ថៃ​កាត់ទោស​ប្រហារជីវិត​មេក្លោង​ថ្នាំញៀន​ម៉ាឡេស៊ី​

2846
ចែករម្លែក

ឈ្មួញថ្នាំញៀនម៉ាឡេស៊ីម្នាក់ដែលត្រូវបានគេដាក់ឈ្មោះថា”បុរសទឹកកក” ត្រូវបានតុលាការថៃមួយកាត់ទោសប្រហារជីវិតកាលពីថ្ងៃព្រហស្បតិ៍ទី១៦សីហាបន្ទាប់ពីត្រូវបានកាត់ទោសចំពោះការដឹកនាំបណ្តាញគ្រឿងញៀនមួយដែលរកចំណូលបានសន្ធឹកសន្ធាប់។

ទុន ហ៊ុង សឿង(Tun Hung Seong)ត្រូវបានចាប់ឃាត់ខ្លួននៅឆ្នាំមុន ក្រោយព័ត៌មានស៊ើបការណ៍មួយប្រាប់ថា គាត់បានជួលបុរសម្នាក់អោយនាំគ្រឿងញៀនម៉ាទឹកកកចំនួន៣០០គីឡូក្រាម កាត់តាមព្រំដែនភាគខាងត្បូង។

ពួកអ្នកស៊ើបអង្កេតជឿថា បុរសនេះជាអ្នកទទួលខុសត្រូវការជួញដូរថ្នាំញៀននៅទីផ្សារម៉ាឡេស៊ី និងលាងលុយតាមរយៈបាខារ៉ាអូខេ សណ្ឋាគារនិងភោជនីយដ្ឋាន។

តុលាការក្រុងបាងកកបានកាត់ទោស ទុន​ អាយុ៦៥ឆ្នាំ ពីបទជួញដូរថ្នាំញៀន ជាមួយស្រ្តីថៃ២នាក់និងបុរសតៃវ៉ាន់ម្នាក់។ជនទាំង៤ត្រូវបានកាត់ទោសប្រហារជីវិតទាំងអស់ តែទោសរបស់បុរសតៃវ៉ាន់និងស្រ្តីថៃ២នាក់ត្រូវបានបន្ថយមកនៅត្រឹមជាប់គុកមួយជីវិតដោយសារពួកគេសារភាព។

តាំងនៅតាមផ្លូវជួញដូរថ្នាំញៀនមកពីតំបន់ត្រីកោណមាស ថៃផ្តល់ផ្លូវគោកសំរាប់ការដឹកជញ្ជូនថ្នាំញៀនចេញពីបណ្តារោងចក្រនៅតំបន់គ្មានច្បាប់ទម្លាប់ក្នុងប្រទេសមីយ៉ាន់ម៉ានិងឡាវក្បែរខាង ជាជំនួញដែលអាចរកចំណូលប្រមាណ៤០.០០០លានដុល្លារក្នុងមួយឆ្នាំ។

ការចាប់បានថ្នាំញៀននៅទូទាំងតំបន់នេះបានកើនឡើងដល់កំរិតច្រើនមិនធ្លាប់មាននៅប៉ុន្មានខែមកនេះ។

អាជ្ញាធរម៉ាឡេស៊ីកាលពីខែឧសភា បាននិយាយថាខ្លួនចាប់បានថ្នាំញៀនម៉ាទឹកកក១,២តោនដែលត្រូវបាននាំចេញពីមីយ៉ាន់ម៉ា និងត្រូវបានលាក់ក្នុងកញ្ចប់តែ៕ដោយ៖វាសនា

ទុន ហ៊ុង សឿង ស្ថិតក្នុងកន្លែងឃុំឃាំងក្រោយការចាប់ខ្លួន