ថៃ​ទុកពេល​មួយខែ​ដល់​ពលករ​កម្ពុជា​ដែល​ធ្វើការ​ខុសច្បាប់​ដើម្បី​បំពេញបែបបទ​ឱ្យស្រប​ច្បាប់​វិញ​

245

(​ភ្នំពេញ​)៖​ក្រសួង​ការងារ​របស់​ប្រទេស​ថៃ​បានធ្វើការ​អំពាវនាវ​ជាថ្មី​ដោយ​ទុក​រយៈពេល​១​ខែ​ដល់​ពលករ​កម្ពុជា​ដែល​កំពុង​បំពេញការងារ​​ខុសច្បាប់​នៅ​ប្រទេស​របស់ខ្លួន​ដើម្បី​បំពេញបែបបទ​ឱ្យ​ត្រូវ​ច្បាប់​ពី​ក្រសួង​ការងារ​ថៃ ចាប់ពី​ថ្ងៃទី​៨​ខែសីហា​ដល់​ថ្ងៃទី​៩​ខែកញ្ញា​ឆ្នាំ​២០១៧​ខាងមុខ​។​
​ ​
​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ផ្តល់​ភាពស្របច្បាប់​ដល់​ពលក​រ​កម្ពុជា​ដែល​កំពុងស្នាក់នៅ​និង​ធ្វើ​ការងារ​​នៅ​ប្រទេស​ថៃ​បានបញ្ជាក់​ឱ្យដឹងថា​តាម​ការ​ស្រង់​ទិន្នន័យ​ចំនួន​ពលរដ្ឋ​បរទេស ដែល​កំពុងធ្វើការ​នៅ ក្នុងប្រទេស​ថៃ​បច្ចុប្បន្ន​​មាន​សរុប​៦៩៤.៦២៩​នាក់ ក្នុងនោះ​ពលករ​កម្ពុជា មាន​ចំនួន​២០៣.៧៣២​នាក់ ដែល​ទាប​ជាង​ការប៉ាន់ប្រមាណ​ពី​ភាគី​ថៃ​កាល​​ពី​ខែកញ្ញា​ឆ្នាំ​២០១៦ កន្លងទៅ ដែលមាន​រហូត​ទៅដល់​ជាង​៣០​ម៉ឺន​នាក់​។ ក្រៅពី​ប្រទេស​កម្ពុជា​ក៏មាន​ពលករ​មី​យ៉ាន់​ម៉ា​​ចំនួន​៤០២.៥៤២​នាក់ និង​ឡាវ​ចំនួន​៨៨.៣៦៥​នាក់ ជារួម​តួលេខ​នេះ តិចជាង​ការរំពឹង ទុក​របស់ ក្រសួង​ការងារ​ថៃ​។​

​សេចក្តីប្រកាស​ខាងលើ​បញ្ជាក់​បន្ថែមថា ដើម្បី​ឱ្យមាន​ភាពស្របច្បាប់​ដល់​ពលករ​កម្ពុជា​ដែល​កន្លងមក​មិនទាន់បាន​បង្ហាញខ្លួន​ក្នុងការ​បំពេញបែបបទ​ឱ្យស្រប​ច្បាប់ នោះ​ក្រសួង​ការងារ​ថៃ បាន​អំពាវនាវ​ដល់​ពលករ​កម្ពុជា​ត្រូវ ទៅ​បង្ហាញខ្លួន ចាប់ពី​ថ្ងៃទី​៨​ខែសីហា ដល់​ថ្ងៃទី​៩​ខែកញ្ញា នៅ​ការិយាល័យ ទាំង​៩៧​កន្លែង​នៅ​ទូទាំងប្រទេស​ថៃ​។​

​ក្រៅពីនេះ​សេចក្តីប្រកាស​ខាងលើ​ក៏បាន​បញ្ចាក់​ដែរ​ថា​ក្នុង​ចន្លោះ​ថ្ងៃទី​២៤ កក្កដា រហូតដល់​ថ្ងៃ​៧ សីហា​ឆ្នាំ​២០១៧ កន្លងមក​ក្រសួង​ការងារ​ថៃ បានទទួល លិខិត​ស្វ័យ​ប្រកាស​ពី​និយោជក​(​ថៅកែ​)​ថៃ​ពី​ពលករ​ខុសច្បាប់​សរុប ១៩៥.៦២៧ និយោជក​ផងដែរ​។​
​ ​
​គួរបញ្ជាក់​ថាបើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​ការងារ​បានឱ្យដឹង​កន្ល​ង​មក​ថា​ក្នុង​ការធ្វើជំរឿន​ចុងក្រោយ​របស់​ប្រទេស​ថៃ​គេ​រកឃើញថា​​ពលករ​កម្ពុជា​ទាំង​ស្របច្បាប់​និង​មិន​ស្របច្បាប់​ដែល​កំពុង​បំពេញការងារ​នៅ​ប្រទេស​ថៃ​បច្ចុប្បន្ន​សរុប​មាន​ចំនួន​១.០៥០.០០០​នាក់​ហើយ​ក្នុងចំណោម​នេះ​ពលករ​កម្ពុជា​ដែល​ធ្វើ​ការងារ​ស្របច្បាប់​មាន​ចំនួន​៧៥​ម៉ឺន​នាក់​ហើយ​និង​មិន​ស្របច្បាប់​ជាង​៣​សែន​នាក់​។​ក្នុងចំណោម​នេះដែរ​កម្មករ​នេសាទ​កម្ពុជា​ដែល​កំពុងធ្វើការ​ងារ​នៅ​ប្រទេស​ថៃ​មាន​ចំនួន​៤៧.០០០​នាក់​ដោយ​ក្នុងនេះ​ក្រសួង​នឹង​រៀបចំ​ឱ្យ​ពួកគេ​មាន​​លិខិតឆ្លងដែន​មុនគេ​ពីព្រោះថា​ក្រសួង​ការងារ​ប្រទេស​ថៃ​ក៏បាន​សំណួ​ម​ពរ​ក្នុង​រឿងនេះ​ដែរ​។​ក្រសួង​នឹង​ចាប់ផ្តើម​ធ្វើ​ដំបូង​ពី​ខេត្ត​រ៉ាក់យ៉ង​និង​ស៊ុ​ង​ក្លា​នៅ​ប្រទេស​ថៃ​មុនគេ​។​

​ដោយឡែក លោក​ហេង​សួរ​អ្នកនាំពាក្យ​ក្រសួង​ការងារ​បានឱ្យដឹង​ដែរ​ថា​នា​កន្លងមក​រាជរដ្ឋាភិបាល​បានចេញ​លិខិត​ឱ្យ​ពលករ​ទៅ​ធ្វើការ​ស្របច្បាប់​នៅក្រៅ​ប្រទេស​មាន​ពីរ​ប្រភេទ​គឺ​ទីមួយ​លិខិត​ធ្វើដំណើរ​មានតម្លៃ​ត្រឹម​៤​ដុល្លារ​ទេ​និង​ទី​២​លិខិតឆ្លងដែន​មានតម្លៃ​១០៤​ដុល្លារ​។​លិខិត​ទាំងពីរ​នេះ​មាន​សុពលភាព​ដូចគ្នា​។​ការធ្វើ​លិខិត​ធ្វើដំណើរ​ជូន​ដល់​ពលករ​នេះដែរ​ដោយសារ​ចង់​ជួយ​សម្រួល​ដល់​ពលករ​ចំណាយ​តិច​ហើយ​វា​អាច​ប្រើ​ដូចគ្នា​នឹង​លិខិតឆ្លងដែន​ដែរ​៕​ដោយៈ​ដេប៉ូ​/sn