ថៃ​ចេញ​ការព្រមាន​ដល់​ពួក​អ្នកលក់​ថ្នាំ “​សម្លាប់​ព្រហ្មចារិយ៍​ស្រីៗ​” នៅលើ​អន​ឡាញ​

255

​ការិយាល័យ​ក្រុមប្រឹក្សា​គ្រប់គ្រង​គ្រឿងញៀន (ONCB) បានចេញ​សេចក្តី​ប្រុងប្រយ័ត្ន​មួយ​អំពី​ថ្នាំ​ដែល​គេ​ហៅថា​ថ្នាំ “​សម្លាប់​ព្រហ្មចារិយ៍​ស្រីៗ​”​។​

​ថ្នាំ​របៀបនេះ ដែល​ឥឡូវ​កំពុង​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ​នៅលើ​អ៊ី​ន​ធឺ​ណេ​ត មាន​ផ្ទុក​នូវ​សារធាតុ​រំងាប់​អារម្មណ៍ Alprazolam និង​ត្រូវបាន​គេ​លក់​នៅក្រៅ​ប្រទេស​ក្រោម​ម៉ាក​សញ្ញា​ឈ្មោះថា Xanax ។ អគ្គលេខាធិការ ONCB លោក និយម ទើ​ម​ស្រី​ស៊ុ​គ និយាយថា “​ចំនួន​នៃ​បទឧក្រិដ្ឋ​ដែល​បាន​រាយការណ៍​ទាក់ទង​នឹង​ថ្នាំ​បែបនេះ​កំពុង​កើនឡើង​”​។​

​ថ្នាំ​ប្រភេទ​សណ្តំ​អារម្មណ៍​នេះ​មាន​ប្រសិទ្ធភាព​ទៅលើ​ចំណង់​ផ្លូវភេទ ការ​សណ្តំ​អារម្មណ៍ ការបន្ថយ​ការ​ថប់​ក្នុង​អារម្មណ៍ ការប្រឆាំង​នឹង​ការ​ច្របាច់ ការ​កន្ត្រាក់​សាច់ដុំ និង​កា​រម​មើល​មមាយ​ឥត​ចងចាំ​អ្វី​បាន​។ ដូច្នេះហើយ​ទើប​ថ្នាំ​នេះ​ភាគច្រើន​គឺ​គេ​ចេញ​វេជ្ជបញ្ជា​ចំពោះ​អ្នកជំងឺ ដែល​ស្រវឹងស្រា​ជោគជាំ ប្រកាច់ ថប់​បារម្ភ ស្លន់ស្លោ ឆាប់​ភ័យ និង​គេង​មិន​លក់​។​

​ទោះយ៉ាងណា នៅពេលដែល​លេបថ្នាំ​នេះ វា​អាចមាន​គ្រោះថ្នាក់​ដល់​ស្រីៗ​។ ឧទាហរណ៍​ជាក់ស្តែង ជនរងគ្រោះ​នៃ​បទល្មើស​ផ្លូវភេទ នឹងមិន​ចាំ​អ្វី​ទាំងអស់ ប្រសិនបើ​ពួកនាង​ត្រូវបាន​គេ​បញ្ច្រកថ្នាំ​នេះ​ដោយ​ចេតនា​។ ជាការ​ពិត ពួក​អ្នកលក់​ថ្នាំ​បែបនេះ​បាន​ផ្សព្វផ្សាយ​យ៉ាង​គឃ្លើន​ថា “​ថ្នាំ​សម្លាប់​ព្រហ្មចារិយ៍​ស្រីៗ​” ហើយ​ដូច្នេះ​វា​បាន​ទាក់ទាញ​អ្នកទិញ​ប្រុសៗ​ដែល​មានបំណង​អាក្រក់​។ លោកនិយម ដែល​បានចង្អុលបង្ហាញ​ថា​សារធាតុ Alprazolam ត្រូវបាន​ចាត់ថ្នាក់​ជា​ថ្នាំ​តាម​វេជ្ជបញ្ជា​និង​មិនអាច​ដាក់លក់​នៅតាម​ឱសថស្ថាន​បាន​នោះ បាន​និយាយថា “​ជនរងគ្រោះ​ដែល​ត្រូវគេ​សណ្តំ​ជាមួយ​ថ្នាំ​នេះ​ភាគច្រើន​ត្រូវគេ​រំលោភ​ផ្លូវភេទ និង​ប្លន់​”​។​

​លើសពីនេះទៅទៀត ច្បាប់​ថៃ​ថែមទាំង​ដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ង​រ​ចំពោះ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស​ទាក់ទង​នឹង​ថ្នាំ​នេះ​ទៀតផង​។​

​អ្នក​នាំចូល អ្នក​ផលិត ឬ អ្នក​នាំចេញ​សារធាតុ Alprazolam ដែល​គ្មាន​អាជ្ញាប័ណ្ណ​ប្រឈម​នឹង​ការជាប់​ពន្ធនាគារ​ចន្លោះ​ពី ៥ ឆ្នាំទៅ ២០ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​ចន្លោះ ៥០០.០០០ បាត​ទៅ ២ លាន​បាត ខណៈ​អ្នកលក់​ខុសច្បាប់​ប្រឈមមុខ​ការជាប់គុក ៧ ទៅ ២០ ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់ ៧០.០០០ បាត​ទៅ ២ លាន​បាត​៕ ដោយ៖ កញ្ញាដាលីស