ត្រៀម​ធ្វើ​ផ្ទះ​បណ្តែត​ទឹក​ដើម្បីបញ្ជាក់ពីការមិន​ព្រម​ចាក​ចេញពី​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​

766

ស្ទឹងត្រែង​៖ ជនជាតិដើម​ភាគតិច​រស់នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាល​រមាស​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង បាន​ត្រៀមលក្ខណៈ កាប់​ដើម​ឫស្សី​ធ្វើ​ក្បូន សង់ផ្ទះ​បណ្តែត​ទឹក ប្រឆាំង​មិន​យល់ព្រម​ចេញពី​ភូមិ​ចាស់ នៃ​តំបន់​បាត​អាង ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ ជាដាច់ខាត​។ ទោះបីជា​ក្រុមហ៊ុន​បិទទ្វារ​ទឹក បណ្តាលឱ្យ​លិច​ភូមិ​របស់គាត់​យ៉ាងណាក៏ដោយ​។​

​ការប្រឆាំង​បែបនេះ បានកើត​ឡើង បន្ទាប់ពី​មានការ​សាងសង់ ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​នៅ​ខេត្តស្ទឹងត្រែង​។​ពលរដ្ឋ​រស់នៅ​តំបន់​រងគ្រោះ ពី​សាងសង់​ទំនប់ ត្រូវបាន​ក្រុមហ៊ុន និង​ប្រមុខ​រាជរដ្ឋាភិបាល មាន​គោលនយោបាយ​ដោះស្រាយ​សំណង​ជូន​ដល់​ពលរដ្ឋ​។ ប៉ុន្តែ មាន​ប្រជាពលរដ្ឋ​ខ្លះ យល់ព្រម​ទទួលយក​សំណង ពី​ក្រុមហ៊ុន​ហើយ​មួយចំនួនទៀត​មិន​ទទួលយក និង​ព្រម​ចាក​ចេញពី​ភូមិ​ចាស់​ទៅ​រស់នៅ​ភូមិ​អភិវឌ្ឍន៍​ថ្មី​នោះទេ​។​

​គួររំលឹកថា​កាលពី​ថ្ងៃទី​១៥​ខែកក្កដា​កន្លងទៅនេះ ក្រុមហ៊ុន​បាន​ជូនដំណឹង​ពី​ការបិទទ្វារ​ទប់​ដឹក​សាកល្បង​ទំនប់​ជា​លើកដំបូង​។​ខណៈពេល​បិទទ្វារ ទឹកនឹង​ឡើង​លិច​ផ្លូវ ស្ពាន​ភូមិ​មួយចំនួន​ដែល​ស្ថិតនៅ​តំបន់​ទំនាប​។​ពេល​ទឹក​ឡើង​លិច​ភូមិ​ពលរដ្ឋ​ត្រូវតែ​ចាកចេញ​ពី​ភូមិ​ចាស់​។​

​ក្រោយពី​ក្រុមហ៊ុន បិទទ្វារ​ទឹក​ទំនប់ បាន​រយះពេល​១០​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​១៥​កក្កដា​ដល់​ថ្ងៃទី​២៤-២៥​ខែកក្កដា​ឆ្នាំ​២០១៧​មាន​ពលរដ្ឋ​ជនជាតិដើម​ភាគតិច ចម្រុះ ពូជសាសន៍​មកពី​ខេត្តបន្ទាយមានជ័យ ពោធិ៍សាត់ កំពង់ធំ ព្រះវិហារ ក្រចេះ រតនគិរី មណ្ឌលគិរី មកជួប​ជុំគ្នា ដើម្បី​សួរសុខទុក្ខ ជនជាតិភាគតិច រស់នៅ​ឃុំ​ក្បាល​រមាស និង​ស្រែគរ​ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​។ ការជួប​ជុំនោះ ក៏មាន​រៀបចំ​ពិធីសែនព្រេន ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ជនជាតិដើម​ភាគតិច​។​

​ពលរដ្ឋ​នៅក្នុង​ភូមិ​ចាស់​បាន​លើកឡើងថា ជនជាតិដើម​ធ្លាប់​រស់នៅ មិន​ព្រម​ទទួលយក​សំណង​ពី​ក្រុមហ៊ុន ហើយ​ចាក​ចេញពី​ភូមិ​ឡើយ ទោះបីជា​ទឹក​ទំនប់ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ ឡើង​លិច​ភូមិ យ៉ាងណាក៏ដោយ​។​ខណៈ​នេះ ពួកគាត់ បាន​ត្រៀមលក្ខណៈ​រក​ទី​ទួ​ស​សុវត្ថិភាព​និង​កាប់​ដើម​ប្ញ​ស្សី ត្រៀម​ចង​ជា​ក្បូន ធ្វើ​ផ្ទះ​បណ្តែត​លើទឹក​រួចជាស្រេច​ហើយ​។​

​ការជួប​ជុំនោះ ក៏មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល មួយចំនួន ចូលរួម​ជាមួយនឹង​ពលរដ្ឋ​ជនជាតិដើម​ភាគតិច​នៅ​ទី​នោះដែរ​។ ប៉ុន្តែ កាលពី​ថ្ងៃទី​២៥​កក្កដា មន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស នៅ​កម្ពុជា​ចំនួន​២​រូប ត្រូវបាន​កម្លាំង សមត្ថកិច្ច​រារាំង​ខណៈពេល​មន្ត្រី​នោះ​មានបំណង​ចង់ទៅ​ចូលរួម​ជាមួយនឹង​ពលរដ្ឋ​រស់នៅ​ភូមិ​ចាស់​(​ឃុំ​ក្បាល​រមាស​និង​ឃុំ​ស្រែគ​ស្រុក​សេ​សាន​ខេត្តស្ទឹងត្រែង​)​។​ មន្ត្រី​ដែល​ត្រូវ​កម្លាំង​សមត្ថកិច្ច​រារាំង​មានការ​សោកស្តាយ​ចំពោះ​ការ មិន​អនុញ្ញាតឱ្យ​ចូលទៅ​មើល​ស្ថានភាព ពលរដ្ឋ​មិន​យល់ព្រម ទទួលយក​សំណង របស់​ក្រុមហ៊ុន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​។​

លោក ម៉ែន គុង​អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​បានឱ្យដឹងថា​អាជ្ញាធរ​បានដាក់​កម្លាំង​នៅ​ការពារ​សុវត្ថិភាព ត្រៀម​ជួយ​ដល់​ពលរដ្ឋ​ក្នុង​តំបន់​ទឹក​លិច​នៃ​ទំនប់​វា​រី​អគ្គិសនី​។ ជុំវិញ​រឿងនេះ ពលរដ្ឋ​ភាគច្រើន​បានសម្រេច​ចិត្ត​ទទួលយក​សំណង​ហើយ​បាន​ទៅ​រស់នៅ​ភូមិ​អភិវឌ្ឍន៍​ថ្មី​។ ទោះបីជា​ពលរដ្ឋ​ខ្លះ​មិនទាន់​ព្រម​ទទួលយក​សំណង​ពី​ក្រុមហ៊ុន យ៉ាងណាក៏ដោយ​អាជ្ញាធរ​នៅតែ​ប្រកាន់​ជំហរ​ពន្យល់ និង​ជួយ​ដល់​ពលរដ្ឋ​ជា​បន្តទៀត​។​ ចំពោះ​រឿងនេះ​ក្រុមហ៊ុន​បាន​ត្រៀម​ផ្ទះ ដី​សម្រាប់​ពលរដ្ឋ​ប្តូរ​ទីលំនៅ​ពី​ភូមិ​ចាស់ ទៅ​រស់នៅ​ភូមិ​អភិវឌ្ឍន៍​ថ្មី រួចជាស្រេច​ហើយ​។​បើសិនជា​ពលរដ្ឋ មិន​យល់ព្រម ទទួលយក​សំណង​ហើយ​ងាក​មក​ទទួលយក​អាជ្ញាធរ​នឹង​ស្វាគមន៍​ជានិច្ច​។​

​សូមបញ្ជាក់ថា​ចាប់តាំងពី​ទ្វារ​ទឹក​ទំនប់ វា​រី​អគ្គិសនី​សេសា​ន​ក្រោម​ពីរ ចាប់ផ្តើម​បិទ​កាលពី​ថ្ងៃទី​១៥​មកទល់ នឹង​ថ្ងៃទី​២៦​ខែកក្កដា​ឆ្នាំ​២០១៧ ទ្វារ​ទឹក​ចំនួន​៨​បិទ ក្នុងចំណោម​១០​។ រីឯ​ស្ថានភាព​ទឹក​នៃ​តំបន់​ទន្លេសេសាន វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​២៦​ខែកក្កដា កម្ពស់​ទឹក​តំបន់​ការដ្ឋាន​៦៨.២១​ម៉ែត្រ​, ស្ពាន​បណ្តែត​ទឹក​កើនឡើង​៥២.៥៦​ម៉ែត្រ​។ ភូមិ​ស្រែគ​កើន​៦៩.២៣​ម៉ែត្រ​។ ខ្សែទឹក​ខាងលើ​ស្រុក​វ៉ឺ​ន​សៃ​កើនឡើង​១០៨.៣៧​ម៉ែត្រ​, លំផាត់​កើនឡើង​១០២.៣៧​ម៉ែត្រ​ក្នុង​ខេត្តរតនគិរី​៕ ដោយ​៖ សុខុម​