ថៃ​បញ្ជាក់​ពី​ករណី​ទី​៥​នៃ​ការឆ្លង​វីរុស​ថ្មី

172
ចែករម្លែក

​ក្រុម​មន្ត្រី​សុខាភិបាល​ថៃ​បាន​និយាយថា​ប្រទេស​ថៃ​កាលពី​ថ្ងៃ​សុក្រ​ទី​២៤​ខែ​មករា​បាន​បញ្ជាក់​ពី​ករណី​ទី​៥​នៃ​ការឆ្លង​វីរុស​ថ្មី​នៃ​ជំងឺ​ផ្លូវដង្ហើម​នេះ ។​

​លោក​សា​ធី​ត ប៉ា​ទូ​ចា បាន​និយាយប្រាប់​សារព័ត៌មាន​Reuters​ថា អ្នកជំងឺ​ជា​ស្ត្រី​អាយុ​៣៣​ឆ្នាំ​នេះ​បានមកពី​ការដើរ​លេង​ពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន ។

​លោក​បាន​បន្ថែមថា​ស្ត្រី​នេះ ត្រូវបាន​ព្យាល​បាល​ដាច់ដោយឡែក​ពី​គេ នៅ​មន្ទីរពេទ្យ​Rajavithi ហើយ​ស្ថានភាព​របស់គាត់ មាន​ភាពល្អប្រសើរ​ឡើង​វិញ​។​

​ស្ត្រី​នេះ បាន​មក​ដល់​ទីក្រុង​បាងកក កាលពី​ថ្ងៃទី​២១​ខែ​មករា ដោយ​មាន​រោគសញ្ញា​ក្តៅខ្លួន ក្អក និង​ឈឺចាប់​សាច់ដុំ ហើយ​គាត់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​​កាលពី​ថ្ងៃទី​២៣​ខែ​មករា​។​

​នៅ​ប្រទេស​ចិន ក្រុម​អាជ្ញាធរ​បាន​បង្កើន​វិធានការ​ទប់ស្កាត់​វីរុស​ដែល​រហូត​មកដល់ពេលនេះ បាន​សម្លាប់​មនុស្ស​៤១​នាក់ និង​១.២៨៧​បាន​ឆ្លង​វីរុស​នេះ​។​

​អាកាសយានដ្ឋាន​នៃ​ទីក្រុង​វូ​ហាន​ត្រូវបាន​បិទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២៣​ខែ​មករា​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​នេះ​៕​ដោយ​៖​សុខា​/sn

​​ក្រុម​មន្ត្រី​សុខាភិបាល​ពាក់​ម៉ាស ពិនិត្យមើល​អ្នកដំណើរ​ដែល​មក​ដល់​អាកាសយានដ្ឋាន​ប្រទេស​ថៃ កាលពី​ថ្ងៃទី​២៤​ខែ​មករា​