ត្រូវ​សាលា​បណ្ដេញចេញ​ឱ្យ​ឈប់រៀន​ព្រោះតែ​ធាត់​

239
ចែករម្លែក

ក្មេងប្រុស​អាយុ ១៥ ឆ្នាំ​ម្នា​ក់នៅ​ប្រទេស​ចិន ត្រូវបាន​សាលា​បណ្ដេញចេញ​ឱ្យ ឈប់រៀន ដោយសារតែ​គ្នា​ធាត់​ពេក នេះ​បើ​យោងតាម​ការអះអាង​រប​ស់​គ្រួសារ ក្មេងប្រុស​នោះ​។​
​ ​
ស៊ា​វ​ស្យុ​ង (Xiaoxiong) ដែល​មកពី​ខេត្ត​ហ៊ូ​ណាន (Hunan) មាន​កម្ពស់ ១,៧៥ ម៉ែត្រ និង​ទម្ងន់​រហូតដល់​ទៅ ១៥០ គីឡូ​ដែល​ស្ទើរតែ​ស្មើនឹង ៣​ដង​នៃ​ទម្ងន់​ជា​មធ្យម​របស់ ក្មេង​ជនជាតិ​ចិន ទូទៅ​ដែលមាន​អាយុ​ស្របាល​នេះ​។​
​ ​
ក្មេងប្រុស​នេះ​បាន​ចុះឈ្មោះ​ចូលរៀន​នៅ​សាលា​មួយកន្លែង ដែល​ផ្តល់​ទាំង​ការ​ស្នាក់ នៅក្នុង​ក្រុង​ឆាង​សា (Changsha) ខេត្ត​ហ៊ូ​ណាន នៅ​រដូវក្ដៅ​នេះ ។ ប៉ុន្តែ​មិនបាន​ប៉ុន្មាន ផង​ក៏ត្រូវ​សាលា​បង្ខំ​ឱ្យ​ឈប់រៀន​ដោយសារ​ស្ថានភាព​កាយសម្បទា​របស់គេ​។
​ ​
ម្ដាយ​របស់​ក្មេងប្រុស​នេះ​និយាយថា​គាត់​បានសម្រេច​ចិត្ត​ចុះឈ្មោះ​ឱ្យ​កូនប្រុស​រៀន នៅ​អនុវិទ្យាល័យ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឆាង​សា ចុង​យ័ន (Changsha Zhongyuan Vocational Secondary School) បន្ទាប់ពី​នាំ​កូន​ទៅ​សួរ​ព័ត៌មាន​នៅ​សាលា​នេះ កាលពី​ខែមិថុនា​។
​ ​
អ្នកស្រី​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា គណៈ​គ្រប់គ្រង​សាលា​មិនបាន​លើកឡើង ពី​បញ្ហា​ទម្ងន់​របស់​ក្មេងប្រុស​នេះ​ទេ​។ យោងតាម​ឪពុកមា​របស់ ស៊ា​វ​ស្យុ​ង បានឱ្យដឹងថា ក្មេងប្រុស​នេះ​បានរួម​ការហ្វឹកហាត់​ផ្នែក​យោធា​នៅ​សាលា​ខាងលើ កាលពី​ថ្ងៃទី​១៧ ខែសីហា ប៉ុន្តែ​មួយ​សប្ដាហ៍​ក្រោយមក សាលា​បាន​ត្អូញត្អែរ​ប្រាប់ ម្ដាយ​របស់​ក្មេងប្រុស​នេះ​។​
​ ​
ឪពុកមា​ដដែល​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​សាលា​មិន​សប្បាយចិត្ត​ឡើយ​ដោយសារ តែ ស៊ា​វ​ស្យុ​ង ដេកលក់ និង​ស្រ​មុកជា​ញឹកញាប់​ក្នុង​ម៉ោង​រៀន​។ សាលា​បាន​អះអាង ដែរ​ថា ក្មេងប្រុស​នេះ​មាន​បញ្ហា​ផ្លូវដង្ហើម ហើយ​បាន​ស្នើឱ្យ​គ្រួសារ​របស់ ស៊ា​វ​ស្យុ​ង នាំ​រូបគេ​ទៅពិនិត្យ​សុខភាព​ដើម្បីឱ្យ​ប្រាកដថា គេ​មាន​សុខ​ភាពល្អ​គ្រប់គ្រាន់​អាច រៀន​បន្តទៀត​បាន​។
​ ​
លទ្ធផល​នៃ​ការពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ Third Xiangya Hospital of Central South University ក្រុមគ្រូពេទ្យ​ស្នើឱ្យ ស៊ា​វ​ស្យុ​ង រៀន​បន្ត​នៅ សាលា​នេះ​។​

​ទោះជា​យ៉ាងណា​សាលា​បាន​បដិសេធ​មិន​អនុញ្ញាតឱ្យ​ក្មេងប្រុស​នេះ​រៀន​បន្ត​នៅ​កន្លែង របស់ខ្លួន​ឡើយ ដោយ​លើកឡើងថា​បារម្ភ​អំពី​បញ្ហា​សុខភាព​របស់​ក្មេង​នេះ​៕ ប្រែ​សម្រួលៈ​ខុម​