ថៃបិទច្រកចេញចូលព្រំដែននឹងកម្ពុជាមួយ ជាបណ្តោះអាសន្ន ខណៈមានការឆ្លងរាតត្បាត កូវីដ១៩ក្នុងតំបន់ខ្លួន

1311
ចែករម្លែក

ដោយៈ មុនី​រ័ត្ន​-​អូរ​ស្មាច់​/ ​ភ្នំពេញៈ អាជ្ញាធរ​ថៃ បាន​បិទ​ច្រកព្រំដែន​តំបន់​សាយ​តា​គូរ ស្រុក​បាន​ក្រួ​ត ខេត្ត​បុរី​រុំ​ា (​ថៃ​) ជាប់​នឹង​ច្រក​ជប់​គគីរ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​បណ្តោះអាសន្ន កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០​។ ការបិទច្រក​ព្រំដែន​នេះ ភាគី​ថៃ អះអាងថា ដើម្បី​ការពារ​នៃ​ការឆ្លង​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​តំបន់់​ខ្លួន​។​
​អាជ្ញាធរ​ថៃ ធ្វើ​ការបិទច្រក​ចេញចូល​នៅ​ព្រំដែន ដោយសារ​ស្ថានភាព​បច្ចុប្បន្ន នៃ​ការឆ្លង​រោគរាតត្បាត កូ​វីដ​-១៩ កំពុង​រីក​រាលដាល អាជ្ញាធរខេត្ត​បុរី​រុំ​ា ថៃ ចាំបាច់​ត្រូវមាន​វិធានការ​តឹងរឹង ដើម្បី​ការពារ​នៃ​ការ​រាតត្បាត​នេះ សុំ​ការអនុគ្រោះ​ពី​អាជ្ញាធរ​កម្ពុជា ក្នុងការ​ផ្អាក ការចេញចូល​ច្រកព្រំដែន​នេះ គឺ​បិទ​ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០២០ នេះ​តទៅ រហូតដល់​ការ​រាតត្បាត​របស់​មេរោគ​នេះ មានការ​ធូរស្រាល​។​
​លោក រ៉ែ​ម ផល្លា​វី ប្រធាន​ស្នាក់ការ​ច្រកទ្វា​ព្រំដែន​ជប់​គគីរ បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែមីនា តាម​ទូរស័ព្ទ​ថា ភាគី​ថៃ ពិតជា​បាន​បិទ​ច្រកព្រំដែន​តំបន់ សាយ​តា​គូរ ស្រុក​បាន​ក្រួ​ត ខេត្ត​បុរី​រុំ​ា (​ថៃ​) ជាប់​នឹង​ច្រក​ជប់​គគីរ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ពិតប្រាកដ​មែន ដោយ​ភាគី​ថៃ បាន​ជូនដំណឹង​មក​រដ្ឋបាលខេត្ត កាលពី​ថ្ងៃទី​១៨ ខែមីនា ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមីនា ក៏បាន​ចាប់ផ្តើម​បិទ​ជា​បណ្តោះអាសន្ន​។ ការបិទ​នេះ ត្រូវបាន​ភាគី ថៃ​បញ្ជាក់ថា ដោយសារតែ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។


​ចំណែក​លោក ប៉ែន កុស​ល្យ អភិបាលខេត្ត​ខេត្ត​ឧ​ត្ត​រ​មានជ័យ បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៩ ខែមីនា​ថា ខាង​ច្រកព្រំដែន​តំបន់ សាយ​តា​គូរ បាន​ជូនដំណឹង​មក​ខាងយើង គឺ​សុំ​ផ្អាក​មួយរយៈ​។ មូលហេតុ​ដែល​ភាគី​ថៃ​សុំ​ផ្អាក​នេះ គឺ​ដោយសារ​បញ្ហា​ការ​រាតត្បាត​នៃ​ជំងឺឆ្លង​កូ​វីដ​-១៩ ដោយ​តែ​ខាង​ខេត្ត​បុរី​រុំ​ា មាន​អ្នក​កើត​ជំងឺ​កូ​វីដ​-១៩ ។​


​លោក​អភិបាលខេត្ត បាន​បញ្ជាក់ថា ចំណែក​ខាង​អូរ​ស្មាច់ និង​អន្លង់វែង មិនទាន់​ឃើញ​ជូនដំណឹង​មក​ទេ ហើយ​ខាង​ភាគី​ថៃ និង​កម្ពុជា គឺមាន​ការសហការ​គ្នា​ល្អ​។​
​សេចក្តីរាយការណ៍ បាន​ឲ្យ​ដឹងថា នៅ​ច្រកព្រំដែន​ចំនួន​ពីរ គឺ​ច្រក​អូរ​ស្មាច់ និង​ច្រក​ជាំ​សា​ងាំ ក្នុងស្រុក​សំរោង និង​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ជាប់​នឹង​ខេត្ត​សុរិន្ទ និង​ខេត្ត​ស៊ីសាកេត (​ថៃ​) នៅ​មិនទាន់​បិទ​ច្រក​នោះទេ ពោលគឺ​ពលរដ្ឋ​ប្រទេស​ទាំងពីរ ធ្វើការ​ដោះដូរ​ទំនិញ និង​ទំនាក់ទំនង​គ្នា ជាធម្មតា​៕B/SRN