ថៃ​បង្ហាញ​គោលនយោបាយ​ជនភៀសខ្លួន​ដែល​អត់ធ្មត់​ជាង​មុន បន្ទាប់ពី​ករណី​ស្រី្ត​អា​រ៉ា​ប៊ី​សា​អូឌីត​

384
ចែករម្លែក

​ប្រធាន​អន្តោប្រវេសន៍​ថៃ​បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​ពុធ​ទី​១៦​មករា​ថា​អាជ្ញាធរ​ថៃ​មិន​បង្ខំ​ជនភៀសខ្លួន​ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ដើម​ខ្លួន​វិញ ដោយ​គ្មាន​ការស្ម័គ្រចិត្ត​នោះទេ ​បន្ទាប់ពី​មានការ​អំពាវនាវ​ដោយ​ក្តី​អស់សង្ឃឹម​របស់​ស្ត្រី​អា​រ៉ា​ប៊ី​សា​អូឌីត​ម្នាក់​អំពី​ការសុំ​សិទ្ធិ​ជ្រកកោន​ដែល​បាន​ទាក់ទាញ​ការយកចិត្តទុកដាក់​ជា​សកល​ចំពោះ​​ប្រទេសមួយ ដែល​មិន​ទទួលស្គាល់​អ្នកស្វែងរក​សិទ្ធិ​ជ្រកកោន​។​

​ប្រទេស​នេះ​មិនមែនជា​ប្រទេស​ហត្ថលេខី​នៃ​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ជនភៀសខ្លួន​ទេ​ហើយ​ត្រូវបាន​រង​ការរិះគន់​ខ្លាំង​ជា​យូរណាស់​មកហើយ​ដោយ​​សារ​ការឃុំ​ឃាំង​ក្រុម​ជនភៀសខ្លួន​នៅក្នុង​មណ្ឌល​ឃុំឃាំង​ឬក៏​បញ្ជូន​ពួកគេ​ទៅ​ប្រទេស​ដើម​ដែលមាន​ការគាបសង្កត់​របស់​ពួកគេ​វិញ​ជាទី​ដែល​ពួកគេ​ប្រឈមមុខ​នឹង​​ការចាប់​ដាក់គុក​ឬ​ស្ថានភាព​កាន់តែ​អាក្រក់​។​

​ករណី​ជាច្រើន​មិនបាន​ធ្វើឱ្យមាន​ការចាប់​អារម្មណ៍​ខ្លាំង​ក្នុង​បណ្តាញសារព័ត៌មាន​នោះ​ប៉ុន្តែ​វា​បាន​ផ្លាស់ប្តូរ​កាលពី​ដើមខែ​នេះ នៅពេលដែល​ស្រី្ត​អា​រ៉ា​ប៊ី​សា​អូឌីត​អាយុ​១៨​ឆ្នាំ​ម្នាក់​ឆ្នាំឈ្មោះ Rahaf Mohammed al-Qunun បានមក​ដល់ទី​ក្រុង​បាងកក​ហើយ​បាន​បង្ខាំង​ខ្លួនឯង​នៅ​សណ្ឋាគារ​មួយ​នៅឯ​ព្រលានយន្តហោះ​ក្រុង​បាងកក​និង​បាន​​ថត​ផ្សាយ​ផ្ទាល់​អំពី​ស្ថានភាព​របស់​នាង​ដែល​ឆ្លុះបញ្ចាំង​និង​រំលេច​អំពី​ស្ថានភាព​សិទ្ធិ​ស្ត្រី​នៅក្នុង​ប្រទេស​អភិរក្សនិយម​របស់​នា​ង​ដល់​អ្នក​ប្រើ​បណ្តាញ​សង្គម​នៅលើ​ពិភពលោក​។​

​នាង​ត្រូវបាន​ប្រគល់ឱ្យ​ភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការសហប្រជាជាតិ​ហើយ​ក្រោយមក​ត្រូវបាន​អនុញ្ញាតឱ្យ​រស់នៅ នៅ​ប្រទេស​កាណាដា​ជាទី​ដែល​នាង​ត្រូវ​​បាន​ស្វាគមន៍​ដោយ​រដ្ឋមន្ត្រីការបរទេស​កាណាដា​លោក Chrystia Freeland បន្ទាប់​នាង​បានមក​ដល់ទី​ក្រុង​Toronto កាលពី​ថ្ងៃ​សៅរ៍​។​

​នាង​បាន​និយាយថា​នាង​បាន​រង​ការរំលោភបំពាន​នៅ​ប្រទេស​ប្រកាន់​តឹងរឹង​នោះ​ហើយ​បាន​បដិសេធ​មិន​ជួប​សមាជិកគ្រួសារ​ដែល​បានមក​ប្រទេស​ថៃ​បន្ទាប់ពី​នាង​​បានធ្វើ​ដំណើរ​តាម​យន្តហោះ​មកដល់​ទីក្រុង​បាងកក​។​

​ដំណើរការ​លឿន​នៃ​សំណុំរឿង​សុំ​សិទ្ធិ​ជ្រកកោន​របស់​នាង​គឺ​មិន​ធ្លាប់មាន​ពីមុនមក​សម្រាប់​ប្រទេស​ថៃ​ហើយ​ត្រូវបាន​តាម​ពិនិត្យមើល​ស្ទើរតែ​ពី​ដើមដំបូង​រហូតដល់​ចប់​ដោយ​ប្រធាន​អន្តោប្រវេសន៍​ថៃ លោក Surachate Hakparn ដែល​ទើបតែ​ត្រូវបានតែងតាំង​សម្រាប់​តួនាទី​នេះ ហើយ​ប្តេជ្ញា​ធ្វើកំណែទម្រង់​។​

​ដោយ​ឆ្លើយតប​នឹង​សំណួរ​អំពី​ការប្រព្រឹត្ត​របស់​ថៃ​លើ​ក្រុម​ជនភៀសខ្លួន​នោះ លោក Surachate Hakparn បាន​ប្រាប់​ក្រុម​អ្នកចូលរួម​នៅ​ក្លឹប​អ្នកសារព័ត៌មាន​បរទេស​ថា​​លោក​នឹង​ចាត់វិធានការ​ថ្មី​ហើយ​ថា ក្រោម​ការគ្រប់គ្រង​រប​ស់លោក​នោះ នឹង​មិនមាន​នរណាម្នាក់​ត្រូវបាន​ចាប់បញ្ជូន​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ​ទេ ប្រសិនបើ​ពួកគេ​មិន​​ចង់​វិលត្រឡប់​ទៅវិញ​នោះ “​។​

​លោក​បាន​បន្ថែមថា​” ក្នុងឋានៈ​ជា​ប្រធាន​អន្តោប្រវេសន៍​នោះ យើង​នឹង​ធ្វើតាម​បទដ្ឋាន​អន្តរជាតិ​”៕​ដោយ​:​សុខា​/SN

ករណី​របស់​នាង Rahaf Mohammed al-Qunun​និង​ប្រធានប៉ូលិសអន្តោប្រវេសន៍ថៃលោក Surachate Hakparn(ស្តាំ)