ថាក់ស៊ីន និង យីងឡាក់យក App មួយទៅបង្ហាញនៅពិព័រណ៍គ្រឿងអេឡិចត្រូនិចក្នុងទីក្រុងឡាសវេហ្គាស

149
ចែករម្លែក

អ្នកទាំងពីរគឺជាអតីតនាយករដ្ឋមន្រ្តីនិងជាបងប្អូនបង្កើតដែលគេចង់ចាប់ខ្លួនបំផុតនៅថៃ ប៉ុន្តែក្នុងពេលនិរទេសខ្លួននៅក្រៅប្រទេស មេដឹកនាំថៃដែលគេបណ្តេញពីអំណាចលោកថាក់ស៊ីន ស៊ីណាវ៉ាត់និងប្អូនស្រីរបស់គាត់លោកស្រីយីងឡាក់បានងាកទៅរកការងារសាមញ្ញគឺផ្សព្វផ្សាយកម្មវិធី (App) អាហារូបត្ថម្ភ DNA នៅឯពិព័រណ៍គ្រឿងអេឡិចត្រូនិច (CES) ក្នុងទីក្រុងឡាសវេហ្គាស។

អ្នកទាំងពីរបានបង្ហាញខ្លួនកាលពីថ្ងៃពុធ ទី៨ មករានៅពិព័រណ៍ CES ឆ្នាំ ២០២០ ដែលដំណើរការពីថ្ងៃទី ៧ដល់១០ ខែមករាដើម្បីជំរុញផ្សព្វផ្សាយការវិនិយោគមួយរបស់អ្នកទាំងពីរ។

ថាក់ស៊ីននិងយីងឡាក់ឃើញនៅជាមួយគ្នានៅស្តង់របស់ក្រុមហ៊ុន DNANudge ដែលជាក្រុមហ៊ុនមួយប្រើសំឡីត្បារទឹកមាត់ពីថ្ពាល់ក្នុង ដែលផ្ទុក DNA របស់មនុស្ស ដើម្បីណែនាំឱ្យជ្រើសរើសរបបអាហារត្រឹមត្រូវ។ នេះយោងតាមវេបសាយរបស់ក្រុមហ៊ុន។

លោកស្រីយីងឡាក់បានសរសេរនៅលើបណ្តាញសង្គម Twitter ថា “បងប្រុសខ្ញុំនិងខ្ញុំនៅទីនេះក្នុងពិព័រណ៍គ្រឿងអេឡិចត្រូនិកឆ្នាំ ២០២០ នៅឡាសវេហ្គាសសហរដ្ឋអាម៉េរិក បានបើកអាជីវកម្មរបស់យើង ដែលយើងបានវិនិយោគ និងទើបតែបើកដំណើរការនៅទីក្រុងឡុងដ៍”។

គួររំលឹកថា អ្នកទាំងពីរត្រូវបានបណ្តេញចេញពីតំណែងក្នុងអំឡុងរដ្ឋប្រហារយោធាដូចគ្នា ដោយលោកថាក់ស៊ីនត្រូវគេបណ្តេញក្នុងឆ្នាំ ២០០៦ និងប្អូនស្រីរបស់គាត់គឺក្នុងឆ្នាំ ២០១៤៕ ដោយ៖ កញ្ញាដាលីស

ថាក់ស៊ីននិងយីងឡាក់បង្ហាញ App តេស្ត DNA ដើម្បីណែនាំរបបអាហារទទួលទាននៅឡាសវេហ្គាស