ថង់​ប្លា​ស្ទីក​យួរដៃ​អាច​ថយចុះ​3​ដង​ក្រោយពី​កំណត់​តម្លៃបន្ថែម​

887
ចែករម្លែក

ដោយៈ មូល​សម្បត្តិ/ភ្នំពេញ: មន្ត្រី​ក្រសួងបរិស្ថាន​បានអោយ​អ្នកយកព័ត៌មាន​កាសែត​រស្មី​កម្ពុជា​ដឹង​កាលពីពេល​ថ្មី៏៏​នេះ​ថា បន្ទាប់ពី​បន្ថែម​ថ្លៃ​ប្រើ​ថង់​ប្លា​ស្ទីក​នៅតាម​ផ្សារ​ឡាក់​គី​និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​មួយចំនួន​ដែល​អនុវត្ត​ចាប់ពី​ដើមខែ​មេសា​នេះ បាន​ប៉ាន់​ស្មានថា​នឹង​អាចមាន​ការថយចុះ​នៃ​អ្នកប្រើប្រាស់​3​ដង​ជា​មធ្យម​។​

​លោក ហេង ណា​រ៉េត អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គាំពារ​បរិស្ថាន​នៃ​ក្រសួងបរិស្ថាន​បានអោយដឹងថា ការដាក់​ឲ្យ​អនុវត្ត​នៅ​ផ្សារ​ឡាក់​គី ដោយ​យក​តម្លៃបន្ថែម​ប្រមាណ​400៛​ក្នុង​ថង់​មួយ​មកនេះ​គឺជា​ការអប់រំ​មនុស្ស​មួយ​ជំហាន​ដំបូង​អោយ​យល់​ពី​ផល​ប៉ះ​បរិស្ថាន​ទៅលើ​ការប្រើ​ថង់​ប្លា​ស្ទីក​យួរដៃ​នេះ​។​

​លោក​បាន​បន្តថា ក្នុង​ច្បាប់​បានកំណត់​ហាម​តែ​ថង់​ប្លា​ស្ទីក​យួរដៃ​ប៉ុណ្ណោះ​។​មិន​ពាក់​ពន្ធ​ទៅនឹង​ឧបករណ៍​ប្លា​ស្ទីក​សំរាប់​វេច​ខ្ចប់​អ្វី​ទៀតឡើយ​។ លោក​បាន​បន្តថា យើង​មិនអាច​បញ្ឈប់​ឬ​ខ្ទប់​ទាំងស្រុង​ហាម​មិនអោយ​ប្រើ​ថង់​ប្លា​ស្ទីក​នោះឡើយ វា​ប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខ្លាំងណាស់​។​យើង​គ្រាន់តែ​កាត់បន្ថយ​អោយនៅ​កំ​រឹត​ជា​អប្ប​រិ​មា​ដែល​អាច​ធ្វើទៅបាន​តែប៉ុណ្ណោះ​។​លោក ណា​រ៉េត បញ្ជាក់ទៀតថា ដោយសារ​យើង​មិនទាន់មាន​លទ្ធភាព​គ្រប់គ្រង​បាន ទើប​យើង​ធ្វើ​បានតែ​ផ្សារ​បែបនេះ​។​ក្រោយ​ឆ្នាំ​2020​ទើប​អាចឈាន​ទៅធ្វើ​នៅតាម​ផ្សារ​ធំៗ​ដូចជា​អូរឫស្សី ផ្សារ​អូរ​ឡាំ​ពិ​ក​និង​ផ្សារ​ទួល​ទំពូង​ជាដើម​។​

​អ្នកវិភាគ​ខាង​បរិស្ថាន​និយម​យល់ឃើញថា ច្បាប់​កំណត់​បែបនេះ​នៅមាន​លក្ខណៈ​ស្រាល​ណាស់ មិនអាច​កាត់បន្ថយ​ការបំពុល​បរិស្ថាន​បាន​នោះទេ ហើយ​សម្រាម​ថង់​ប្លា​ស្ទីក​នៅតែ​ត្រូវគេ​ពង្រាយ​តាមផ្លូវ​សាធារណៈ​គ្រប់​ទីកន្លែង ដដែល​។​

​កន្លងមក លោក ណា​រ៉េត ធ្លាប់​លើកឡើងថា ប្រជាពលរដ្ឋ​ទូទាំងប្រទេស​ក្នុង​ម្នាក់​ប្រើ​ថង់​ប្លា​ស្ទីក​4​ថង់​ក្នុង​មួយថ្ងៃ ដូច្នេះ​ត្រូវ​10​លាន​ថង់​ក្នុង​1​ថ្ងៃ​ដែល​ចោល​លើ​ទីសាធារណៈ​។​ R

#