ត្រៀមកម្លាំង​សមត្ថកិច្ច​គ្រប់គ្រាន់ ដើម្បី​ការពារ​សន្តិសុខ ,​ជូន​បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ថ្ងៃទី​២០​សីហា​

606
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​
​ភ្នំពេញ​៖ រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រៀម​ដាក់​កម្លាំង​សមត្ថកិច្ច​នៅ​គ្រប់​មណ្ឌល​ប្រឡង​ទាំង​២៥ និង​មណ្ឌល​កំណែ​ទាំង​១០ នៅ​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​អោយបាន​ល្អប្រសើរ​ដល់​បេក្ខជន​ប្រឡង​ជាង​២​ម៉ឺន​នាក់​នៅ​ថ្ងៃទី​២០ និង​២១ ខែសីហា ខាងមុខនេះ ការប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​នឹង​ចាប់ផ្តើម​ហើយ ។​
កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែសីហា នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការរៀបចំ​សន្តិសុខ​សណ្តាប់ធ្នាប់ សម្រាប់​ថ្ងៃ​ប្រឡង​បាក់​ឌុប ដោយមាន​វត្តមាន​អាជ្ញាធរ​រាជធានី តំណាង​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​តំណាងអោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​
ក្នុង​កិច្ចប្រជុំ​នោះ លោក នួន ផា​រ័ត្ន អភិបាលរង​រាជធានី​ភ្នំពេញ អះអាងថា អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​ត្រៀមកម្លាំង​សមត្ថកិច្ច​គ្រប់គ្រាន់ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​ជូន​ដល់​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ថ្ងៃទី​២០ និង​២១​ខែសីហា ដើម សប្តាហ៍​ក្រោយនេះ​។ ចំពោះ​ចំនួន​កម្លាំង​ការ​សន្តិសុខ​សណ្តាប់ធ្នាប់​ពិតប្រាកដ​ប៉ុន្មាន​នោះ លោក​អភិបាលរង​រូបនេះ មិនបាន​បញ្ជាក់​អោយដឹងពី​ចំនួន​នោះទេ ព្រោះថា​វា​ជា​សន្តិសុខ​សង្គមជាតិ​។​
​ជាមួយគ្នានេះ​លោក នួន ផា​រ័ត្ន បាន​លើកឡើងថា នៅ​ថ្ងៃទី​២០ និង​ថ្ងៃទី​២១ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងដាក់​កម្លាំង​នគរបាល​ចរាចរណ៍ គ្រប់​ដងផ្លូវ​សំខាន់ៗ​ទាំងអស់ ជាពិសេស​ផ្លូវចេញចូល​ទៅ​មណ្ឌល​ប្រឡង​ទាំង​២៥ នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ម៉ោង​៥​ព្រឹក​តទៅ ដោយសារ​បេក្ខជន​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់​មាន​ចំនួន​ជាង​២​ម៉ឺន​នាក់​។​
​ក្នុងឱកាស​នោះ​លោក ជា ជាតិ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន​និង​កីឡា ថ្លែងថា នេះ​ជា​លើក​ទី​៥ ហើយ ដែល​ក្រសួង​អប់រំ​ធ្វើកំណែទម្រង់​នៃ​ការប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ដែលមាន​អ្នកសង្កេតការណ៍ ចូលរួម​តាម​គ្រប់​សកម្មភាព របស់​បេក្ខជន​ប្រឡង​។ ចំពោះ​កំណែទម្រង់​នៃ​ការប្រឡង​ទាំង​៤ លើក​កន្លងទៅ​គឺ​ទទួលបាន​ជោគជ័យ​ដ៏​ធំធេង​។ លោក អនុរដ្ឋលេខាធិការ ឱ្យដឹងថា​៖ មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន​២៥ មណ្ឌល គិត​ជា​បន្ទប់​ប្រឡង​មាន​ចំនួន​៩១៣​បន្ទប់ ដែលមាន​បេក្ខជន​ប្រឡង​ចំនួន ២២៧៧៨​នាក់​។ ជាមួយគ្នា លោក បានស្នើ​អោយ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​សមត្ថកិច្ច​ត្រូវ​បន្ដ​កិច្ចសហការ គាំទ្រ ដើម្បី ធ្វើការ​សម្របសម្រួល បេក្ខជន​ក្នុងអំឡុងពេល​ប្រឡង​សញ្ញាបត្រ​សិក្សា​ទុតិយភូមិ ឆ្នាំនេះ​ប្រ ព្រឹ​ត្ត​ទៅ​ទទួលបាន​ភាពល្អប្រសើរ​។​
​ដោយឡែក​លោក ឃាង សេង អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្នុង​កិច្ចប្រជុំ​នោះបាន​ស្នើឱ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ចូលរួម​ការពារ​សន្តិ​សុខ​សណ្តាប់ធ្នាប់ ២៤​ម៉ោង លើ​២៤​ម៉ោង នៅតាម​មណ្ឌល​ប្រឡង​ទាំងអស់ និង​ការពារ​សុវត្ថិភាព​នៅ​មណ្ឌល​ទាំង​១០​កន្លែង​នៅ​រាជធានី​ភ្នំពេញ​រហូត ដល់​ថ្ងៃទី​២៩ ខែសីហា ឆ្នាំ​២០១៨​។ ចំពោះ​អ្នកសង្កេតការណ៍​សំរាប់​មណ្ឌល​ប្រឡង​នៅ​រាជធានី​ភ្នំពេញ លោក ឃាង សេង ឱ្យដឹងថា គឺ​អង្គការ​ភាព​ដាក់​អ្នកសង្កេតការណ៍​ស្ម​គ្រ​ចិត្ត ចំនួន​១១១៤​នាក់ ទូទាំង​២៥​មណ្ឌល​ប្រឡង​។​