ថៃកាត់បន្ថយការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចឆ្នាំ២០២០ ចំពេលវីរុសវូហានកំពុងរាតត្បាត

116
ចែករម្លែក

ក្រសួងហិរញ្ញវត្ថុថៃនៅថ្ងៃពុធ ទី២៩ មករានេះ បានកាត់បន្ថយការព្យាករណ៍អំពីកំណើនសេដ្ឋកិច្ចរបស់ខ្លួនក្នុងឆ្នាំ ២០២០ ពី ៣,៣ ភាគរយមកនៅត្រឹម ២,៨ ភាគរយ ដែលបានព្យាករណ៍កាលពី ៣ ខែមុន ដោយលើកឡើងពីការនាំចេញខ្សោយ ថវិកាដែលពន្យារពេល និង ការរីករាលដាលនៃវីរុសថ្មីពីប្រទេសចិន។

លោក ឡាវ៉ារ៉ុន សាងស្និត ប្រធានការិយាល័យគោលនយោបាយសារពើពន្ធរបស់ក្រសួងហិរញ្ញវត្ថុ បានប្រាប់សន្និសីទកាសែតមួយថា ក្រសួងបានកាត់បន្ថយការប៉ាន់ស្មានរបស់ខ្លួនសម្រាប់ការនាំចេញឆ្នាំ ២០២០ ដែលជាកត្តាជំរុញកំណើនសេដ្ឋកិដ្ឋ មកនៅត្រឹម ១ ភាគរយពីកំណើន ២,៦ ភាគរយ។

លោកនិយាយថា “ទោះបីជាទម្លាក់ចុះការព្យាករណ៍ក្តី ក៏សេដ្ឋកិច្ចនៅតែកើនឡើងដែរ។ កត្តាជំរុញសំខាន់ៗដទៃទៀតគឺការវិនិយោគឯកជននិងគម្រោងវិនិយោគសាធារណៈធំៗ”។

ក្រសួងបានប៉ាន់ស្មានថា សេដ្ឋកិច្ចបានកើនឡើង ២,៥ ភាគរយកាលពីឆ្នាំមុន ដែលជាល្បឿនខ្សោយបំផុតក្នុងរយៈពេល ៥ ឆ្នាំ បន្ទាប់ពីកំណើន ៤,១ ភាគរយក្នុងឆ្នាំ ២០១៨។ ទិន្នន័យនៃផលិតផលក្នុងស្រុកសរុប (GDP) ផ្លូវការឆ្នាំ ២០១៩ គ្រោងនឹងចេញផ្សាយនៅថ្ងៃទី ១៧ ខែកុម្ភៈ។

ប្រទេសសេដ្ឋកិច្ចធំបំផុតទី ២ របស់អាស៊ីអាគ្នេយ៍មួយនេះពឹងផ្អែកយ៉ាងខ្លាំងទៅលើការនាំចេញ ដែលបានរងផលប៉ះពាល់ដោយសារភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិកនិងចិន និង ការធ្លាក់ចុះនៃតម្រូវការពិភពលោក។

វិស័យទេសចរណ៍ ដែលជាកត្តាជំរុញដ៏សំខាន់មួយផ្សេងទៀត កំពុងរងផលប៉ះពាល់ពីការហាមឃាត់របស់ចិនលើរាល់ដំណើរទេសចរណ៍ជាក្រុមដោយសារតែវីរុសកូរ៉ូណា។

អាជ្ញាធរទេសចរណ៍ថៃកាលពីថ្ងៃអង្គាររំពឹងថាចំនួនភ្ញៀវទេសចរចិន ដែលជាប្រភពអ្នកទេសចរធំបំផុតរបស់ថៃ នឹងធ្លាក់ចុះ ២ លាននាក់នៅឆ្នាំនេះពីចំនួន ១១ លាននាក់កាលពីឆ្នាំមុន។

ទោះយ៉ាងណា លោកឡាវ៉ារ៉ុននិយាយថា ក្រសួងហិរញ្ញវត្ថុរំពឹងថាចំនួនអ្នកទេសចរបរទេសសរុបនឹងធ្លាក់ចុះ ៤០០.០០០ នាក់មកនៅត្រឹមចំនួន ៤១ លាននាក់ក្នុងឆ្នាំនេះ ដោយសង្ឃឹមថា ប្រទេសដទៃទៀតនឹងជួយបំពេញកង្វះភ្ញៀវចិន​(២លាននាក់)៕ ដោយ៖ កញ្ញាដាលីស

ថៃរំពឹងទេសចរចិនធ្លាក់ចុះ ២ លាននាក់ក្នុងឆ្នាំ២០២០ ពីចំនួន១១លាននាក់ក្នុងឆ្នាំ២០១៩