ថៃ​កំពុង​រងគ្រោះ​រាំងស្ងួត​ខ្លាំង​បំផុត​មិន​ធ្លាប់មាន​ពីមុនមក​

313
ចែករម្លែក

​លោក​ស៊ូ​ធិ​ន ណូ​រ៉ា​ម៉ា មិនអាច​ឃាត់​ទឹកភ្នែក​របស់គាត់​បានទេ នៅពេល​គាត់​ពិនិត្យមើល​ដី​ស្ងួត​បែក​ក្រហែង​នៅ​ជុំវិញខ្លួន​គាត់​។​

​ដី​របស់គាត់​មាន​ទំហំ​ប្រហែល ២,២៥ ហិកតា​ហើយ​បាន​ដាំ​ដុះ​យ៉ាង​យកចិត្តទុកដាក់​សម្រាប់​ដំណាំ​មួយចំនួន​ដែល​គាត់​គិតថា​អាច​នឹងមាន​តម្លៃ​ក្នុង​ការលក់​ដូចជា​ទុរេន​ម្រេច​និង​ស្លឹកគ្រៃ​។ ឥឡូវ​ដំណាំ​ទាំងនោះ​ងាប់​អស់ហើយ​។​

​ដីចម្ការ​របស់គាត់​បា​ន​ប្រេះ​រហែក​ចេញពី​គ្នា​ដោយសារ​ភាពរាំងស្ងួត​។ សូម្បី​កន្លែង​ខ្លះ​ដែល​មើលទៅ​មាន​ពណ៌​បៃតង​និង​លូតលាស់​ល្អ​ក៏​ជិត​ងាប់​ដែរ ព្រោះ​ខ្វះ​ទឹកភ្លៀង​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​។ បុរស​អាយុ ៤៣ ឆ្នាំ​រូបនេះ​បាន​និយាយថា “​ខ្ញុំ​ធ្វើ​កសិកម្ម​ពេញ​មួយជីវិត​របស់ខ្ញុំ​។ គ្រោះរាំងស្ងួត​នេះ​អាក្រក់​ពេក​ហើយ​។ អ្នក​អាច​ឃើញ​យ៉ាងច្បាស់​ថា​ដំណាំ​បាន​ងាប់​អស់ហើយ​។ ខ្ញុំ​បាន​បាត់បង់​ភាពក្លាហាន​ដើម្បី​បន្ត​ធ្វើការ​ទៀតហើយ​។ អ្វីៗ​គឺ​ចប់​អស់ហើយ​។ ក្រៀម​ងាប់​អស់ហើយ​”​។​

​នៅពេល​សួរ​អ្នកស្រុក​នៅក្នុង​ខេត្ត​ដទៃទៀត​នៃ​ប្រទេស​ថៃ ចម្លើយ​របស់​ពួកគេ​គឺ​ស្រដៀង​គ្នា ៖ គ្រោះរាំងស្ងួត​នេះ​គឺ​អាក្រក់​ខ្លាំង​មិន​ធ្លាប់​ជួប​ពីមុន​ទេ​។​

​រហូតមកទល់​ពេលនេះ​ក្នុងឆ្នាំនេះ​ប្រទេស​ទាំងមូល​មាន​ទឹកភ្លៀង​តិច​បំផុត​មិន​ធ្លាប់​ជួប​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​និង​មាន​ចំនួន​តិចជាង ២៥ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៨ នេះ​បើ​យោងតាម​នាយកដ្ឋាន​ធនធានទឹក​របស់​ថៃ​។ ក្នុង​ភូមិភាគ​ឦសាន ដែលមាន​ខេត្ត​ចំនួន ២០ បរិមាណ​ទឹកភ្លៀង​បាន​ធ្លាក់ចុះ​រហូតដល់ ៣០ ភាគរយ​ធៀប​នឹង​តួលេខ​ឆ្នាំ ២០១៨ ដែលមាន​ភ្លៀង​ធ្លាក់​ជិត​ដល់​កម្រិត​ធម្មតា​៕ ដោយ៖ កញ្ញាដាលីស

គ្រោះរាំងស្ងួត​កំពុង​វាយប្រហារ​ខេត្ត​ភាគ​ឦសាន​ប្រទេស​ថៃ