ត្រៀម​រមណីយដ្ឋាន​និង​សង្ក្រាន្ត​គ្រប់​ស្រុក​ក្រុង​ដើម្បី​ទទួលភ្ញៀវ​មក​កម្សាន្ត​អបអរ​ឆ្នាំ​ថ្មី​

387
ចែករម្លែក
  • 1
    Share

ដោយ​:គង់​ហេង​/កំពង់ចាម​ ៖ អាជ្ញាធរខេត្ត​កំពង់ចាម​បាន​ត្រៀម​រៀបចំ តំបន់​រមណីយដ្ឋាន​ល្បីៗ​ចំនួនប្រាំកន្លែង និង​រៀបចំ​សង្ក្រាន្ត​គ្រប់​ស្រុក​ក្រុង​ទាំង១០នៃ​ខេត្ត​ជាប់​ដង​ទន្លេមេគង្គ​មួយ​នេះ ដើម្បី​ទាក់ទាញ​ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ គ​.​ស ២០១៩ ប្រពៃណីជាតិ ដែល​នឹង​មកដល់​នា​សប្តាហ៍​ក្រោយនេះ​។​

លោក ស៊ាន សុគន្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី៨ មេសា​នេះ​ថា ក្នុងនោះ​ដើម្បី​ទទួលភ្ញៀវ​ជាតិ និង​អន្តរជាតិ​យើង​បាន​ត្រៀម​រៀបចំ​តំបន់​រមណីយដ្ឋាន​ទឹកឆា ស្រុក​ព្រៃឈរ រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ ​រមណីយដ្ឋាន​ភ្នំ​ប្រុស​ភ្នំ​ស្រី ​រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ និង​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ស្ថិត​ក្នុងស្រុក​កំពង់សៀម​។​

លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ដើម្បី​បង្កើន​ភាព​ទាក់ទាញ​ដល់​ភ្ញៀវទេសចរ​ដែល​អញ្ជើញ​មកលេង​កម្សាន្ត គឺ​យើង​បាន​បង្កើត​ឲ្យ​មាន​សង្ក្រាន្ត​ឆ្នាំ​ថ្មី លេង​កម្សាន្ត​ល្បែង​ប្រជាប្រិយ៍​នៅ​គ្រប់​ស្រុក​ក្រុង​ទាំង​ចំនួន ១០ របស់​ខេត្តកំពង់ចាម​។ ដោយ​ខាង​មន្ទីរ​ទេសចរណ៍​ជា​អ្នក​ឧបត្ថម្ភ​នូវ​សម្ភារ​:​សម្រាប់​លេងល្បែង​ប្រជាប្រិយ​មានដូចជា អ​ង្គុ​ញ ឈូង ខ្សែ​សម្រាប់​ទាញព្រ័ត្រ​ ក្អម …​។​ល​។​

លោក សុគន្ធ បាន​បន្តថា ប៉ុន្តែ​នៅតាម​វត្ត​អារាម​នានា គឺមាន​រៀបចំ​ល្បែង​ប្រជាប្រិយ​ដូច​រៀងរាល់ឆ្នាំ​ធម្មតា​។ យើង​សង្ឃឹមថា​តាមរយ​:​ការរៀបចំ​ខាងលើ ឆ្នាំនេះ​នឹងមាន​ភ្ញៀវ​អញ្ជើញ​មកលេង​កម្សាន្ត​ច្រើន​កុះករ​ជាង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​កន្លងទៅ បើទោះជា​ឆ្នាំនេះ​អាកាសធាតុ​មាន​លក្ខណ​:​ក្តៅ​ជាង​រាល់​ឆ្នាំ​បន្តិច​យ៉ាងណាក៏ដោយ​។​

លោក ប៉េង ឈុន អ្នកចាត់ចែង​រៀបចំ​នៅ​រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ​បាន​ឲ្យ​ដឹង​ដែរ​ថា ដើម្បី​ចូលរួម​អបអរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ឆ្នាំនេះ គឺ​ខាង​លោក​បានរៀបចំ​សង្ក្រាន្ត​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​កន្លងទៅ​ដែរ​។ ដោយ​គ្រាន់តែ​បន្ថែមចំនួន​សម្តែង ឬ​លេង​កម្សាន្ត​យូរ​ជាង​ឆ្នាំមុន​។​

លោកអ្នក​ចាត់ចែង​បាន​បន្តថា ក្នុងនោះ​មានកម្ម​វិធី​សាសនា ដូចជា ក្រុង​ពាលី រាប់​បាទ​ព្រះសង្ឃ ​ពូន​ភ្នំខ្សាច់ … ជាដើម​។ ល្បែង​ប្រជាប្រិយ​យើង​សម្តែង​ក្នុងន័យ​បញ្ជ្រាប​ជា​សារ ពី​ការថែរក្សា​ប្រពៃណី​ខ្មែរ និង​ជា​សារ​អប់រំ​ផ្សេងៗ​។ រៀបចំ​សម្តែង​ជា​ឈុត​បង្ហាញ​ម៉ូដ​សម្លៀកបំពាក់​បុរាណ​តាម​សម័យកាល​នីមួយៗ ដូច​កាលពី​ឆ្នាំមុន​ដែរ តែ​ឆ្នាំនេះ​ច្រើន​សម័យកាល​ជាង គឺមាន​ប្រហែល​ជិត​១០ សម័យកាល និង​ល្បែង​កម្សាន្ត កញ្ញា​ធ្លាក់ទឹក បោះ​កង ជាដើម​នោះ​៕​B/