ត្រៀម​ជម្លៀស​អ្នកភូមិ​ចេញពី​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​នៅ​ខេត្តស្ទឹងត្រែង​

707

(ស្ទឹងត្រែង​)៖ នៅ​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៧​នេះ គឺជា​ពេលវេលា ដែល​ក្រុមហ៊ុន​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ នៅ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង បានកំណត់​បិទទ្វារ​ទំនប់​ទប់ទឹក​ដើម្បី​សាកល្បង​ជា​លើកដំបូង​។ ជាមួយនឹង​ការបិទទ្វារ​ទប់ទឹក របស់​ក្រុមហ៊ុន​មួយ​នេះ​សម្រាប់​អាជ្ញាធរ​ខេត្តស្ទឹងត្រែង បាន​ត្រៀមលក្ខណៈ​ជម្លៀស អ្នកភូមិ​ចេញពី​តំបន់​បាត​អាង រួចជាស្រេច​ហើយ​។​

​លោក​កៅ​វ៉ាង​អ៊ីវ​អ្នកសម្របសម្រួល​ដោះស្រាយ​ផលប៉ះពាល់​នៃ​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរបាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់ មាន​ចំនួន​៣​ឃុំ​នៅ​ស្រុក​សេសា​ន​ខេត្តស្ទឹងត្រែង​គឺ​ឃុំ​ភ្លុក ឃុំ​ក្បាល​រមាស និង​ឃុំ​ស្រែគ​។​ពលរដ្ឋ​រង​ផលប៉ះពាល់​ទាំងបី​ឃុំ​នោះ ទទួលបាន​សំណង ពី​ក្រុមហ៊ុន​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ ភូមិ​អភិវឌ្ឍន៍​បង្កើត​ថ្មី​។​ប៉ុន្តែ​មាន​ពលរដ្ឋ​ចំនួន​១១៧​គ្រួសារ ក្នុង​ឃុំ​ចំនួន​២​គឺ​ឃុំ​ស្រែគ​និង​ឃុំ​ក្បាល​រមាស មិនទាន់​យល់ព្រម​ទទួលយក​សំណង​ពី​ក្រុមហ៊ុន​ហើយ​ចាក​ចេញពី​ភូមិ​ចាស់​នៅឡើយ​។​

​លោក ម៉ែន គុង​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០១៧​ថា អាជ្ញាធរខេត្ត​បាន​ចុះ ទៅ​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ដែល​រងគ្រោះ​ផលប៉ះពាល់​ម្តង​ជា​ពីរដង​រួចមកហើយ​។ ប៉ុន្តែ ពលរដ្ឋ​បាន​តប​មកកាន់​អាជ្ញាធរ​វិញ​ថា គាត់​មិន​ជឿ​លើទឹក​បង្ក ឱ្យ​លិច​ភូមិ​តាម​ការ ផ្សព្វផ្សាយ​របស់​អាជ្ញាធ​រ​នោះ ឡើយ​។​តែ​បើសិនជា​ក្រុមហ៊ុន​ទប់ទឹក​ទំនប់​លិច​ភូមិ ពួកគាត់​នឹង​យល់ព្រម ចាក​ចេញពី​ភូមិ​នោះ​ភ្លាម​។​

​លោក​ម៉ែន គុង​បាន​បញ្ជាក់ថា ខណៈពេល​នេះ អាជ្ញាធរ​កងកម្លាំង​ក្នុង​ខេត្តស្ទឹងត្រែង​បាន​ត្រៀម​ទូក​និង​សម្ភារៈ​មួយចំនួន ដល់​ពលរដ្ឋ​ពុំទាន់​យល់ព្រម ចាក​ចេញពី​ភូមិ​ប្រឈម​លិច​ទឹក​ពេល​បិទ​ទំនប់​នោះ​ហើយ​។​ហើយ​ក្រុមហ៊ុន ក៏បាន​សង់ផ្ទះ​ចែក​ដី ជូន​ដល់​ពលរដ្ឋ​ជាង​១០០​គ្រួសារ​ដែល​មិនទាន់​យល់ព្រម​ចាកចេញ​ពី​ភូមិ​ចាស់​អស់ហើយ​។​

​បើសិនជា​ភូមិ​លិច​អាជ្ញាធរ​នឹង​ជម្លៀស​ពលរដ្ឋ​ទៅកាន់​លំនៅដ្ឋាន​ថ្មី​ដែល​បាន​សាងសង់​ទុក​រួចរាល់​ហើយ​នោះ​។​ខណៈ​នេះ​មន្ត្រី​ក្រសួង​រ៉ែ​និង​ថាមពល​,​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត ជាមួយ​ក្រុមបច្ចេកទេស​ក្រុមហ៊ុន​កំពុង​តាមដាន​នូវ​ស្ថានភាព​កម្ពស់​ទឹក​ជាក់ស្តែង ក្រោយពី​បាន​បិទទ្វារ​ទប់ទឹក​កាលពី​ព្រឹក​ថ្ងៃទី​១៥​កក្កដា​នេះ​។ គេ​នឹង​រង់​ចាំមើល​កម្ពស់​ទឹក​នៅ​ថ្ងៃ​បន្តបន្ទាប់​ទៅមុខទៀត​។​

​បើតាម​ការ​ឱ្យដឹងពី​មន្ត្រី​បច្ចេកទេស​ក្រុមហ៊ុន​បានឱ្យដឹងថា​នៅ​ថ្ងៃទី​១៥​កក្កដា​ទ្វារ​ទប់ទឹក​ចំនួន​១០​នៃ​ទំនប់​វា​រី​អគ្គិសនី​សេសា​ន ក្រោម​ពីរ បាន​បិទ​អស់​មួយ​ហើយ​គឺ​ទ្វារ​ទប់ទឹក​ទី​១០​។​ក្រុម​ជំនាញ​កំពុងតែ​តាមដាន​ពី​ស្ថានភាព​កម្ពស់​ទឹក​បើសិនជា​គ្មាន​ហានិភ័យ​លិច​ភូមិ​ស្រុក នៅ​ផ្នែក​ខាងលើ​ខ្លាំង​ទេនោះ គេ​នឹង​បិទទ្វារ​ទឹកជា​បន្តបន្ទាប់​ទៀត​ដើម្បី​សាកល្បង សំណង់​ដ៏​ធំ​មួយ​នេះ​ក៏​អាចឈាន​ទៅដល់​ប​ញ្ជូ​ល​ទឹក​ក្នុង​តួប៊ីន​ប្រើប្រាស់​ចរន្តអគ្គិសនី​បានជា​លើកដំបូង​។​

​ក៏ប៉ុន្តែ​ជំ​ហ៊ាន​ដំបូង​ការបិទទ្វារ​ទប់ទឹក សាកល្បង​ដំបូង​ខាងលើនេះ មិនត្រូវ​ធ្វើ​ដោយ​បង្ខំ​ពេក​ឡើយ ពីព្រោះថា ខ្លាច​មាន​គ្រោះថ្នាក់​ទៅដល់​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ទឹក​លិច​មិនទាន់​ចេញពី​ភូមិ​អស់​។ ជាមួយ​នោះ ស្ពាន​ស្រែ​ពក​ចាស់​ដែល​នឹងត្រូវ​លិចលង់​ក៏​កំពុងតែ​ចាប់ផ្តើម​រុះរើ ហើយ​នៅ​ថ្ងៃទី​១៥​ខែកក្កដា​នេះ ក្រោយពី​មាន​ភាពចម្រូងចម្រាស ជាមួយនឹង​ពលរដ្ឋ​មិនឱ្យ​រុះរើ​កាលពី​កន្លងមក​។​

​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ គឺជា​ទំនប់​ធំជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា មាន​អនុភាព​ថាមពល​អគ្គិសនី​រហូត​ទៅដល់ ៤០០​មេ​ហ្គា​វ៉ា​ត់​ម៉ោង​។ ទំនប់​ធំ​មួយ​នេះ មាន​ផ្ទៃដី​ទំហំ​៣​ម៉ឺន​៦​ពាន់​ម៉ែត្រក្រឡា​។ ចំណា​ពេលវេលា​សាងសង់​ក្នុង​រយៈពេល​៥​ឆ្នាំ ទៅតាម​ផែនការ​។ ប៉ុន្តែ​ការសាងសង់​នេះ គេ​ឃើញ​លឿន​ជាង​ផែនការ​កំណត់​។ វា​រី​អគ្គិសនី​មួយ​នេះ មាន​ទ្វារ​ទប់ទឹក​ចំនួន​១០ និង​ប្រើ​តួប៊ីន​ថាមពល​អគ្គិសនី​ចំនួន​៨​។​

​ចំពោះ​ការសាងសង់​ទំនប់ បានចាប់ផ្តើម​ដំណើរការ លើកដំបូង កាលពី​ឆ្នាំ​២០១៣ រហូតមកទល់​ឆ្នាំ​២០១៧​នេះ គ្រោង​នឹង​បញ្ចប់​ផែនការ​ទាំងស្រុង​ហើយ​៕ ​ដោយ ៖សុខុម