ត្រួតពិនិត្យ​ឈ្មោះ​គណបក្ស អក្សរ​កាត់ និង​ស្លាក​សញ្ញា​សម្គាល់ សម្រាប់​ប្រើ​នៅលើ​សន្លឹកឆ្នោត​

2171
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​តំណាង​គណបក្សនយោបាយ​ទាំង​២០ បាន​ត្រួតពិនិត្យ​ឈ្មោះ​គណបក្ស និង​អក្សរ​កាត់ និង​ស្លាក​សញ្ញា​សម្គាល់​គណបក្ស​សម្រាប់​ប្រើ​នៅលើ​សន្លឹកឆ្នោត សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។

បន្ទាប់ពី​តំណាង​គណបក្សនយោបាយ​ពិនិត្យ​គណបក្ស និង​អក្សរ​កាត់ និង​ស្លាក​សញ្ញា​សម្គាល់​គណបក្ស​ត្រឹមត្រូវ រួចរាល់​ហើយ​នោះ គឺ​គ​.​ជ​.​ប នឹង​សម្រេច​ជា​ចុងក្រោយ យកទៅ​បោះពុម្ព​សន្លឹកឆ្នោត​។​

​លោក​ឌឹ​ម សុ​វណ្ណា​រុំ អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បាន​បញ្ជាក់ថា គ​.​ជ​.​ប បានសម្រេច​ហើយ​អំពី​ទម្រង់​នៃ​សន្លឹកឆ្នោត សន្លឹកឆ្នោត​ដែល​ត្រូវ​បោះពុម្ព​មាន​ចំនួន ជាង​១០​លាន ៥​សែន​សន្លឹក ក្នុងនោះ​មាន​សន្លឹកឆ្នោត​គំរូជាងបីសែនសន្លឹក ​។ អ្នកបោះឆ្នោត​មាន​ចំនួន​តែ​ជាង ៨​លាន​៣​សែន​នាក់ ហេតុ​អី​បាន​ជាគ​.​ជ​.​ប ត្រូវបាន​បោះពុម្ព​សន្លឹក​ច្រើន គឺ​ត្រូវការ​ប្រើប្រាស់​សម្រាប់​បណ្តុះ​បណ្តាល​មន្ត្រី​បោះឆ្នោត និង​អប់រំ​អ្នកបោះឆ្នោត ហើយ​នៅក្នុង​ការិយាល័យ​និ​មួយៗ មាន​សន្លឹកឆ្នោត​បម្រុង​សម្រាប់​បម្រើ​ឲ្យ​ការបោះឆ្នោត និង​ធានា​ឲ្យ​សន្លឹកឆ្នោត​មាន​គ្រប់គ្រាន់​។ ​ជាការ​ត្រៀម​ស្របទៅតាម​ច្បាប់ ទៅតាម​នីតិវិធី នៃ​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ​។​

​លោក​បាន​បញ្ជាក់ថា “​សន្លឹកឆ្នោត​ដែល​យើង​បោះ​ទាំងអស់ ១០​លាន ១​សែន អ្នកបោះឆ្នោត​ដែលមាន​តែ​ជាង ៨​លាន ៣​សែន​នាក់​ទេ សល់​ប៉ុន្មាន​ជា​សន្លឹកឆ្នោត​បម្រុង​”​។​ចំពោះតម្លៃនៃការបោះពុម្ពអាស្រ័យលើ​គុណភាពនិងភាពសម្ងាត់នៃសន្លឹកឆ្នោតដោយឆ្លងកាត់លទ្ធកម្មប្រកបដោយតម្លាភាព។

សម្រាប​ថា ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨ ខាងមុខនេះ ដោយមាន​គណបក្សនយោបាយ​ចំនួន​២០​បាន​ចូលរួម​ប្រកួតប្រជែង​៕ ល​/មន