ថៃ​និយាយថា “​កំពុង​ធ្វើឱ្យមាន​វឌ្ឍនភាព​” ជាមួយ​ខ្សែ​រថភ្លើង​ល្បឿន​លឿន ថៃ​-​ចិន​

475
ចែករម្លែក

​រដ្ឋាភិបាល​ថៃ​បាន​និយាយថា ខ្លួន​កំពុង “​ធ្វើឱ្យមាន​ការរីកចម្រើន​” ជាមួយ​ខ្សែ​រថភ្លើង​ថៃ​-​ចិន​ល្បឿន​លឿន​ដែល​ពន្យារពេល​ជា​យូរ​មកហើយ ដែល​ត​ភ្ជាប់​ប្រទេស​ថៃ​ឡាវ​និង​ចិន​។​

​ប្រទេស​ទាំងបី​បាន​ត្រៀម​រៀបចំ​កិច្ចព្រមព្រៀង​មួយទៀត​នៅ​សប្តាហ៍​នេះ​នៅឯ​កិច្ចប្រជុំ​កំពូល​ស្តីពី​ក្រវាត់​និង​ផ្លូវ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​។​

​កិច្ចពិភាក្សា​ផ្លូវការ​លើ​គម្រោង​ផ្លូវដែក​ដែល​រំពឹងថា​នឹង​លាតសន្ធឹង​ប្រវែង ៨៧៣ គីឡូម៉ែត្រ បានចាប់ផ្តើម​នៅ​ឆ្នាំ ២០១៤ ប៉ុន្តែ​ត្រូវបាន​រំខាន​ដោយ​ការពន្យារពេល រួមទាំង​ភាពមិន​ចុះសម្រុង​គ្នា​លើ​ការ​រចនា​ម៉ូត​ផ្លូវដែក ហិរញ្ញប្បទាន និង​ជំនួយ​បច្ចេកទេស​។​

​គម្រោង​របស់​ថៃ​គឺជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ចិន​សម្រាប់​បណ្តាញ​ត​ភ្ជាប់​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​នៅ​ទីបំផុត​នឹង​ត​ភ្ជាប់​គុន​មី​ញ​នៅ​ភាគ​និរតី​ប្រទេស​ចិន​ជាមួយ​សិង្ហ​បុរី​។​

​វា​ក៏​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​របស់​ចិន​កាន់តែ​ទូលំទូលាយ​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ត​ភ្ជាប់​ប្រទេស​ចិន​ជាមួយ​អាស៊ី​អឺរ៉ុប​និង​ប្រទេស​លើសពីនេះ​ទៀតផង​ដែរ​។​

​ប្រទេស​ថៃ​បានសម្រេច​ចិត្ត​ក្នុង​ឆ្នាំ ២០១៦ ប្រឆាំងនឹង​ការផ្តល់​ហិរញ្ញប្បទាន​របស់​ចិន​សម្រាប់​គម្រោង​នេះ​ដោយសារតែ​អត្រា​ការប្រាក់​ខ្ពស់​ពេក ដែល​ប្រទេស​មួយចំនួនទៀត​ក៏​រអ៊ូ​រឿង​នេះដែរ ហើយ​បាន​សម្រេចចិត្ត​ផ្តល់​មូលនិធិ​ដល់​ផ្នែក​ខ្លះ​នៃ​គម្រោង​របស់​ថៃ​ចំនួន ១៧០ ពាន់​លាន​បាត (៥,៣២ ពាន់​លាន​ដុល្លារ​) ដោយ​ខ្លួនឯង​។​

​រហូតមកទល់​ពេលនេះ ផ្លូវដែក​ប្រវែង​ត្រឹមតែ ៣,៥ គីឡូម៉ែត្រ​ដំបូង​ប៉ុណ្ណោះ​ត្រូវបាន​សាងសង់​នៅក្នុង​ប្រទេស​ថៃ ប៉ុន្តែ​មន្ត្រី​ក្រសួង​គមនាគមន៍​បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រ​កាលពី​ថ្ងៃ​អង្គា​រថា ផ្នែក​ដំបូង​ដែល​ឆ្ពោះទៅកាន់​ទីក្រុង​បាងកក​គួរតែ​បញ្ចប់​ការសាងសង់​ជា​ស្ថាពរ​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ឆ្នាំ​ទៀត​។​

​ក្រសួងការបរទេស​ថៃ​និយាយថា គម្រោង​នេះ​ត្រូវបាន​ផ្តល់​ថាមពល​ឡើងវិញ នៅពេលដែល​ប្រទេស​ថៃ​ឡាវ​និង​ចិន​បាន​ចុះហត្ថលេខា​លើ​អនុស្សារណៈ​នៃ​កិច្ចសហប្រតិបត្តិការ​ត្រីភាគី​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៥​មេសា​នៅឯ​សន្និសីទ​ក្នុង​ក្រុង​ប៉េកាំង​ដើម្បី​សាងសង់​ស្ពាន​ផ្លូវដែក​មួយ​ត​ភ្ជាប់​ខេត្ត​ណុង​ខៃ​របស់​ថៃ​និង​ទីក្រុង​វៀង​ចាន់​របស់​ឡាវ​។​

​លោកស្រី ឡា​ដា ភូ​ម៉ាស នាយក​ផ្នែក​អាស៊ី​បូព៌ា​របស់​ក្រសួងការបរទេស​ថៃ​បាន​ប្រាប់​ក្រុម​អ្នកយកព័ត៌មាន​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​ថា “​ស្ពាន​ត​ភ្ជាប់​នេះ​នឹង​ធ្វើឱ្យ​គម្រោង​នេះ​ជា​ឧទាហរណ៍គំរូ​នៃ​ការតភ្ជាប់​យ៉ាង​រលូន​នៅក្នុង​តំបន់​”​។​

​លោកស្រី​បាន​បន្ថែមថា “​គម្រោង​នេះ​កំពុងដំណើរការ​នៅ​ជំហាន​ផ្ទាល់ខ្លួន​របស់​វា​។ យើង​ត្រូវតែ​សង្កត់ធ្ងន់ថា គម្រោង​នេះ​កំពុងដំណើរការ​ទៅតាម​ទិសដៅ​របស់​យើង​”៕ ដោយ៖ កញ្ញាដាលីស

រថភ្លើង​ភ្ជាប់​ទៅ​ព្រលានយន្តហោះ​នៅ​ទីក្រុង​បាងកក