ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន ព្រោះ​សុំ​មិត្តស្រី​រៀបការ​នៅ​ទីសាធារណៈ​

326
ចែករម្លែក
  • 12
    Shares

គូស្នេហ៍​ជនជាតិ​អ៊ីរ៉ង់មួយគូ​ ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​គួរឱ្យភ្ញាក់ផ្អើល បន្ទាប់ពី​មិត្ត​ប្រុសសុំ​មិត្តស្រី​រៀបការ​នៅ​ទីសាធារណៈ ដែល​គេ​ចាត់ទុកថា​ជាការ​បំពាន​បម្រាម​ក្នុងសាសនា​អ៊ិ​ស្លាម​។​
​ ​
បុរស​វ័យក្មេង បាន​បំពាក់​ចិញ្ចៀន​ឱ្យ​មិត្តស្រី​របស់ខ្លួន​នៅ​ផ្សារ​ទំនើប​មួយកន្លែង​នៅ​អា​រ៉ា​ក់ (Arak) ក្រុង​តេ​ហេ​រ៉ង់ ប្រទេស​អ៊ីរ៉ង់​។ ហើយ​ទីបំផុត ពួកគេ​ទាំងពីរ​នាក់​ក៏​ត្រូវបាន​ចាប់ខ្លួនដោយ​អាជ្ញាធរ​អ៊ីរ៉ង់ ដែល​ថ្កោលទោស​យ៉ាងខ្លាំង​ថា ទង្វើ​របស់​ពួកគេ​ផ្ទុយ​ពី​ការបង្រៀនក្នុង​សាសនា​អ៊ិ​ស្លាម​នៃ​ប្រទេស​នេះ​។​

​តាមរយៈ​រូបភាព​វីដេអូ​ឃ្លី​ប ដែល​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម បុរស​ជា​សង្សារ បាន​ជូន​បាច់ផ្កា និង​បំពាក់​ចិញ្ចៀន​ឱ្យ​មិត្តស្រី​ដើម្បី​សុំ​នាង​រៀបការ​។ ហើយ​គ្រាន់តែ​ខាងស្រី​យល់ព្រម​ភ្លាម ​គូស្នេហ៍​នេះ​ក៏​ឱប​គ្នា​ដោយ​ក្ដីរំភើប​នៅ​ចំពោះមុខ​មនុស្សម្នា​ជាច្រើនដែល​ស្រែក​ហ៊ោ​អបអរ​ពួកគេ​។

​ទោះជា​យ៉ាងណា មិនយូរប៉ុន្មាន​ក្រោយពី​វីដេអូ​ឃ្លី​ប​នេះ​ត្រូវបាន​បង្ហោះ​តាម​បណ្តាញទំនាក់ទំនង​សង្គម គូស្នេហ៍​នេះ​ក៏ត្រូវ​ប៉ូលិស​ចាប់ខ្លួន​ពីបទ​បំពាន​ច្បាប់​ស្ដីពី​ក្រមសីលធម៌នៅ​ទីសាធារណៈ​នេះ​។ ប៉ុន្តែ​ក្រោយមក​ពួកគេ​ត្រូវបាន​ដោះលែង​ឱ្យនៅ​ក្រៅ​ឃុំ​ជាបណ្ដោះអាសន្ន​៕ ប្រែ​សម្រួលៈ ខុម/Ha