ថូ​ប៊ី អាល​ដឺ​វ៉េ​រ៉េ​ល អះអាងថា មិនទាន់​ចង់​ចាក​ចេញពី Spurs ខណៈ​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ​យូ​ណាយ ធី​ត​កំពុង​ចាប់អារម្មណ៍​

1359
ចែករម្លែក

​ខ្សែការពារ ថូ​ប៊ី អាល​ដឺ​វ៉េ​រ៉េ​ល (Toby Alderweireld) អះអាងថា ខ្លួន​តែងតែ​ផ្តោត​ការ យកចិត្តទុកដាក់ ដើម្បី​ទទួលបាន​កៅអី​ក្នុង​ក្រុម​ជម្រើស​របស់ Spurs​មកវិញ​ជាជាង​គិតគូ​ពី អនាគត​។​

​ខ្សែការពារ​កណ្តាល​រូបនេះ​មិនបាន​យល់ព្រម​នឹង​លក្ខខណ្ឌ​នៃ​ការពន្យារ​កិច្ចសន្យា​ជាមួយ​ក្លឹប​នេះ​ទេ ហើយ​ជា​លទ្ធផល មានការ​ផ្តល់​តម្រុយ​ថា កីឡាករ​រូបនេះ អាច​នឹងចូលរួម​ជាមួយ​ក្លឹប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​នៅ​រដូវក្តៅ​នេះ​។​
​ ​
​ស្របពេល​ដែល​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) កំពុង​តាមរក​ខ្សែការពារ​ម្នាក់ទៀត នោះ មានការ​ប៉ាន់ប្រមាណ​ប​ន្ត​កើតមាន​រហូតដល់​ថ្ងៃ​ចុងក្រោយ​នៃ​រដូវ​កាល​ទិញដូរ ប៉ុន្តែ អាល​ដឺ​វ៉េ​រ៉េ​ល អះអាងថា ខ្លួន​មិនទាន់​ចង់​ចាក​ចេញពី​ទីក្រុង​ឡុង​ដ៍​នៅឡើយ​ទេ និង​ផ្តោត​ការ យកចិត្តទុកដាក់​លើ​ការ​ឈ្នះ​ការប្រកួត​។​
​ ​
​អាល​ដឺ​វ៉េ​រ៉េ​ល បាន​និយាយថា “​គ្រប់គ្នា​និយាយ​គ្រប់​ទីកន្លែង​ថា ខ្ញុំ​ចង់​ចាក​ចេញពី​ក្លឹប Tottenham​។ វា​មិន​ពិត​ទេ​។ នៅ​រដូវក្តៅ​នេះ ខ្ញុំ​បានដឹងថា ក្លឹប Spurs ចង់​រក្សាទុក​ខ្ញុំ​។ ដូច្នេះ​ខ្ញុំ​ត្រូវតែ​ប្រឹងប្រែង ដើម្បី​ដណ្តើមយក​កៅអី​ក្នុង​ក្រុម​ជម្រើស​មកវិញ​។ ការបង្ហាញ​មុខ​ក្នុង ក្រុម​ជម្រើស​ដំបូង​ជាថ្មី​គឺជា​ជោគជ័យ​សម្រាប់​ខ្ញុំ​”​។​
​ ​
​អាល​ដឺ​វ៉េ​រ៉េ​ល បន្តថា “​ខ្ញុំ​គ្រាន់តែ​ព្យាយាម​ជួយ​ក្រុម Tottenham តាម​ដែល​អាចធ្វើ​ទៅបាន ជាមួយនឹង​គុណភាព​របស់ខ្ញុំ​។ ទាក់ទិន​នឹង​អនាគត​របស់ខ្ញុំ​អ្វីដែល​គេ​លើកឡើង​ក្នុង​បណ្តាញ ព័ត៌មាន​គឺ​មិន​ត្រឹមត្រូវ​គ្រប់ពេល​នោះទេ​”​។​
​ ​
​កិច្ចសន្យា​បច្ចុប្បន្ន​របស់ អាល​ដឺ​វ៉េ​រ៉េ​ល នឹង​ផុតកំណត់​នៅ​ដំណាច់​រដូវ កាល​នេះ ប៉ុន្តែ​ក្លឹប Spurs រក្សា​សិទ្ធិ​ពន្យារ​បន្ថែម​មួយឆ្នាំ​ទៀត​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ ថូ​ប៊ី អាល​ដឺ​វ៉េ​រ៉េ​ល (Toby Alderweireld)