ថាក់ស៊ីន​បង្ហោះ​រូប​ដើរលេង​សប្បាយ​ជាមួយ​ប្អូនស្រី​នៅ​អាមេរិក​

3480
ចែករម្លែក
  • 629
    Shares

​បងប្អូន​ត្រកូល​ថាក់ស៊ីន លោក​ថាក់ស៊ីន​និង​លោកស្រី​យី​ង​ឡាក់ កាលពី​ថ្ងៃអាទិត្យ​ទី​១០​មិថុនា​បាន​បង្ហោះ​រូប​នៃ​ដំណើរ​កំសាន្ត​របស់​អ្នក​ទាំងពីរ​នៅ​ទឹកដី​អាមេរិក កន្លែង​​ដែល​ពួកគេ​បាន​ជួប​អ្នកនយោបាយ​និង​អ្នកជំនួញ​ជា​មិត្ត​ភ័ក្តិ​ខ្លះ​។​

​ថាក់ស៊ីន​បាន​សរសេរ​បង្ហោះ​ក្នុង​គណនី​@thaksinlive​របស់លោក​ថា “​ខ្ញុំ​មានឱកាស​ជួប​មិត្ត​ចាស់​ដែល​ធ្លាប់​ស្គាល់គ្នា​តាំងពី​សិក្សា ធ្វើ​ជំនួញ​និង​បន្ទាប់មក​ធ្វើជា​អ្នក​ន​យោ​​បាយ​”​។​

​បងប្អូន​ទាំងពីរ​បាន​ទៅ​ទស្សនា​រដ្ឋធានី​វ៉ាស៊ីនតោន ក្រុង​ញូវយ៉ក​និង​រដ្ឋ​ខេន​ធឺ​ឃី កន្លែង​ដែល​ពួកគេ​បាន​សិក្សា​សំរាប់​សញ្ញាបត្រ​អនុបណ្ឌិត​។​

​ថាក់ស៊ីន​បាន​បន្ថែមថា​” មក​ទស្សនា​កន្លែង​ដែល​ខ្ញុំ​ធ្លាប់បាន​ចំណាយពេល​និង​ផ្តល់អោយ​ខ្ញុំ​មាន​សុភមង្គល​ដែល​មិនអាច​ថ្លែង​បាន​”​។​

​ខណៈ​វា​មិនមែនជា​លើកដំបូង​ដែល​អតីត​នាយករដ្ឋមន្ត្រី​ទាំងពីរ​បានបង្ហាញ​មុខ​រួមគ្នា​ចាប់តាំងពី​ពេល​លោកស្រី​យី​ង​ឡាក់​ភៀសខ្លួន​ចេញពី​ប្រទេស​ថៃ​កាលពី​ឆ្នាំមុន នេះ​​ជា​លើកដំបូង​ដែល​ថាក់ស៊ីន​ថត​បង្ហោះ​រូបភាព​ជាមួយ​ប្អូនស្រី​នៅក្នុង​បណ្តាញ​សង្គម​ផ្ទាល់​របស់លោក​។​អតីត​នាយករដ្ឋមន្ត្រី​វ័យ​៦៨​ឆ្នាំ​រូបនេះ ធម្មតា​សកម្ម​ក្នុង​ហ្វេ​ស​​ប៊ុ​ក តែ​បាន​បង្ហោះ​រូប​ក្នុង​Twitter​និង Instagram​ម្តងម្កាល​ដែរ​។​

​ទោះជា​យ៉ាងណា ជីវិត​របស់​បងប្អូន​ត្រកូល​ស៊ីណា​វ៉ាត​នេះ នៅតែ​អាច​ត្រូវគេ​មើលឃើញ​ក្នុង​គណនី​បណ្តាញ​សង្គម​របស់​កូនៗ​បីនាក់​របស់លោក​ថាក់​ស៊ីន ដែល​ច្រើនតែ​​បង្ហោះ​រូប​ឪពុក​និង​ម្តាយមីង​របស់​ពួកគេ​ដែល​រីករាយ​នឹង​ជីវិត​នៅឯ​បរ​ទស​។​

​សូមបញ្ជាក់ថា​ទាំង​ថាក់ស៊ីន​និង​យី​ង​ឡាក់​បានរស់នៅ​ដោយ​ការ​និរទេស​ខ្លួន​ឯ​បរទេស​ដើម្បី​គេចចេញ​ពី​ការចាប់​ដាក់គុក​ក្រោយពី​ត្រូវ​តុលា​ការចេញ​សាលក្រម​ដាក់​​ទោស​ពួកគេ​ចំពោះ​ការប្រព្រឹត្ត​អំពើពុករលួយ ការរំលោភ​អំណាច​និង​ធ្វេសប្រហែស​ភារកិច្ច ទោះជា​យ៉ាងណា ការកាត់ទោស​ពួកគេ​ត្រូវបាន​ធ្វើឡើង​ក្រោយ​យោធា​​ធ្វើ​រដ្ឋប្រហារ​ទម្លាក់រ​ដ្ឋា​ភិ​បាល​ជាប់ឆ្នោត​របស់គេ​និង​ត្រូវបាន​មើលឃើញថា​ជា​ដាក់ទោស​មាន​និន្នាការ​នយោបាយ​ច្រើនជាង​។​

​ក្រោយ​ការរត់​គេចខ្លួន យី​ង​ឡាក់​ត្រូវ​បានឃើញ​នៅ​ក្រុង​ឡុង​ដ៍​កាលពី​ឆ្នាំមុន និង​ក្រោយមក​នៅ​ក្រុង​សៀង​ហៃ​និង​តូ​ក្យូ​។​ទោះជា​បង្ហាញមុខ យី​ង​ឡាក់​មិនបាន​ធ្វើការ​​កត់សំគាល់​អ្វី​ជា​សាធារណៈ​ទេ​៕ដោយ:វាសនា