ត្រួតពិនិត្យ​រថយន្ត​២៨៩​គ្រឿង​រកឃើញ​ត្រឹមត្រូវ​៨៥​គ្រឿង​និង​កាត់​ទ្រុង​៤​គ្រឿង​

1069
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​រយៈពេល​មួយខែ​គឺ​ចាប់ពី​ថ្ងៃទី​២៦ ខែកញ្ញា ដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រុម​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ខេត្តព្រះវិហារ បាន​ត្រួតពិនិត្យ រថយន្ត​សរុប​ចំនួន​២៨៩​គ្រឿង​។​ក្នុងនោះ​ពិនិត្យឃើញថា​ត្រឹម​ត្រូវមាន​ចំនួន​៨៥​គ្រឿង​និង​កាត់​ទ្រុង​ចេញ​មាន​ចំនួន​៤​គ្រឿង​។​

​លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បានឱ្យដឹង​នៅ​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨​នេះ​ថា ត្រឹម​រយៈពេល​មួយខែ គិត​ចាប់ពី​ថ្ងៃទី​២៦ ខែកញ្ញា ដល់​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨​នេះ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ខេត្តព្រះវិហារ បាន​ត្រួតពិនិត្យ​រថយន្ត​សរុប​២៨៩​គ្រឿង​។

ក្នុងនោះ​ពិនិត្យឃើញថា​ត្រឹមត្រូវ​ចំនួន​៨៥​គ្រឿង​រថយន្ត​ត្រូវបាន​កាត់​ទ្រុង​ចំនួន​៤​គ្រឿង​រថយន្ត​ដឹក​សំពីងសំពោង​៤៦​គ្រឿង​រថយន្ត​ខ្វះ​ឯកសារ​១០៤​គ្រឿង​រថយន្ត​ឯកសារ​ក្លែងក្លាយ​៣​គ្រឿង​រថយន្ត​ត្រូវ​ដោះ​រាន​ក្រោយ​១៦​គ្រឿង​គ្មាន​ប​ណ្ណ័​បើកបរ​១១​នាក់​រថយន្ត​គ្មាន​ស្លាក​លេខ​១០​គ្រឿង​ផងដែរ​។​

លោក សំ លាង​ទ្រី បាន​បញ្ជាក់ថា ផ្អែក​តាម​តួលេខ​ដែល​ធ្វើការ​ពិនិត្យ​រយៈពេល​មួយខែ​នេះ ឃើញថា ម្ចាស់​រថយន្ត​ភាគច្រើន​មិនបាន​គោរព​តាមច្បាប់​ស្តីពី ច្បាប់​ចរាចរណ៍​ផ្លូវគោក​នោះទេ​។​ករណីនេះ លោក​អំពាវនាវ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​គ្រប់ៗ​គ្នា គឺ​កុំ​ដឹក​លើស​ទម្ងន់ កុំ​កែឆ្នៃ​រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស និង​កុំ​ដឹក​សំពីងសំពោង​ជាដាច់ខាត​៕S/

ត្រួតពិនិត្យ​រថយន្ត​២៨៩​គ្រឿង​រកឃើញ​ត្រឹមត្រូវ​៨៥​គ្រឿង​និង​កាត់​ទ្រុង​៤​គ្រឿង​