ថៃ​ដាក់ពង្រាយ​ប៉ូលិស ៤.០០០ នាក់ ខណៈ​អ្នកគាំទ្រ​លោកស្រី​យី​ង​ឡាក់​ប្រមូល​ផ្តុំគ្នា នៅមុន​តុលា​ការចេញ​សាលក្រម

865
ចែករម្លែក

​អ្នកគាំទ្រ​រាប់រយ​នាក់​របស់​អតីត​នាយករដ្ឋមន្ត្រី​ថៃ​លោកស្រី​យី​ង​ឡាក់ ដែល​គេ​បណ្តេញ​ពី​អំណាច បានចាប់ផ្តើម​ប្រមូល​ផ្តុំគ្នា​នៅ​ខាងក្រៅ​តុលាការ​ជាន់ខ្ពស់​នៃ​ទីក្រុង​បាងកក​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​២៥​ខែសីហា មុនពេល​តុលា​ការចេញ​សេចក្តីសម្រេច​លើ​ករណី​ធ្វេសប្រហែស​កាតព្វកិច្ច​ប្រឆាំងនឹង​លោកស្រី ដែល​ក្នុងនោះ​គាត់​ប្រឈមមុខ​នឹង​ការជាប់គុក ១០ ឆ្នាំ​។​

​សាលក្រម​ដែល​គេ​ទន្ទឹងរង់ចាំ​ជា​យូរ​មកនេះ​អាចធ្វើ​ឱ្យមាន​ភាព​តានតឹង​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ និង​មាន​ផលប៉ះពាល់​យ៉ាង​ជ្រាលជ្រៅ​នៅក្នុង​នគរ​ដែល​បែកបាក់​ខាង​នយោបាយ​មួយ​នេះ​។​

​ប៉ូលិស​ក្រុង​បាងកក​បាន​និយាយថា ប៉ូលិស​ប្រមាណ ៤ ពាន់​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅឯ​តុលាការ​និង​ប៉ុស្តិ៍​ត្រួតពិនិត្យ​ត្រូវបាន​បង្កើតឡើង​។​

​កម្មវិធី​ឧបត្ថម្ភ​ធន​ស្រូវ​អង្ករ ដែលជា​គោលនយោបាយ​សំខាន់​របស់​រដ្ឋបាល​លោកស្រី​យី​ង​ឡាក់ បានឃើញ​រដ្ឋាភិបាលរ​បស់​លោកស្រី​ទិញ​ផលដំណាំ​របស់​កសិករ​ក្នុងតម្លៃ​ខ្ពស់ជាង​តម្លៃ​ទីផ្សារ​រហូតដល់ ៥០ ភាគរយ​។ គោលនយោបាយ​នេះ​មាន​ប្រជាប្រិយភាព​ជាមួយ​កសិក​រ​ប៉ុន្តែ​បាន​បណ្តាលឱ្យ​ប្រទេស​ថៃ​សល់​អង្ករ​ស្តុក​ទុក​ដ៏​ច្រើន​សន្ធឹកសន្ធាប់​និង​បណ្តាលឱ្យ​ខាតបង់ ៨ ពាន់​លាន​ដុល្លារ​។​

​លោកស្រី​យី​ង​ឡាក់ ដែល​អះអាងថា​មិនមាន​កំហុស​ចំពោះ​ការចោទប្រកាន់​ពីបទ​ធ្វេសប្រហែស​កាតព្វកិច្ច​ប្រឆាំងនឹង​លោកស្រី បាន​និយាយថា លោកស្រី​មាន​ភារកិច្ច​ទទួលខុស​ត្រូវតែ​លើ​ការសម្រេច​គោលនយោបាយ​ឱ្យបាន​ប៉ុណ្ណោះ ប៉ុន្តែ​មិនមែន​ការគ្រប់គ្រង​ប្រចាំថ្ងៃ​របស់​គម្រោង​នោះទេ​។ រដ្ឋបាល​របស់លោក​ស្រី​ត្រូវបាន​ផ្តួលរំលំ​នៅក្នុង​រដ្ឋប្រហារ​យោធា​ឆ្នាំ ២០១៤​។​

​នៅ​ខេត្ត​សុខោទ័យ​នៅ​ភាគ​ឦសាន​ដែលជា​មូលដ្ឋាន​រឹងមាំ​របស់​គ្រួសារ​ស៊ីណា​វ៉ា​ត់ មេដឹកនាំ​ចលនានយោបាយ​អាវ​ក្រហម​ម្នាក់ ដែល​គាំទ្រ​លោកស្រី​យី​ង​ឡាក់ បាន​និយាយថា អ្នកគាំទ្រ​របស់លោក​ស្រី​មានការ​ខកចិត្ត​ខ្លាំង​។​

​លោក​បាន​និយាយថា “​មនុស្ស​មួយចំនួន​អាច​ចង់​ធ្វើបាតុកម្ម​ជា​សាធារណៈ​ដើម្បី​បង្ហាញ​ពី​ភាពមិន​សប្បាយចិត្ត​រប​ស់​ពួកគេ​អំពី​របៀប​ដែល​លោកស្រី​យី​ង​ឡាក់​កំពុង​ត្រូវបាន​គេ​ប្រព្រឹត្ត​ដាក់​”​។​

​គណបក្ស​ភឿ​ថៃ​របស់​គ្រួសារ​ស៊ីណា​វ៉ា​ត់ បាន​និយាយថា ខ្លួន​មិន​គាំទ្រ​អំពើហិង្សា​និង​ជំរុញ​អ្នកគាំទ្រ​ឱ្យ​ជួបជុំគ្នា​ដោយ​សន្តិវិធី​។​

​អ្នកគាំទ្រ​មួយចំនួន​នៅ​ខាងក្រៅ​តុលាការ​នៅក្នុង​ក្រុង​បាងកក​បានរៀបចំ​ផ្កា​កុលាប​ខណៈដែល​អ្នកផ្សេង​ទៀត​ពាក់​ស្រោមដៃ​ពណ៌​ស​ជាមួយ​ពាក្យ​ថា “​ក្តី​ស្រឡាញ់​” ៕ ដោយ៖ កញ្ញាដាលីស

ប៉ូលិស ៤ ពាន់​នាក់​ត្រូវបាន​ដាក់ពង្រាយ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ​នៅមុន​តុលា​ការចេញ​សាលក្រម​ករណី​លោកស្រី​យី​ង​ឡាក់