ថវិកា​ជិត ៦០០​លាន​ដុល្លារ សម្រាប់​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៩

858
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​/ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អ​ភិ​វ​ឌ្ឍ​តាមបែប​ប្រជាធិប​តេយ្យ​​នៅ​ថ្នាក់ក្រោម​ជាតិ “​គ​.​ជ​.​អ​.​ប​” បានធ្វើ​សិក្ខាសាលា​ជាតិ​ស្តីពី​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​ធ្នុ​ឆ្នាំ​២០១៨ នា​ទីស្តីការ​ក្រសួង​មហាផ្ទៃ ដោយមាន​ការចូលរួម​ធ្វើ​បទ​បង្ហាញ​ពី​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ សិក្ខា​សាលា​ជាតិ​នេះ មាន​រយៈពេល​ពីរ​ថ្ងៃ(​ព​ថ្ងៃទី​២៦-២៧ ខែធ្នូ )។តាមកម្មវិធីនៅ​ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃនឹងអញ្ជើញ​ចូលរួម​​បិទ​សិក្ខាសាលានេះ។​

​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បាន​ថ្លែងថា សិក្ខាសាលា​ជាតិ​នេះ រៀបចំ​ឡើង​​ក្នុង​គោលបំណង​ឆ្លុះបញ្ចាំង​អំពី​វឌ្ឍនភាព និង​បញ្ហា​ប្រឈម​នានា នៃ​ការអនុវត្ត​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៨ របស់​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការ​អ​ភិ​វ​ឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ “​គ​.​ជ​.​អ​.​ប​” និង​ដើម្បី​ផ្តល់ឱកាស​ឲ្យ​មាន​ការ​ពិភាក្សា និង​ពិគ្រោះ​យោបល់​ក្នុងចំណោម​តួអង្គ​ពាក់ព័ន្ធ​នានា ទាំង​នៅ​ថ្នាក់​ជាតិ និង​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​រិះរក​ដំណោះស្រាយ​ចំពោះ​បញ្ហា​ប្រឈម និង​ស្វែង​រក​ការឯកភាព​គ្នា​លើ​សេចក្តីព្រាង​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៩ របស់ គ​.​ជ​.​អ​.​ប ដើម្បី​ឈានទៅ​រៀបចំ​កញ្ចប់ និង​ការ​ដាក់ជូន គ​.​ជ​.​អ​.​ប ពិនិត្យ និង​សម្រេច​។​

​លោក​បាន​បន្តថា ផ្អែក​តាម​កម្មវិធី​ដែល​បានគ្រោង​ទុក អង្គសិក្ខាសាលា​ទាំងមូល និង​បង្ហាញ​អំពី​វ​ឌ្ឍ​ភាព និង​បញ្ហា​ប្រឈម​នានា នៅក្នុង​ការអនុវត្ត​ក្នុង​ឆ្នាំ​២០១៨ និង​អំពី​សេចក្តីព្រាង​សកម្ម​ភាពជា​អាទិភាព​នានា ដែល​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​នៅក្នុង​ឆ្នាំ​២០១៩ ខាងមុខនេះ​។ សកម្ម​ភាពជា​អាទិភាព​ទាំងនេះ ត្រូវបាន​គ្រោងឡើង ដោយមាន​ការជជែក​ពិភាក្សាគ្នា​ជាបឋម ជាមួយ​ស្ថាប័ន​អនុវត្ត​នានា​តាំងពី​ប៉ុន្មាន​ខែ​កន្លងមក ដោយ​​​ផ្អែក​ជាសំខាន់​លើ​ផែនការ​អនុវត្ត​៣​ឆ្នាំ ដំណាក់កាល​ទី​៣ នៃ​កម្មវិធី​ជាតិ​រយៈ​ពេល​​១០​ឆ្នាំ ស្តីពី​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​។
លោក​ឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ថា សកម្មភាព​ទាំងនេះ ក៏ត្រូវ​បានរៀបចំ​ឡើង​ដោយ​ផ្អែកទៅលើ​គម្រោង​ថវិកា​សរុប​ប្រមាណ ៥៩៥​លាន​ដុល្លារ រួមបញ្ចូល​នូវ (១). ថវិការដ្ឋ​ប្រមាណ ៥៥១​លាន​ដុល្លារ ដែល​ក្នុងនោះ​មាន​ថវិកា​ចំនួន​ប្រមាណ ៥៤៣​លាន​ដុល្លារ សម្រាប់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង (២). ថវិកា​ចូលរួមចំណែក​ពី​ដៃគូ​អភិវឌ្ឍន៍​ចំនួន​ប្រមាណ ៤៤​លាន​ដុល្លារ​។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៨ ថវិកា​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ឆ្នាំ​២០១៩ ខាងមុខនេះ មានការ​កើនឡើង​ប្រមាណ​១២៧​លាន​ដុល្លារ ដោយសារ​កំណើន​សេដ្ឋកិច្ចជាតិ ការបង្កើន​អត្រា​ចូលរួម​របស់​ថវិការ​ដ្ឋ​ទៅក្នុង​មូលនិធិ​ឃុំ សង្កាត់ ក្រុង ស្រុក និង​ការបង្កើត​ឲ្យ​មាននូវ​ប្រភព​ចំណូល​ផ្សេងៗ​ទៀត​៕​សរន