ត្រៀម​ដាក់ពង្រាយ​ធុងសំរាម​តាម​រមណីយដ្ឋាន​សំខាន់ៗ នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​

469
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: មន្ទីរ​ទេសចរណ៍ និង​មន្ទីរ​វប្បធម៌ ខេត្តកំពង់ចាម បាន​ត្រៀម​សហការគ្នា ដាក់ពង្រាយ​ធុងសំរាម​នៅតាម​បណ្តា​រមណីយដ្ឋាន​សំខាន់ៗ មួយចំនួន ដើម្បី​ថែរក្សា​អនាម័យ បរិស្ថាន និង​បង្កលក្ខណ​:​ងាយស្រួល ដល់​ភ្ញៀវទេសចរ​ដែល​នឹង​មកលេង​កម្សាន្ត​នា​ឳ​កាស​បុណ្យ​ភ្ជុំបិណ្ឌ ដែល​នឹង​មកដល់​ប្រមាណ​ជាង​មួយខែ​ខាងមុខនេះ​។​

បុរស​ម្នាក់នេះ​កំពុង​ធ្វើ​អនាម័យ បោសសម្អាត​ក្នុង​ក្រុង​កំពង់ចាម​ប្រមូល​សំរាម​ដាក់​ក្នុង​ធុង​

​លោក ស៊ាន សុគន្ធ ប្រធាន​មន្ទីរ​ទេសចរណ៍ ខេត្តកំពង់ចាម បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ថា យើង​នៅសល់​ពេលវេលា​ជាង​មួយខែ​ទៀត គឺ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​រយ​:​ពេល បី​ថ្ងៃ​ចាប់ពី​ថ្ងៃទី ៨ ដល់ ១០ ខែកញ្ញា ឆ្នាំ​២០១៨​។ ដើម្បី​ចូលរួម​អបអរសាទរ​ពិធីបុណ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ ខេត្តកំពង់ចាម​គ្រោង​ដាក់ពង្រាយ​ធុងសំរាម តាម​បណ្តា រមណីយដ្ឋាន​សំខាន់ៗ ជា​របស់​រដ្ឋ ហើយក៏​នឹង​ណែនាំ​ដល់​ម្ចាស់​រមណីយដ្ឋាន​ឯកជន ឲ្យ​មាន​ធុងសំរាម​ដូចគ្នានេះដែរ​។​

​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា គោលបំណង និង​ផលប្រយោជន៍​ដែល​ខាង​លោក និង​ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ គ្រោង​នឹងដាក់​ធុងសំរាម​តាម​ទីសាធារណៈ​បែបនេះ គឺ​កត្តា​សំខាន់ ដើម្បី​ឲ្យ​មានការ​ចូលរួម​លើកកម្ពស់​ថែរក្សា​អនាម័យ បរិស្ថាន បង្កើត​បរិយាកាស​បរិ​សុទ្ធ ស្រស់បំព្រង តាម​បណ្តា​រមណីយដ្ឋាន​ល្បីៗ​ទាំងនោះ​។ សំខាន់បំផុត​នោះ គឺ​ដើម្បី​ផ្គាប់ចិត្ត និង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ចូល​មកលេង​កម្សាន្ត​ម្តង​ហើយ​ចង់​មកលេង​មកលេង​កម្សាន្ត​ម្តងទៀត​។​

ស្លាក​សញ្ញា​បរិស្ថាន ឲ្យ​ភ្ញៀវ​ដាក់​សំរាម​ចូលក្នុង​ធុង​នៅ​រមណីយដ្ឋាន​ទឹកឆា

​លោក សុគន្ធ បាន​ឲ្យ​ដឹង​បន្តថា ក្រៅពី​កត្តា​ខាងលើ គឺ​យើង​ក៏​នឹង​ត្រៀម​ចូលរួម និង​ទទួល​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២៧ ខែកញ្ញា ឆ្នាំ​២០១៨​ខាងមុខ​។ សំខាន់​ជាង​នេះ គឺ​យើង​បានជ្រើសរើស​យក​រមណី​យ​ដ្ឋា​ន​វត្ត​នគរ​បា​ជ័យ និង​រមណីយដ្ឋាន​ភ្នំ​ប្រុស​ភ្នំ​ស្រី ស្រុក​កំពង់សៀម ជា​បេក្ខភាព​ប្រឡងប្រណាំង រមណីយដ្ឋាន​ស្អាត​ទូទាំងប្រទេស​។ ដូច្នេះ​ការពង្រាយ​ធុងសំរាម ទំនងជា​អាច​នឹង​ធ្វើឡើង​ឲ្យ​បាន​មុន​ថ្ងៃទី ២៧ ខែកញ្ញា​នេះ​។ លោក​បាន​បន្ថែមថា ធុងសំរាម​ដែល​ខាង​លោក និង​ខាង​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​: ត្រៀម​ពង្រាយ​នេះ​ជា​ធុង​ប្រភេទ​ជ័រ​ដែលមាន​តម្លៃ​ជិត​១០០ ដុល្លារ​។ ការពង្រាយ​ធុងសំរាម​តាម​រមណីយដ្ឋាន​ជា​លើកដំបូង​នេះ ក៏​យើង​ត្រូវការ​សហការ​ពី​សំណាក់​អាជ្ញាធរ ពិសេស​ព្រះសង្ឃ​គង់​តាម​អារាម នៃ​រមណីយដ្ឋាន​ដូចជា រមណីយដ្ឋាន​វត្ត​នគរ​បា​ជ័យ និង​រមណីយដ្ឋាន​ភ្នំ​ប្រុស​ភ្នំ​ស្រី ដើម្បី​ជួយ​ថែរក្សា​។​

​លោក​បាន​បន្តថា សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឆ្នាំ​២០១៨​នេះ គឺ​លោក​មានជំនឿថា ភ្ញៀវទេសចរ នឹង​មក​កម្សាន្ត​ទស្សនា​តាម​រមណីយដ្ឋាន ក្នុង​ខេត្តកំពង់ចាម​ក្នុង​រង្វង់​ជាង​១០​ម៉ឺន នាក់​។ ខណ​:​កាលពី​ឆ្នាំទៅ​២០១៧ មាន​ភ្ញៀវ​មកលេង​កម្សាន្ត​ចំនួន​ជាង ប្រាំបី​ម៉ឺន នាក់​។ ការដែល​លោក​ពោល​បែបនេះ គឺ​ដោយសារ​ប្រទេស​កម្ពុ​ជាមាន​សន្តិភាព​ពេញបរិបូរណ៍ និង​សេដ្ឋកិច្ច​ក្នុង​គ្រួសារ​ប្រជាពលរដ្ឋ​ក៏មាន​ការប្រសើរ​ដែរ​៕