ថូ​បុរាណ​ដែល​គេ​ទុកចោល​ក្នុង​ប្រអប់​ដាក់​ស្បែកជើង​ត្រូវគេ​លក់បាន​១៩​លាន​ដុល្លារ​

637

​ថូ​ចិន​តាំងពី​សតវត្សរ៍​១៨ ដែល​ត្រូវបាន​រកឃើញ​ក្នុង​ប្រអប់​ដាក់​ស្បែកជើង​នៅលើ​ធ្នើ​មួយ​ក្នុងប្រទេស​បារាំង ត្រូវគេ​លក់​ដេញថ្លៃ​បាន​១៦,២​លាន​អឺរ៉ូ​(១៩,០៣​លាន​ដុល្លារ​)​ក្នុង​ការលក់​ដេញថ្លៃ​កាលពី​ថ្ងៃ​អង្គារ​ទី​១២​មិថុនា​នៅ​ក្រុងប៉ារីស គឺ​ថ្លៃ​លើ​តំលៃ​ប៉ាន់ស្មាន​ដល់​ទៅ​៣០​ដង​។​

​ពួក​អ្នកជំនាញ​នៅ​កន្លែង​ដេញថ្លៃ​បាន​និយាយថា ថូ​ព័រ​សឺ​ឡែ​ន​ជាមួយនឹង​រូប​ដ៏​ល្អឆើត​នេះ​ត្រូវបាន​ផលិតឡើង​សំរាប់​អធិរាជ​ឈាន​ឡុង​សម័យ​រាជ​វង់​ឈី​ញ​និង​ពីដំបូង​​ត្រូវបាន​គេ​រំពឹងថា​លក់បាន​ប្រមាណ​០,៥​លាន​អឺរ៉ូ​ប៉ុណ្ណោះ​។​

​អូ​លី​វី​យ៉េ វ៉​ល់​មែរ អ្នកជំនាញ​វត្ថុ​សិល្បៈ​អាស៊ី​នៅ​ក្រុមហ៊ុន​ដេញថ្លៃ​នេះ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា “​នេះ​ជា​ស្នាដៃ​សិល្បៈ​ដ៏​ធំ​មួយ​។​វា​ជាវ​ត្ថុ​សិល្បៈ​តែមួយគត់​ក្នុង​​លោក​ដែល​នៅ​ល្អ​គ្រប់​”​។​

​វត្ថុ​ព័រ​សឺ​ឡែ​នក​ម្រៗ​មកពី​សម័យ​រាជ​វង់​ឈាន​ឡុង​ត្រូវបាន​លក់​ក្នុង​តំលៃ​កប់​ពពក​កាលពីពេល​ថ្មីៗ ដោយ​ចានគោម​មួយ​ត្រូវបាន​ក្រុមហ៊ុន​Sotheby’s​នៅ​ហុងកុង​លក់​​បាន​៣០,៤​លាន​ដុល្លារ​អាមេរិក​កាលពី​ខែមេសា​។​

​ថូ ដែល​ត្រូវបាន​លំអរ​ដោយ​រូប​ក្តាន់​និង​ក្រៀល​ជាមួយនឹង​ដើម​ស្រល់​ត្រូវបាន​រកឃើញ​ដោយ​ចៃដន្យ​នៅលើ​ធ្នើ​នៃ​ផ្ទះមួយ​ក្នុងប្រទេស​បារាំង​នៅ​ឆ្នាំនេះ​។​គ្រួសារ​នៃ​ផ្ទះ​​នេះ​ទទួលបាន​វា​នៅ​ចុង​សតវត្សរ៍​ទី​១៩​តែ​វា​ត្រូវបាន​ទុកចោល​ក្នុង​ប្រអប់​ដាក់​ស្បែកជើង​អស់​ពេល​រាប់​ទសវត្សរ៍​។​វា​ស្ថិតនៅក្នុង​ប្រអប់​ស្បែកជើង​នៅឡើយ​នៅពេល​​ត្រូវបាន​បង្ហាញ​ទៅកាន់​អ្នកជំនាញ​វត្ថុ​សិល្បៈ​របស់​Sotheby’s​ដើម្បី​ពិនិត្យ​ភាព​សុទ្ធ​របស់​វា​៕​ដោយ​៖​វាសនា

​ថូ​ដែល​ត្រូវគេ​ទុកចោល​ក្នុង​ប្រអប់​ស្បែកជើង​ត្រូវគេ​លក់បាន​១៩​លាន​ដុល្លារ​