ថាក់ស៊ីន​ជឿជាក់ថា​កម្លាំង​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នឹង​ឈ្នះ​ការបោះឆ្នោត​

794
ចែករម្លែក

​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ា​ត់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨​តុលា​ថា សម្ព័ន្ធភាព​នៃ​បណ្តា​គណបក្ស​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ នឹង​អាច​ផ្តួល​បណ្តា​គណបក្ស​ដែល​គាំទ្រ​យោធា នៅក្នុង​ការបោះឆ្នោត​ទូទៅ​នាពេលខាងមុខ ប្រសិនបើ​វា​ត្រូវបាន​ធ្វើឡើង​ដោយ​សេរី​និង​យុត្តិធម៌​។​

​លោក​ថាក់ស៊ីន​បាន​និយាយ​នៅក្នុង​បទសម្ភាសន៍​ជាមួយ​ទីភ្នាក់ងារសារព័ត៌មាន​ក្យូ​ដូ​អំឡុង​ទស្សនកិច្ច​ទៅកាន់​ហុងកុង​ថា “​ខ្ញុំ​គិតថា​គណបក្ស​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ រួមគ្នា នឹង​ឈ្នះ​អាសនៈ​សភា​ជាន់​ទាប​ជាង ៣០០ កៅអី​ក្នុងចំណោម ៥០០ អាសនៈ​។ វា​ដល់ពេល​សម្រាប់​អ្នកបោះឆ្នោត​ចេញទៅ​បោះឆ្នោត​…​ដើម្បី​ទាត់ចោល​ការដឹកនាំ​ផ្តាច់ការ​ក្នុងប្រទេស​ថៃ​”​។​

​យោងតាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០១៧ ដើម្បី​ឈ្នះ​ការបោះឆ្នោត​នាយករដ្ឋមន្ត្រី សម្ព័ន្ធភាព​ដែល​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​នឹង​ត្រូវការ​យ៉ាងហោចណាស់ ៣៧៦ អាសនៈ​នៅក្នុង​សភា​។

​អ្នកជំនួញ​ប្រែជា​អ្នកនយោបាយ​វ័យ ៦៩ ឆ្នាំ ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​ជា​នាយករដ្ឋមន្ត្រី​ក្នុង​រដ្ឋប្រហារ​យោធា​គ្មាន​ការ​បង្ហូរឈាម​នៅ​ឆ្នាំ ២០០៦ រូបនេះ​បាន​និយាយថា គណបក្ស​របស់លោក​ដែល​បានឈ្នះ​គ្រប់ការ​បោះឆ្នោត​ថ្នាក់ជាតិ​ចាប់តាំងពី​ឆ្នាំ ២០០១ នឹង​ប្រាកដជា​ធ្វើ​បានល្អ​នៅក្នុង​ការបោះឆ្នោត ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ ពីព្រោះ​អ្នកបោះឆ្នោត​ជាច្រើន​ជឿថា គណបក្ស​នេះ “​តែងតែមាន​ដំណោះស្រាយ​សម្រាប់​ពួកគេ​”​។​

​លោក​និយាយថា “​គ្រប់​ពេលដែល​យើង​ក្លាយទៅជា​រដ្ឋាភិបាល ពួកគេ​មាន​អារម្មណ៍​ថា​ពួកគេ​មាន​ភាព​ចម្រុងចម្រើន ជាពិសេស​ប្រជាជន​នៅក្នុង​ថ្នាក់កណ្តាល​និង​ប្រជាជន​ថ្នាក់ទាប​។ ប្រជាជន​ត្រូវការ​គណបក្ស​ដែល​អាចមាន​ដំណោះស្រាយ​សម្រាប់​ជីវិត​របស់​ពួកគេ​ជាជាង​គណបក្ស​ដែលមាន​អំណាច​ច្រើន ច្រើន​ហួសប្រមាណ ដែល​មិន​អនុញ្ញាតិ​ឱ្យ​ពួកគេ​មាន​សេរីភាព​”​។​

​លោក​ថាក់ស៊ីន​បាន​និយាយថា​លោក​ជឿជាក់ថា​ការបោះឆ្នោត​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៤ ខែកុម្ភៈ ដោយសារ​លោកនាយករ​ដ្ឋ​មន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា បាន​សន្យា​ជា​អន្តរជាតិ​ជាច្រើន​ដង​ថា​នឹង​រៀបចំ​ការបោះឆ្នោត បន្ទាប់ពី​ការពន្យារពេល​ជាច្រើនលើក​។​

​លោក​បាន​និយាយថា “​វា​ជា​ឱកាស​ចុងក្រោយ​របស់គាត់​ក្នុងការ​រក្សា​ពាក្យសន្យា​របស់គាត់​” ដោយ​បន្ថែមថា ទោះយ៉ាងណា បើ​ក្បត់ពាក្យសន្យា វា​នឹង​មិនល្អ​សម្រាប់​ប្រទេស​នោះទេ​។​

​លោក​ថាក់ស៊ីន​បាន​និយាយទៀតថា ក្រោម​ការគ្រប់គ្រង​រប​ស់​របប​យោធា “​អ្នក​មិនអាច​រំពឹងថា​នឹងមាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ​ទេ អ្នកនឹង​មិនអាច​រំពឹង​មាន​យុត្តិធម៌​នោះទេ​”៕ ដោយ៖ កញ្ញាដាលីស

លោក​ថាក់ស៊ីន និង​លោកស្រី​យី​ង​ឡាក់