្សាហកម្ម​ខ្នាតតូច​ទាំងអស់ ហើយនឹង​បន្ត​បន្ថយពន្ធ​លើ​ការនាំ​ចូល​។ នេះ​បើ​យោងតាម​ក្រុម​សេដ្ឋវិទូ​និង​អ្នក​ដែល​ដឹង​អំពី​ជំហរ​របស់​ចិន​។​

​ប៉ុន្តែ​ការគំរាមកំហែង​ខ្លាំង​ជាង​នេះ​នៅក្នុង​ទស្សនៈ​របស់​ប៉េកាំង​គឺ​ការទាមទារ​របស់​អាមេរិក​ឱ្យ​រដ្ឋបាល​របស់លោក​ស៊ី​ត្រូវ​បញ្ឈប់​ការការពារ​សហគ្រាស​ធំៗ​របស់​រដ្ឋ​នៅក្នុង​ការប្រកួតប្រជែង​ក្នុង​វិស័យ​ឯកជន​និង​បរទេស​ខណៈ​ត្រូវ​បញ្ចប់​ផងដែរ​នូវ “​ការឧបត្ថម្ភ​ធន​ផ្នែក​ទីផ្សារ​និង​ការគាំទ្រ​ក្នុង​ទម្រង់​ផ្សេងទៀត​របស់​រដ្ឋាភិបាល​ចិន​” សម្រាប់​ក្រុមហ៊ុន​ចិន​នៅក្នុង​វិស័យ​អាទិភាព​។​

  • កំហិត​ត្រឹម​ការធ្វើសម្បទាន​

​នៅទីនេះ​មាន​កំហិត​ដ៏​តឹងរ៉ឹង​ត្រឹម​ការធ្វើសម្បទាន​ប៉ុណ្ណោះ ដែល​ក្រុង​ប៉េកាំង​ត្រៀម​រួចរាល់​ដើម្បី​ផ្តល់ជូន ដូចដែល​លោក​ស៊ី​បាន​បង្ហើប​ឱ្យដឹង​នៅក្នុង​សុន្ទរកថា​ថ្មីៗ​នេះ​ទៅកាន់​បណ្តា​មេដឹកនាំ​ខេត្ត​អំពី​កម្លាំង​អរិភាព​មិនបាន​បញ្ជាក់​ឈ្មោះ​ច្បាស់លាស់ ដែល​លោក​គិតថា​កំពុង​ប្តេជ្ញាចិត្ត​ធ្វើឱ្យ​ប្រទេស​ចិន​ជួប​អស្ថិរភាព​។​

​ក្រោម​ច្បាប់​ស្តីពី “​ការមិនជឿ​ទុកចិត្ត​” របស់​ចិន ភាពផ្ដាច់មុខ​របស់រ​ដ្ឋ​ត្រូវបាន​ចាត់ទុកថា​ជា “​ផលប្រយោជន៍​សាធារណៈ​”​។ ការគាំទ្រ​របស់​រដ្ឋាភិបាល​សម្រាប់​ក្រុមហ៊ុន​ក្នុងស្រុក​ក៏ត្រូវ​បាន​ចាត់ទុកថា​មាន​សារៈសំខាន់​ផងដែរ​ជាពិសេស​នៅពេលដែល​ក្រុមហ៊ុន​បច្ចេកវិជ្ជា​ជោគជ័យ​បំផុត​របស់​ប្រទេស​ចិន​ដូចជា Huawei កំពុង​ត្រូវ​បានកំណត់​គោលដៅ​វាយប្រហារ​ដោយ​អាជ្ញាធរ​អាមេរិក​។​

​ចំពោះ​លោក​ស៊ី ការទទួលយក​សម្ពាធ​ពី​អាមេរិក​នៅ​វិស័យ​ទាំងនេះ​ខណៈ​យល់ព្រម​ផងដែរ​ចំពោះ​ការត្រួតពិនិត្យ​ជា​បន្តបន្ទាប់​មកលើ “​ការអនុវត្ត​ច្បាប់​” របស់​ចិន​ឬ​កង្វះខាត​ច្បាប់​របស់​ចិន គឺ​ស្មើនឹង​ការ​ក្បត់​ស្មារតី​របស់​ចលនា​បាតុកម្ម​របស់​និស្សិត​ថ្ងៃ​៤​ឧសភា និង​ក្បត់​ស្ថាបនិក​បដិវត្តន៍​កុម្មុយនីស្ត​ចិន ដែល​ក្នុងនោះ​ក៏មាន​ឪពុក​របស់លោក​ស៊ី​ផងដែរ​។​

​លោក​ស្កុ​ត កេ​ណ្ណី​ឌី​នៅ​មណ្ឌល​សិក្សា​យុទ្ធសាស្ត្រ​និង​អន្តរជាតិ​បាន​និយាយថា “​សិក្ខាសាលា​ជាមួយ​ពួក​មេដឹកនាំ​ខេត្ត​អំពី​ហានិភ័យ​នានា គឺជា​សញ្ញា​មួយ​ពី​លោក​ស៊ី​ដើម្បី​ត្រៀមខ្លួន​សម្រាប់​គ្រា​លំបាក ព្រោះ​ចិន​នឹងមិន​ផ្លាស់ប្តូរ​ឡើយ ហើយ​គ្មាន​នរណាម្នាក់​អាច​បង្ខំ​ចិន​ឱ្យ​ផ្លាស់ប្តូរ​បានឡើយ​”​។​

​លោក​ស្កុ​ត​និយាយថា “​ការផ្លាស់ប្តូរ​ដែល​អាមេរិក​និង​ប្រទេស​ដទៃ​ចង់បាន មិនមែនជា​ការផ្លាស់ប្តូ​រ ដែល​ចិន​ត្រូវការ​នោះឡើយ​”​។​

​ដូច​មេដឹកនាំ​ជាន់ខ្ពស់​ចិន​ដទៃទៀត​ដែរ លោក​ស៊ី​ជឿជាក់ថា ជ័យជម្នះ​របស់​ពួក​កុម្មុយនីស្ត​នៅ​ឆ្នាំ ១៩៤៩ គឺជា​គ្រាមួយ​ដែល​ចិន​បានបញ្ចប់ “​ការប្រមាថ​មើលងាយ​មួយ​សតវត្សរ៍​” នៅក្រោម​ដៃ​របស់​ពួក​ឈ្លានពាន​បរទេស ហើយ​ទីបំផុត​អាច​គ្រប់គ្រង​ទាំងស្រុង​លើ​ជោគវាសនា​របស់ខ្លួន ជា​អ្វីមួយ​ដែល​លោក​វី​ល​សុន និង​ប្រទេស​ឈ្នះៗ​ផ្សេងទៀត​នៃ​សង្គ្រាមលោក​លើកទីមួយ​បាន​បដិសេធ​ចិន​នៅ​ទីក្រុង​វែ​សៃ​។​

​ខណៈដែល​ការប្រឈមមុខ​ខាង​ពាណិជ្ជកម្ម​រវាង​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាមួយ​ក្រុង​វ៉ាស៊ីនតោន​បាន​ឈានដល់​កម្រិត​កំពូល​ស្របពេល​ជិត​ប្រារព្ធ​ខួប​ទី​៧០​ដ៏​រសើប​នៅ​ឆ្នាំនេះ​និង​ត្បិត​ពពក​ខ្មៅ​សេដ្ឋកិច្ច​កំពុង​គ្របដណ្តប់​ដែរនោះ លោក​ស៊ី​នឹង​រឹតតែ​មានការ​ប្តេជ្ញាចិត្ត​ខុសពី​ធម្មតា​ដើម្បី​រក្សា​គោលជំហរ​របស់គាត់​៕ ដោយ៖ កញ្ញាដាលីស

ប្រភព​៖ Channel News Asia