ថូ​ភ្លោះ​ដែល​បាត់​ដំណឹង​ឈឹង បង្ហាញខ្លួន​គួរឱ្យភ្ញាក់ផ្អើល ហើយ​គ្រោង​ដាក់លក់​យ៉ាងតិច​ជិត ២០ លាន​ដុល្លារ​

1765
ចែករម្លែក

​ថូ​ភ្លោះ​ដែល​គូ​របស់​វា​លក់បាន​ថ្លៃ​ដល់​ទៅ​ជាង ៥៥ លាន​ដុល្លារ​អាមេរិក ស្ទើរ​មិនគួរ​ឱ្យ​ជឿ​ក្នុង​ពិធី ដេញថ្លៃ​មួយ​កាលពី ៨ ឆ្នាំមុន បានបង្ហាញ​ខ្លួន​សម្រាប់​ការដាក់​ដេញថ្លៃ​គួរឱ្យភ្ញាក់ផ្អើល​។​

​ថូ ឈាន​ឡុង (Qianlong) សតវត្សរ៍​ទី​១៨ ខាងលើនេះ​ដូចគ្នា​បេះបិទ​ទៅនឹង​ថូ​បុរាណ មួយទៀត ដែល​បានធ្វើឱ្យ​ពិភពលោក​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង បន្ទាប់ពី​លោក ថូ​នី ច​ន​សុន (Tony Johnson) និង​ម្តាយ​របស់គាត់​បាន​លក់​វា​ឱ្យទៅ​ជនជាតិ​ចិន ម្នាក់​ក្នុងតម្លៃ​ជាង ៥៥ លាន​ដុល្លារ​ក្នុង​ពិធី​ដេញ ថ្លៃ​នៅ​តំបន់​សឺ​រី (Surrey) ប្រទេស​អង់គ្លេស កាលពី​ឆ្នាំ​២០១០​។

​ពេលនេះ​គូ​រប​ស់វា​ដែល​បាន​បាត់​ដំណឹង​ឈឹង បាន​លេចមុខ​សម្រាប់​ការលក់ បន្ទាប់ពី​ត្រូវបាន​គ្រួសារ​ជប៉ុន មួយ​កាន់កាប់​អស់​រយៈពេល​ជាង ៩០ ឆ្នាំ​។ ការដេញថ្លៃ​ថូ​នេះ​នឹង​ធ្វើឡើង​នៅ​ក្រុង​ហុងកុង ថ្ងៃទី​៣ ខែតុលា​។​

​គេ​ជឿថា ថូ​ទាំងពីរ​នេះ​ផលិត​ក្នុង​ទសវត្សរ៍​ឆ្នាំ​១៧៤០ (​ប្រមាណ ២៧០ ឆ្នាំមុន​) សម្រាប់​ថ្វាយ​ព្រះ​ចៅ​អធិរាជ ឈាន​ឡុង ហើយ​ដាក់តាំង​ក្នុង “​ព្រះរាជដំណាក់​រដូវក្តៅ​” (Imperial Summer Palace) នៅ​ប្រទេស​ចិន​។ ប៉ុន្តែ​គួរឱ្យ​សោកស្ដាយ ថូ​ទាំងពីរ​ត្រូវគេ​លួច​ពី​ព្រះរាជដំណាក់​អំឡុង​ការ​វាយឆ្មក់​ដោយ​ពួក​អង់គ្លេស និង​បារាំង នៅ​ឆ្នាំ​១៨៦០​។​

​ក្រោយមក គេ​ប្រទះឃើញ​ថូ​ដែល​កំពុង​ដាក់​ដេញថ្លៃ​នេះ​តាំងនៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ក្នុង​ឆ្នាំ​១៩០៥ ហើយ​បន្ទាប់មក​ត្រូវបាន​គ្រួសារ​ជនជាតិ​ជប៉ុន មួយ​ទិញយក​នៅ​ឆ្នាំ​១៩២៤ និង​កាន់កាប់​ចាប់តាំងពី​ពេលនោះ​រហូតមកដល់​បច្ចុប្បន្ន​៕ ​ប្រែ​សម្រួល: ខុម​