ថៃ​ត្រៀម​ទទួល​ជនភៀសខ្លួន​ពី​អំពើហិង្សា​នៅ​មី​យ៉ាន់​ម៉ា​

1134
ចែករម្លែក

​នាយករដ្ឋមន្ត្រី​ថៃ​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៩​សីហា​ថា ថៃ​កំពុង​រៀបចំ​ទទួល​ជនភៀសខ្លួន​ពី​ការប្រយុទ្ធ​គ្នា​នៅក្នុង​ប្រទេស​មី​យ៉ាន់​ម៉ា និង​បញ្ជូន​ពួកគេ​ត្រឡប់មកវិញ “​នៅពេល​ពួកគេ​ត្រៀមខ្លួន​រួចជាស្រេច​” បន្ទាប់ពី​ការវាយប្រហារ​ជា​បន្តបន្ទាប់​ដោយ​ក្រុម​បះបោរ​មូស្លីម​រ៉ូ​ហ៊ីង​យ៉ា​មកលើ​កងកម្លាំង​សន្តិសុខ​មី​យ៉ាន់​ម៉ា​កាលពី​សប្តាហ៍​មុន​។​

​ប្រទេស​ថៃ​ធ្លាប់ជា​ផ្លូវ​ឆ្លងកាត់​ដ៏​ពេញនិយម​មួយ​សម្រាប់​ក្រុម​រ៉ូ​ហ៊ីង​យ៉ា ដែល​គេច​ចេញពី​រដ្ឋ​រ៉ា​ឃី​ន​ពោរពេញ​ដោយ​បញ្ហា នៅ​ភាគ​ពាយព្យ​នៃ​ប្រទេស​មី​យ៉ាន់​ម៉ា​ឆ្លងកាត់​សមុទ្រ​អា​ដា​ម៉ាន់​។ អ្នក​ផ្សេងទៀត​បានមក​ថៃ​តាមរយៈ​ដីគោក​។​

​ប៉ុន្តែ​ការបង្ក្រាប​របស់​ប៉ូលិស​ថៃ​ឆ្នាំ ២០១៥ លើ​ក្រុម​ជួញដូរ​មនុស្ស​បាន​នាំឱ្យ​នាវា​ផ្ទុក​ជនអន្តោប្រវេសន៍ ត្រូវគេ​បោះបង់ចោល​នៅ​ឯនាយសមុទ្រ​។ ការបង្ក្រាប​នោះ​ក៏បាន​បង្អាក់​បណ្តាញ នាំ​ជន​ចំណាកស្រុក​មកពី​ប្រទេស​មី​យ៉ាន់​ម៉ា​និង​បង់​ក្លា​ដេ​ស​ទៅកាន់​ប្រទេស​ថៃ​និង​ម៉ាឡេស៊ី ផងដែរ​។​

​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​ថា “​ក្រសួងការពារជាតិ​និង​សន្តិសុខ​របស់​ថៃ​កំពុង​រៀបចំ​ដើម្បី​ទទួល​ជនភៀសខ្លួន​ជាច្រើន​។ យើង​នឹង​ផ្តល់ឱ្យ​ពួកគេ​នូវ​ទីជម្រក​ដូច​កាលពី​អតីតកាល​… ហើយ​បញ្ជូន​ពួកគេ​ត្រឡប់​ទៅវិញ នៅពេល​ពួកគេ​ត្រៀមខ្លួន​រួចរាល់​ហើយ​នោះ​”​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ប្រា​យុទ្ធ​មិនបាន​និយាយថា​តើ​មាន​ជនភៀសខ្លួន​ណាខ្លះ​បានមក​ដល់​ប្រទេស​ថៃ​ទេ​។ គាត់​មិនបាន​បញ្ជាក់​ច្បាស់​អំពី​ក្រុម​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​ទេ​។​

​ប៉ូលិសអន្តោប្រវេសន៍​ថៃ​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌​រ៉​យ​ទ័​រកា​លពី​ខែឧសភា​ថា ការរត់ពន្ធ​មនុស្ស​ឆ្លង​ព្រំដែន​ពី​មី​យ៉ាន់​ម៉ា​ទៅ​ថៃ​បាន​កើនឡើង ទោះបីជា​មានការ​បង្ក្រាប​ក៏ដោយ​។​

​យ៉ាងហោចណាស់ មនុស្ស ១០៩ នាក់​ត្រូវបាន​សម្លាប់​នៅក្នុង​អំពើហិង្សា​នាពេល​ថ្មីៗ​នេះ​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន​ដែល​ភាគច្រើន​ជា​ពួក​សកម្មប្រយុទ្ធ ប៉ុន្តែ​ក៏​ជា​សមាជិក​នៃ​កងកម្លាំង​សន្តិសុខ​និង​ជន​ស៊ីវិល​ផងដែរ​។​

​ការវាយប្រហារ​លើ​ក្រុម​បះបោរ​កាលពី​ខែតុលា​បានធ្វើឱ្យ​មានការ​ឆ្លើយតប​ផ្នែក​យោធា​យ៉ាង​ឃោរឃៅ​ដែល​បាន​ផ្លាស់​ទីលំនៅ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ៨៧.០០០ នាក់ ហើយ​មី​យ៉ាន់​ម៉ា​ត្រូវបាន​ចោទប្រកាន់ថា​ប្រព្រឹត្ត​អំពើ​ឃោរឃៅ​៕ ដោយ៖ កញ្ញាដាលីស

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ជាង ១០០ នាក់​កំពុង​សម្រាក​នៅ​ស្រុក​រដ្ឋា​ភូមិ ខេត្ត​សុង​ក្លា