ថៃ​នឹង​បញ្ជូន​ទុរេន​ទៅ​ដង​តារាវិថី​ដើម្បី​តេស្ត​មើល​គុណភាព​របស់​វា ថា​តើ​អាចឱ្យ​អ្នក​អវកាស​ញ៉ាំ​បាន​ឬ​អត់​

1325
ចែករម្លែក

​វា​ជា​ជំហាន​តូច​មួយ​សម្រាប់​ប្រទេស​ថៃ តែ​ជា​ជំហាន​ធំ​មួយ​សម្រាប់​ផ្លែឈើ​ធុំក្លិន​ខ្លាំង​បំផុត​របស់​អាស៊ីអាគ្នេយ៍​មួយ​នេះ​។​

​ថៃ​គ្រោង​នឹង​បញ្ជូន​ទុរេន​ទៅកាន់​ដង​តារាវិថី​ដើម្បី​សាកល្បង​មើល​ភាព​អត់ធន់​របស់​វា នៅក្នុង​គម្រោង​មួយ ដែល​អាច​ឃើញ “​ស្តេច​ផ្លែឈើ​” ត្រូវបាន​ទទួលទាន​ក្នុង​លក្ខខណ្ឌ​ទំនាញ​សូន្យ​។​

​អ្នកនាំពាក្យ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បច្ចេកវិជ្ជា​ភូមិ​សាស្ត្រ​និង​អវកាស​របស់​ថៃ (GISTDA) បាន​និយាយថា “​នៅពេល​អនាគត យើង​ចង់ឱ្យ​អវកាសយានិក​អាច​ញ៉ាំ​អាហារ​ថៃ​។ យើង​ចង់ដឹងថា​តើ​មានការ​ផ្លាស់ប្តូរ​រូបរាង​អ្វីខ្លះ​បន្ទាប់ពី​វា​វិល​ត្រឡប់មក​ផែនដី​វិញ ឧទាហរណ៍ វា​អាច​នឹងមាន​មាឌតូច​ជាង​មុន ឬ ប្រេះ​”​។​

​ទុរេន​ត្រូវបាន​គេ​បរិភោគ​នៅ​ទូទាំង​តំបន់​ហើយ​ល្បីល្បាញ​ដោយសារ​ប្រជាប្រិយភាព​របស់​វា​និង​ក្លិន​ដូច​សំរាម​ស្អុយ​របស់​វា ដោយ​ជំរុញ​ឱ្យ​ប្រទេស​ខ្លះ​ហាមឃាត់​ទុរេន​នៅក្នុង​បន្ទប់​សណ្ឋាគារ ជណ្តើរយន្ត និង កាប៊ីន​យន្ដហោះ​។​

​កេរ្ដិ៍ឈ្មោះ​របស់​ផ្លែឈើ​បែបនេះ បាន​ចោទ​ជា​សំណួរ​អំពី​របៀប​ដែល​វា​នឹងត្រូវ​បានទទួល​យក​យ៉ាងដូចម្តេច នៅក្នុង​បរិវេណ​បិទ​ជិតឈឹង​ដូចជា​យានអវកាស​។​

​ប៉ុន្តែ​ការធ្វើ​តេស្ត​នេះ ដែល​ត្រូវធ្វើឡើង​ជាមួយ​អង្គការ​មិនទាន់​បញ្ចេញ​ឈ្មោះ​ជា​សាធារណៈ នឹង​ប្រើ​ប្រភេទ​ទុរេន​វេច​ខ្ចប់​ស្ងួត មាន​ក្លិន​តិចតួច​ប៉ុណ្ណោះ​។​

​ការបាញ់​បង្ហោះ​ផ្លែ​ទុរេន​ទៅ​ទី​អវកាស​គ្រោង​នឹងធ្វើ​ឡើង​នៅ​ខែកក្កដា នៅពេលដែល​កញ្ចប់​ទុរេន​ត្រូវបាន​វេច​ខ្ចប់​ដាក់​នៅក្នុង​ប្រអប់​រួចរាល់ ហើយ​បាញ់​តាម​រ៉ុក្កែត​ចូលក្នុង​អវកាស​រយៈពេល​៥​នាទី​។​

​ប្រភេទ​អង្ករ​ថៃ​ផ្សេងៗ​គ្នា​ជាច្រើន​ក៏​នឹងធ្វើ​ដំណើរ​ដ៏​ក្លៀវក្លា​នេះ​ផងដែរ​។​

​ការ​ជឿនលឿន​ខាង​បច្ចេកវិជ្ជា​និង​ការកើនឡើង​នៃ​ចំនួន​ប្រទេស​ដែល​បញ្ជូន​ពលរដ្ឋ​រប​ស់​ពួកគេ​ទៅកាន់​ទី​អវកាស បាន​បង្កើន​នូវ​ចំនួន​អាហារ​សម្រាប់​អវកាសយានិក​ជាមួយ​រសជាតិ​ថ្មីៗ​។​

​ហើយ​ជាមួយ​ទ្វីបអាស៊ី​កំពុង​ចាប់យក​កម្មវិធី​អវកាស​កាន់តែ​ច្រើនឡើង​នោះ បញ្ជី​មុខម្ហូប​ឥឡូវ​កំពុងតែ​ធ្វើ​ពិពិធ​កម្ម​។​

​គីម​ឈី​ដែលមាន​រសជាតិ​ឆ្ងាញ់​បាន​ទៅ​ទី​អវកាស​រួចមកហើយ នៅពេល​អវកាសយានិក​កូរ៉េខាងត្បូង​បាន​នាំ​វា​ទៅជា​មួយ​នាង​កាលពី​ឆ្នាំ ២០០៨៕ ដោយ៖ កញ្ញាដាលីស

ទុរេន​ថៃ​នឹង​ហោះ​ទៅ​ទី​អវកាស​នៅ​ខែកក្កដា​ខាងមុខ