ថៃ​ចាប់បាន​ថ្នាំញៀន​១៨​លាន​គ្រាប់​នៅ​ឈៀង​រ៉ៃ​នៅ​មួយថ្ងៃ​ក្រោយ​ចាប់បាន​ម៉ា​ទឹកកក​៣០០គីឡូ

830
ចែករម្លែក

អាជ្ញាធរបានចាប់បានថ្នាំញៀនមេតំហ្វេតាមីនជាង១៨លានគ្រាប់នៅតំបន់ត្រីកោណមាស, នេះបើតាមនាយទាហានជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃចន្ទទី១៧ធ្នូក្រោយបើកប្រតិបត្តិការនៅតំបន់ព្រំដែនភាគខាងជើងនេះ។

ថ្នាំញៀននិងរថយន្តដែលឃាត់និងចាប់បានកាលពីថ្ងៃអាទិត្យ

ត្រីកោណមាស តំបន់គ្មានច្បាប់ទម្លាប់នៅជាប់ព្រំដែនចិន មីយ៉ាន់ម៉ានិងឡាវ ជាមូលដ្ឋានដ៏ធំនៃប្រតិបត្តិការសំរាប់ជំនួញថ្នាំញៀនមេតំហ្វេតាមីនដ៏ចំណេញកាក់កបនៃតំបន់អាស៊ីអាគ្នេយ៍។ការព្យាយាមបង្រ្កាបថ្នាំញៀនមិនអោយហូរចូលថៃនាំដល់ការចាប់បានថ្នាំញៀនសន្ធឹកសន្ធាប់ជាបន្តបន្ទាប់និងបាញ់សម្លាប់ពួកជួញដូរនិងលួចដឹកជញ្ជូនថ្នាំញៀនចំនួន១៥នាក់នៅភាគខាងជើងប្រទេសចាប់តាំងពីដើមខែវិច្ឆិកាមក។

ការបង្រ្កាបចុងក្រោយបានកើតឡើងនៅក្នុងខេត្តឈៀងរ៉ៃកាលពីថ្ងៃអាទិត្យទី១៦ធ្នូ ក្រោយអាជ្ញាធរទទួលបានព័ត៌មានថាពួករត់ពន្ធថ្នាំញៀនសកម្មនៅតំបន់នេះ និងក្រោយមកបានសង្ស័យលើរថយន្តពីរគ្រឿង។

មេបញ្ជាការ វិចិត្រ វង់សាង បាននិយាយក្នុងសន្និសីទកាសែតមួយថា« យើងបានរកឃើញនិងរឹបអូសបានបាវ…ផ្ទុកថ្នាំញៀនមេតំហ្វេតាមីនទាំងអស់ ប្រមាណ១៨,៧៦លានគ្រាប់»។

លោកបានបញ្ជាក់ថា ក្នុងរយៈពេល២ខែមកនេះ យោធាភាគខាងជើងបានចាប់បានថ្នាំញៀន៥០ទៅ៦០លានគ្រាប់។

ប្រតិបត្តិការបង្រ្កាបកាលពីថ្ងៃអាទិត្យនេះបានកើតឡើងក្រោយពីប៉ូលិសនៅឈៀងរ៉ៃបានបាញ់សម្លាប់អ្នកលួចដឹកជញ្ជូនថ្នាំញៀនម្នាក់នៅក្នុងការបាញ់តគ្នាមួយនាពេលយប់។ក្នុងឧបទ្ទវហេតុមុននោះ ថ្នាំញៀន១៥លានគ្រាប់ក៏ត្រូវបានរឹបអូសផងដែរ។

ពួកជួញដូរថ្នាំញៀនក្នុងតំបន់នេះច្រើនតែជួលពួកកុលសម្ពន្ធភ្នំអោយជួយនាំថ្នាំញៀនពីព្រំដែនម្ខាងចូលក្នុងទឹកដីថៃ តែគេកម្រដឹងអត្តសញ្ញាណមេធំៗណាស់។

កាលពីថ្ងៃសុក្រសប្តាហ៍មុន បុរសជនជាតិម៉ុង៣នាក់ត្រូវបានចាប់ខ្លួនជាមួយនឹងថ្នាំញៀនម៉ាទឹកកក៣០០គីឡូក្រាម និងហេរ៉ូអ៊ីន៧០គីឡូក្រាមនៅក្នុងខេត្តឈៀងរ៉ៃដដែល៕ដោយ៖វាសនា