ថាមពល​កកើត​ឡើងវិញ នឹង​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច និង​ព​ន្លឿ​ន​ឧស្សាហកម្ម​ថាមពល​កម្ពុជា

617

​ដោយ:​សុផល​/​ភ្នំពេញ ៖ ​គម្រោង​អ៊ី​ន​ស្ប៉ា​យ​អ៊័​រ អាស៊ាន​( Inspire Asean)​ បាន​ត្រូវ​ប្រារព្ធ​ធ្វើឡើង​នកម្ពុជា​​កាលពី​ចុង​សប្តាហ៍​នេះ​ជាមួយ នឹង​ការដាក់​បង្ហាញ កិច្ចប្រជុំ ការពិភាក្សា និង​ការផ្សាភ្ជាប់​ក្នុង​ឧស្សាហកម្ម ដែល​បណ្តុះ​ផ្នត់គំនិត​ក្នុងការ​ផ្លាស់ប្តូរ​ការផលិត និង​ប្រើប្រាស់​ថាមពល​។​

​គម្រោង Inspire Asean៖ «​ថាមពល​នាពេល​អនាគត​» គឺជា​សន្និសីទ​ដ៏​សំខាន់​នៃ​យុទ្ធនាការ Clean Energy Week Cambodia នៅក្នុង​ប្រទេស​កម្ពុជា ដែល​ត្រូវបាន​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែវិច្ឆិកា រហូតដល់ ថ្ងៃទី​៨ ខែវិច្ឆិកា ដោយ​ផ្តោតលើ​ប្រធានបទ​នៃ​ថាមពល​កកើត​ទ្បើង​វិញ​នៅតាម​ទីតាំង និង​ស្ថាប័ន​ជាច្រើន​ក្នុង​រាជធានី​ភ្នំពេញ​។

​សន្និសីទ​នេះ​ត្រូវបាន​រៀបចំ​ទ្បើង​ជាមួយនឹង​កិច្ចប្រជុំ​អាហារ​ថ្ងៃត្រង់​ដ៏​ពិសេស ដែល​ចាប់ផ្តើម​ពី​ម៉ោង​១៣:៣០ និង​ផ្តល់នូវ​ការយល់ដឹង​ដ៏​ទូលំទូលាយ​ទាក់ទិន​នឹង​វិស័យ​ផ្សេងៗ​ ដែល​កំពុង​ឈរជើង​ក្នុង​ទីផ្សារ​សព្វថ្ងៃ និង​ឈាន​ទៅមុខ​នាពេល​អនាគត​។ ការធ្វើ​បទ​បង្ហាញ​ដ៏​គួរ​ឲ្យ​ចាប់អារម្មណ៍​ទាំង១០ ពី​អ្នកជំនាញ​ច្បាស់លាស់​ក្នុង​វិស័យ​ជាច្រើន​ក្នុង​ឧស្សាហកម្ម​ថាមពល​កកើត​ឡើងវិញ​គូសបញ្ជាក់​ពី​ឱកាស​ជាច្រើន​ទាំង​ក្នុង​ឧស្សាហកម្ម​ផ្ទាល់ និង​ក្រៅ​ឧស្សាហកម្ម​។​

​លោក Tassilo Brinzer នាយក​ប្រតិបត្តិ​របស់​ទស្សនា​វ​ដ្តី Globe Media Asia បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​​ទស្សនវិស័យ​នៃ​ថាមពល​កកើត​ទ្បើង​វិញ​ក្នុងប្រទេស​កម្ពុជា ដោយមាន​ប្រសាសន៍ថា​ ៖ «​នេះ​ជា​លើក​ដំបូង​​ហើយ​ក្នុងប្រទេស​កម្ពុជា ដែល​ប្រធានបទ​នេះ​ត្រូវបាន​លើកទ្បើង​មក​វែកញែក​ជា​សាធារណៈ​តាមរយៈ​ការរៀប​ចំ​​កម្ម​ពិធី​ពិសេស​ជា​សាធារណៈ​ពេញ​មួយ​សប្តាហ៍​ទូទាំង​ទីក្រុង​ភ្នំពេញ​។ ជាមួយ​សន្និសីទ​ស្តីពី​គម្រោង Inspire Asean នេះ​យើង​មាន​មហិច្ឆតា​ខ្ពស់​ក្នុងការ​លើកកម្ពស់​ការ​ប្រើប្រាស់​ថាមពល​ស្អាតស្អំ និង​ព​ន្លឿ​ន​ការលូតលាស់​ផ្នែក​ថាមពល​នាពេល​អនាគត​ប្រកបដោយ​និរន្តរភាព​នៅក្នុង​ប្រទេស​ក​ម្ពុ​ជា​។ ការ​អនុម័តិ និង​ការគាំទ្រ​យ៉ាង​មោះមុត​សម្រាប់​ថាមពល​កកើត​ឡើងវិញ​នេះ នឹង​ជំរុញ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច និង​ព​ន្លឿ​ន​ឧស្សាហកម្ម​ទាំងមូល​ក្នុង​សេដ្ឋកិច្ចកម្ពុជា​។ យើង​សង្ឃឹមថា យើង​អាច​បំផុសគំនិត​ឲ្យ​មនុស្ស​កាន់តែច្រើន​យកចិត្តទុកដាក់​លើ​វិស័យនេះ និង​ឱកាស​ជាច្រើន​ដែល​ការធ្វើ​អាជីវកម្ម​ថាមពល​ស្អាតស្អំ​មួយ​នេះ​ផ្តល់ជូន​សង្គម​»​។​

​អ្នក​ចាប់ផ្តើម​អាជីវកម្ម​ថាមពល អ្នកបង្កើត​គោលនយោបាយ អ្នកផ្តល់​សេវា​ហេដ្ឋារចនាសម្ព័ន្ធ​ថាមពល​អ្នកជំនាញ​​ថាមពល​ពន្លឺព្រះអាទិត្យ​និង​អ្នកឯកទេស​ថាមពល​អន្តរជាតិ​បាន​ពិភាក្សា​អំពី​បំលាស់ប្តូរ​ផ្នែក​បច្ចេកទេស និង​ហិរញ្ញវត្ថុ និង​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ថ្មីៗ​សម្រាប់​វិស័យ​ថាមពល​ទាំងមូល ជាពិសេស​គម្រោង​ថាមពល​ពន្លឺព្រះអាទិត្យ​និង​ខ្យល់​។​ ឧស្សាហកម្ម​ថាមពល​កំពុង​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស​ដើម្បី​បំពេញតម្រូវការ​និង​ការរំពឹងទុក​យ៉ាងខ្លាំង​របស់​អតិ​ជន នៅក្នុង​ទីផ្សារ​មួយ​ក្នុងចំណោម​ទីផ្សារ​ដ៏​ល្បី​ល្បាញ​​ទូទាំង​ពិភពលោក​។

គម្រោង Inspire Asean 2018 សិក្សា​អំពី​ផលប៉ះពាល់​នៃ​ការចាប់ផ្តើម​ផ្លាស់ប្តូរ និង​បង្ហាញ​គន្លឹះ​សម្រាប់​ឧស្សាហកម្ម​ក្នុងការ​សម្រប​ខ្លួន​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​បរិស្ថាន សេដ្ឋកិច្ច និង​អតិថិជន​។ ដោយ​ផ្តោតលើ​យុទ្ធសាស្ត្រ​ច្នៃប្រឌិត រឿងរ៉ាវ​ជោគជ័យ និង​ការ​ផ្តល់យោបល់ កម្មវិធី​នេះ​ត្រូវបាន​បង្កើត​ធ្វើ​ទ្បើង​ដើម្បី​ពង្រីក​ចំណេះដឹង និង​បំផុស​គំនិតល្អៗ ដែល​បន្ត​ជម្រុញ​ដល់​វិស័យនេះ​ឲ្យ​កាន់តែ​ឆ្ពោះទៅមុខ​។
​សូមជម្រាបថា​៖​គម្រោង Inspire Asean៖ ថាមពល​នាពេល​អនាគត គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​សប្តាហ៍​ថាមពល​ស្អាត​( Clean Energy Week) ដំបូង​ក្នុងប្រទេស​កម្ពុជា ដែល​បានរៀបចំ​ដោយ​ក្រុមហ៊ុន EnergyLab និង​ទទួល​រ៉ាប់រង​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ Globe Media Asia និង​បង្ហាញ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន CominAsia ។​វាគ្មិន​នៅក្នុង​កម្មវិធី​នេះ​សុទ្ធតែ​អ្នកជំនាញ​និង​អ្នកជំនួញ​ជាតិ​និង​អន្តរជាតិ​លើ​វិស័យ​ឧស្សាហកម្ម​ថាមពល​៕B/

Seriously experienced event photography by www.SNAPP.media
Seriously experienced event photography by www.SNAPP.media