ថាក់ស៊ីន ៖ ការបោះឆ្នោត​នៅ​ថៃ​ត្រូវបាន​លួច​បន្លំ​ដើម្បី​រក្សា​ឲ្យ​ក្រុម​យោធា​បន្ត​កាន់អំណាច​

318
ចែករម្លែក
  • 35
    Shares

​ក្នុង​កិច្ចសម្ភាសន៍​មួយ អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត បាន​និយាយថា មាន​ភស្តុតាង​ជាច្រើន​ដែល​បង្ហាញ​ថា ការបោះឆ្នោត​លើក​ដំបូង​នៅ​ថៃ​ចាប់តាំងពី​យោធា​ធ្វើ​​រដ្ឋប្រហារ​កាលពី​ឆ្នាំ​២០១៤ ត្រូវ​បាន​លួច​បន្លំ​។​

​ថ្លែង​ទៅ​កាន់​សារព័ត៌មាន The Straits Times​ តាម​ទូរស័ព្ទ​ចេញពី​ហុងកុង លោក​ថាក់ស៊ីន បាន​និយាយថា លោក​ជឿថា ទាំង​ថៃ​និង​សហគមន៍​អន្តរជាតិ​«​ដឹង​ច្បាស់​ណាស់​អំពី​​ភាពមិនប្រក្រតី​នៃ​លទ្ធផលនិង​ភាពមិនប្រក្រតី​ដែល​គណៈកម្មាធិការ​រៀប​ចំ​ការបោះឆ្នោត​បាន​អនុវត្ត​ន៍»​។​

​លោក​បាន​និយាយ​យោង​ទៅ​ដល់​ឧទាហរណ៍​មួយ គឺ​«​វិធី​ដែល​គេ​កត់ត្រា​លទ្ធផល​និង​បន្ទាប់មក​គេ​បញ្ឈប់ ហើយ​ប្រធាន​គណៈកម្មាធិការ​បោះឆ្នោត​បាន​និយាយ​បែប​បញ្ឈឺ​ថា​​គេ​ត្រូវតែ​បញ្ឈប់​ដោយសារ​គ្មាន​ម៉ាស៊ីន​គិត​លេខ​។​វា​ជា​ការ​ចំអក​បញ្ឈឺចិត្ត​ណាស់​ពី​ប្រធាន​គណៈកម្មាធិការ​បោះឆ្នោត​។​ខ្ញុំ​អត់​ដឹងថា​មាន​នរណា​ម្នាក់​បញ្ជា​ឲ្យ​គាត់​បញ្ឈប់​។​​នេះ​ជា​ភស្តុតាង​បង្ហាញថា​ការបោះឆ្នោត​នេះ​ត្រូវ​បាន​លួច​បន្លំ​»​។​

​ថាក់ស៊ីន បាន​បន្ថែមថា «​មានសង្ឃឹម​ថា​បណ្តា​បក្ស​គាំទ្រ​លទ្ធិប្រជាធិបតេយ្យ​គួរ​ទទួលបាន​ច្រើន​ឡើង តែ​បែរជា​តិច​ឡើង​។​ទោះជា​យ៉ាងណា ការបោះឆ្នោត​មាន​ការលួចបន្លំ​​នេះ​ត្រូវតែ​បញ្ជាក់​ពី​គណៈកម្មាធិការ​រៀបចំ​កា​រ​បោះឆ្នោត​»​។​

​លោក​ក៏​បាន​និយាយ​ដល់​រូបភាព​មកពី​ខេត្ត​ផេត​ចា​ប៊ុន ដែល​ពួក​មន្ត្រី​បោះឆ្នោត​បាន​ចូល​ទៅ​ដូរ​ហិប​ឆ្នោត​និង​វា​ត្រូវ​បាន​អម​ការពារ​ដោយ​ប៉ូលិស​…​និង​ការទិញ​ទឹកចិត្ត​អ្នក​​បោះឆ្នោត​នៅ​មុខ​ស្ថានីយ​បោះឆ្នោត​។​ការ​ចុះផ្សាយ​ក្នុង​បណ្តាញ​សង្គម​ក៏​បាន​និយាយថា ចំនួន​សន្លឹកឆ្នោត​មាន​ចំនួន​ហួស​អ្នក​ចេញ​ទៅ​បោះឆ្នោត​។​«​ដូច្នេះ​មាន​រឿង​មិន​ប្រក្រតី​​បាន​កើត​ឡើង​ជា​ច្រើន​»​។​

ថាក់ស៊ីន អតីត នាយ​ប៉ូលិស​ដែល​បាន​ក្លាយ​ជា​សេដ្ឋី​ទូ​រគ​មនាគ​ម៍ មុន​ក្លាយជា​នាយក​រដ្ឋមន្ត្រី​នៅ​ឆ្នាំ​២០០១ ។​លោក​ត្រូវបាន​ទម្លាក់​ក្នុង​រដ្ឋប្រហារ​យោធា​ក្នុង​អាណត្តិ​ទី​២​នា​ឆ្នាំ​២០០៦ និង​កំពុង​រស់នៅ​ដោយ​ការ​និរទេស​ខ្លួន​ឯ​បរទេស​

​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ថៃ​បាន​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា គណបក្ស​ភឿ​ថៃ ដែល​ស្និទ្ធ​នឹង​ថាក់ស៊ីន បានទទួល​១៣៧​អាសនៈ​ក្នុង​ចំណោម​សមាជិក​សភា​តាម​មណ្ឌល​​ចំនួន​៣៥០​រូប ។​តាម​ពីក្រោយ​គឺ​បក្ស​ផា​ឡាំង ប្រា​ចា​រ៉ា​ត ដែល​គាំទ្រ​យោធា ទទួលបាន​៩៧​អាសនៈ​។​ទោះជា​យ៉ាងណា ភឿ​ថៃ​មិន​ទទួលបាន​មួយ​អាសនៈ​ណា​ទេ​សម្រាប់​សមាជិក​សភា​តំណាង​សម​មាត្រ​តាម​បញ្ជី​គណបក្ស​។​ផា​ឡាំង ប្រា​ចា​រ៉ា​ត ទទួលបាន​១៩​អាសនៈ​សម្រាប់​សមាជិក​សភា​តំណាង​សមាមាត្រ សរុប​បាន​១១៧​កៅអី​។​នេះ​មានន័យថា គ្មាន​គណបក្ស​​ធំ​ណាមួយ​ទទួលបាន​សំឡេង​ភាគច្រើន​ដាច់ខាត​ដើម្បី​បង្កើត​រដ្ឋាភិបាល​ទេ និង​ពួក​គេ​ត្រូវការ​ដៃគូ​ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ។​

​នៅពេល​ត្រូវ​បាន​សួរថា ​តើ​លោក​គិតថា​ការបោះឆ្នោត​នេះ​សេរី​និង​យុត្តិធម៌​ដែរ​ឬទេ លោក​បាន​និយាយថា​«​ទេ​! ទេ​! ។​ក្នុង​ល្បែង​មួយ បើ​ច្បាប់​ល្បែង​និង​អាជ្ញាកណ្តាល​មិន​​យុត្តិធម៌​រួចទៅហើយ នោះ​លទ្ធផល​នឹង​មិន​ត្រូវបាន​គេ​គោរព​ទេ​។​ការបោះឆ្នោត​នេះ​កាន់តែ​អាក្រក់ ពីព្រោះ​បើ​យើង​មាន​…​រដ្ឋាភិបាល​មួយ​ដែល​ចេញពី​ការបោះឆ្នោត​លួច​បន្លំ​​សហគមន៍​អន្តរជាតិ​ នឹង​មិន​គោរព​វា​ទេ​»​។​

​លោក​បាន​បន្ថែមថា «​ឥឡូវ​មិន​ជា​ពេល​ដែល​យោធា​ចូល​ពាក់ព័ន្ធ​ទេ​។​ច្បាស់​ណាស់ វា​ជា​ពេល​ដែល​ប្រទេស​ត្រូវ​រីកចម្រើន​ម្បួរ​សប្បាយ​។​យើង​ត្រូវតែ​ធ្វើ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​យើង​ឲ្យទាន់​សភាពការណ៍​ដើម្បី​ប្រកួតប្រជែង បើ​មិន​ដូច្នេះ​ទេ ប្រជាជន​ថៃ​កាន់តែ​ក្រ​ឡើងៗ​។​យើង​មិន​ចង់​ឃើញ​ថៃ​ដូច​អេ​ហ្ស៊ី​ប​ទេ​»៕​ដោយ​៖​វាសនា​/Ha