ថវិកា​ពី​សប្បុរសជន និង​រាជរដ្ឋាភិបាល គួរតែ​មន្ទីរពេទ្យ​កាល់ម៉ែត ពិនិត្យ និង​ព្យាបាល​អ្នកជំងឺ ឥតគិតថ្លៃ ដូច​មន្ទីរពេទ្យ​គន្ធបុប្ផា​ដែរ​!

362
ចែករម្លែក

ថវិកា​ពី​សប្បុរសជន រួមទាំង​ថវិកា​របស់​រាជរដ្ឋាភិបាល សម្រាប់​សាងសង់​អគារ និង​បំពាក់ សម្ភារៈ​បរិក្ខារ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​រាជធានី​ភ្នំពេញ បាន​កើន​ដល់​ជាង ១០០​លាន​ដុល្លារ ហើយ​។ ក្នុងនោះ ថវិកា​ពី​សប្បុរសជន បាន​ជាង ៧០​លាន​ដុល្លារ និង​ថវិកា​របស់​រាជរដ្ឋាភិបាល ចំនួន ៣០​លាន​ដុល្លារ​។​

​បញ្ជី​សប្បុរសជន ជួយ​ថវិកា ទិញ​ឧបករណ៍​សម្ភារៈ សម្រាប់​គម្រោង​អភិវឌ្ឍន៍ និង​ទំនើបកម្ម អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ក្រោម​ការអំពាវនាវ​ជា​កុសល​ដ៏ ឧត្តុង្គឧត្តម​របស់​ស​ម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ត្រូវបាន ផ្សព្វផ្សាយ កាលពី​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៩​។ ក្នុងនោះ សប្បុរស ជន និង​ក្រុមហ៊ុន​នានា មាន​ទាំង​ក្រុមហ៊ុន​ជាតិ និង​ក្រុមហ៊ុន​ចិន ព្រមទាំង​ប្រជាពលរដ្ឋ​សាមញ្ញ រហូតដល់​មហាសេដ្ឋី បានផ្តល់​នូវ​ថវិកា​ស​រុ​ប ចំនួន​ជាង ៧០ លាន​ដុល្លារ និង​ទឹក​ប្រាក់រៀល ចំនួន​ជាង ៣២ លាន​រៀល​។

​ក្នុងនោះ គណបក្ស​ប្រជាជន​កម្ពុជា ផ្តល់​ថវិកា​ច្រើនជាងគេ រហូតដល់ ២០​លាន​ដុល្លារ​។ រីឯ ក្រុមហ៊ុន ណាហ្គា វើ​ល ឧបត្ថម្ភ ប្រាំ​លាន​ដុល្លារ​។ ចំណែក​ក្រុមហ៊ុន​ឯកជន ចំនួន​បី​និង​ឧកញ៉ា ចំនួន ១០​រូប បានផ្តល់​ថវិកា ក្នុង​មួយក្រុម​ហ៊ុន និង​ក្នុង​ម្នាក់ៗ ចំនួន ៣​លាន​ដុល្លារ​អាមេរិក សម្រាប់​គម្រោង​អភិវឌ្ឍន៍ និង​ទំនើបកម្ម​អគារ​មជ្ឈមណ្ឌល​ពហុ​ឯកទេស​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​។​

​ចំពោះ​ថវិកា ដែល​សប្បុរសជន​ចូលរួម ដើម្បី​ធ្វើ​ទំនើបកម្ម​មន្ទីរពេទ្យ​កាល់ម៉ែត ព្រម ទាំង​ថវិកា របស់​រាជរដ្ឋាភិបាល សម្រាប់​សាងសង់​អគារ​មន្ទីរពេទ្យ​បន្ថែម រហូត​ថ្ងៃទី​០៦ ខែធ្នូ ឆ្នាំ​២០១៩ មាន​ចំនួន​សរុប​ជាង ១០០​លាន​ដុល្លារ ត្រូវបាន​សម្តេច​តេ​ជោ នាយក រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា ធ្វើឱ្យ​យើង​មានលទ្ធភាព រៀបចំ​មន្ទីរពេទ្យ​កាល់ ម៉ែត​ឱ្យក្លាយ​ទៅជា​ម​ជ្ឈ មណ្ឌល​ពហុបច្ចេកទេស សម្រាប់​ការពិនិត្យ​ព្យាបាល​ជូន​ប្រជាជន​យើង​ឱ្យ​កាន់​តែមាន ប្រសិទ្ធភាព​។​

​សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូល រួម​បរិច្ចាគ​ថវិកា ដើម្បី​សង្គ្រោះ​ជិវិត​មនុស្ស តប​តាម​ការអំពាវនាវ​រប​ស់ស​ម្តេច​។ សម្តេច​តេ​ជោ ហ៊ុន សែន អំឡុងពេល​ម្តាយក្មេក​របស់​សម្តេច បាន​ចូល​សម្រាក​ព្យាបាល និង​សង្គ្រោះបន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​រាជធានី​ភ្នំពេញ កាលពី​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ សម្តេច​បាន​អំពាវ នាវ​ឲ្យ​សប្បុរសជន ចូលរួម​ថវិកា ដើម្បី​បំពាក់​ឧបករណ៍​សម្ភារៈ​ទំនើបៗ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ខណៈដែល​សម្តេច បានប្រកាស​ឲ្យ​រាជរដ្ឋាភិបាល បញ្ចេញ​ថវិកា ៣០​លាន​ដុល្លារ​ដើម្បី​សាងសង់ អគារ​មន្ទីរពេទ្យ​កាល់ម៉ែត ដែល​កំពុង​សាងសង់ គ្រោង​នឹង​ចំណាយ​ជាង ៣០​លាន​ដុល្លារ​។​

​យ៉ាងណាក៏ដោយ មន្ទីរពេទ្យ​កាល់ម៉ែត គឺជា​មន្ទីរពេទ្យ​រដ្ឋ ហើយក៏​បានទទួល​ជំនួយ​ទាំង​សម្ភារៈ ឧបករណ៍ រួមទាំង​អគារ​មន្ទីរពេទ្យ ជាដើម ពី​រាជរដ្ឋាភិបាល​កម្ពុជា ក៏ដូចជា​ប្រទេស​ជា​មិត្ត មាន​ប្រទេស​បារាំង​ជាដើម​។ ប៉ុន្តែ​តម្លៃ​សម្រាក​ព្យាបាល​អ្នកជំងឺ ពិសេស​ជំងឺ​បេះដូង​គឺ​ថ្លៃ​។ ក្នុងនោះ គ្រាន់តែ​តម្លៃ​គ្រែ​ដេក​មួយ​យប់ ថ្លៃ​ដល់​ទៅ ៤០​ដុល្លារ​។ រីឯ​ថ្នាំពេទ្យ​វិញ គឺ​ចូលដល់​រាប់ រយ​ក្នុង​មួយថ្ងៃៗ​។ នៅ​ផ្នែក​ផ្សេងទៀត តម្លៃ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក៏​ថ្លៃ ដែល​ប្រជាពលរដ្ឋ មាន​ជីវភាព​មធ្យម ពិបាក​នឹង​រកលុយ​បង់ថ្លៃ​ណាស់​។​

​ផ្ទុយទៅវិញ បើ​មើលទៅ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ជា ដែល​ទទួលបាន​ជំនួយ​ពី​សប្បុរសជន​តាមរយៈ​ការ ផ្តួចផ្តើម​របស់លោក​វេ​ជ្ជ​បណ្ឌិត Beat Richner គឺ​បាន​ព្យាបាល​ជំងឺ​ដល់​កុមារ​កម្ពុ​ជាទូទៅ មិន​ថា កូនអ្នកមាន កូនអ្នកក្រ កូនអ្នកមាន​ជីវភាព​មធ្យម​នោះទេ គឺ​ព្យាបាល​មិន​រើសមុខ​ហើយដោយ មិន​គិតថ្លៃ​ថែមទៀត​។

​ខុសគ្នា​ស្រឡះ​រវាង​មន្ទីរពេទ្យ​រដ្ឋ​នានា មិនថាតែ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​នោះទេ​។ មាន​ដែល​អ្នក ក្រីក្រ ដែលមាន​ប័ណ្ណ​បញ្ជាក់​ពី​អាជ្ញាធរ​ភូមិ​ឃុំ ថា​ជា​គ្រួសារ​ជនទីទ័លក្រ គឺ​ទទួលបាន​នូវ ការ​សម្រាក​ព្យាបាល​ដោយ​ឥតគិតថ្លៃ​ពី​មន្ទីរពេទ្យ​កាល់ម៉ែត ក៏ដូចជា​មន្ទីរពេទ្យរ​ដ្ឋ​ដទៃ​ផ្សេង ទៀត​។ តែ​សម្រាប់​អ្នកមាន​ជីវភាព​មធ្យម ឬក៏​អ្នកក្រីក្រ ដែល​មិនមាន​ប័ណ្ណ​បញ្ជាក់​ពី​អាជ្ញាធរ សមត្ថកិច្ច ចូល​ពេទ្យ​រដ្ឋ ត្រូវ​បង់ប្រាក់ ថ្លៃ​សម្រាក​ព្យាបាល ថ្លៃ​គ្រែ និង​ថ្លៃ​ថ្នាំ​។​

​ឆ្លងកាត់​បទពិសោធន៍​កន្លងមក ប្រជាពលរដ្ឋ​ទូទាំង ស្នើ​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត សូម មេត្តា ពិនិត្យ​ព្យាបាល​អ្នកជំងឺ ដោយ​ពុំ​គិតថ្លៃ និង​ដោយ​ពុំ​រើសមុខ​ផង ព្រោះថា ជា​មន្ទីរពេទ្យ​រដ្ឋ ទទួលបាន​ជំនួយ​ពីរ​ដ្ឋ និង​សប្បុរសជន តែ​បែរជា​មន្ទីរពេទ្យ ពិនិត្យ​ព្យាបាល​ជំងឺ យកលុយ ហើយ​យកលុយ ថ្លៃ​ខ្ពស់​ទៅទៀត ដែល​នាំ​ឲ្យ​មហាជន​ងើ​ង​ឆ្ងល់​ថា តើ​លុយ​ព្យាបាល​នោះ យកទៅ​ណា បើ​មួយឆ្នាំ​មន្ទីរពេទ្យ យកលុយ​រដ្ឋ​ចំណាយ​ខ្ទង់លាន​ដុល្លារ​ហើយក៏​មាន​លុយ ជំនួយ​ពិសេស​ពី​រាជរដ្ឋាភិបាល ក៏ដូចជា​សប្បុរសជន​ចូល​រាប់លាន​ថែមទៀត​ដូច្នេះ​?៕ ដោយៈ ម៉េង​ឆៃ​