ត្រៀម​ធ្វើសង្គ្រាម​? អាម៉េរិក​បញ្ជូន​ក្បួន​រថយន្តយោធា​ពី​ហ្សកដានី​ទៅ​អ៊ីរ៉ាក់​ខាងលិច​

484
ចែករម្លែក

​យោធា​អាម៉េរិក​បាន​បង្កើន​វត្ត​មាន​យោធា​របស់​ខ្លួន​នៅ​អ៊ីរ៉ាក់​ដល់​ចំនួន​១០.០០០​នាក់ និង​ផ្គត់ផ្គង់​ពួកគេ​ជា​មួយ​គ្រឿង​បរិក្ខា​រយោធា​ទំនើបៗ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​នៅ​​ក្នុង​អ៊ីរ៉ាក់​ដែល​យោង​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​Fars News​របស់​អ៊ីរ៉ង់​។​

​បើតាម​ទីភ្នាក់ងារ​សារព័ត៌មាន​អ៊ីរ៉ង់​Fars News យោធា​អាម៉េរិក​បាន​បញ្ជូន​ក្បួន​រថយន្ត​យោធា​មួយ​និង​ទាហាន​ពី​ហ្សកដានី​ទៅ​កាន់​អ៊ីរ៉ាក់​ខាងលិច​។​វា​ជា​ក្បួន​រថយន្ត​ធំ​មួយ​​ដែល​មាន​រថយន្តយោធា​ដល់​ទៅ​៧០​គ្រឿង​។​

​ក្បួន​រថយន្ត​ដែល​បាន​បើក​ចូល​មូលដ្ឋានទ័ព Ayn al-Assad មាន​ការការពារ​ពី​យន្តហោះ​​ប្រយុទ្ធ​អាម៉េរិក​។​

​មូលដ្ឋាន​Ayn al-Assad​នៅ​អ៊ីរ៉ាក់​ខាងលិច នៅ​ចម្ងាយ​ប្រមាណ​១៥០​គីឡូម៉ែត្រ​ពី​ស៊ី​រី​និង​ប្រមាណ​២៧០​គីឡូម៉ែត្រ​ពី​អ៊ីរ៉ង់​។​

​ចំណែក​ទីភ្នាក់ងារសារព័ត៌មាន​Al-Masdar News បាន​និយាយថា ​យោធា​អាម៉េរិក​បាន​បញ្ជូន​ទាហាន​និង​សព្វាវុធ​ទៅ​កាន់​អ៊ីរ៉ាក់​ខាងលិច​។​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ីរ៉ាក់​ក៏បាន​និយាយ​​កាលពី​ខែ​មុន​ថា យោធា​អាម៉េរិក​បាន​បង្កើន​វត្ត​មាន​ទាហាន​របស់ខ្លួន​នៅ​មូលដ្ឋាន​e Ayn al-Assad និង al-Habaniyeh​ដល់​១០.០០០​នាក់ ជាមួយនឹង​គ្រឿង​បំពាក់​ទំនើបៗ​។​

​ប្រភព​ព័ត៌មាន​បាន​បញ្ជាក់​ថា ៩០​ភាគរយ​នៃ​ទាហាន​អាម៉េរិក​ឈរជើង​នៅ​អ៊ីរ៉ាក់ ជា​កងកម្លាំង​ប្រយុទ្ធ​ពិតៗ មិនមែន​ជា​ទីប្រឹក្សាយោធា​ទេ​។​

​របាយការណ៍​របស់​Fars កើតឡើង​១​សប្តាហ៍​ក្រោយពី​អាម៉េរិក​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ​USS Abraham Lincoln​ទៅកាន់​ឈូង​សមុទ្រ ក្រោម​លេស​ថា ការពារ​ទល់​នឹង​ការ​គំរាម​​ពី​អ៊ីរ៉ង់​៕​ដោយៈ​វាសនា​/Ha

ក្បួន​រថយន្ត​យោធា​អាម៉េរិក​នៅ​អ៊ីរ៉ាក់​