ថៃ​បញ្ជូន​ខ្មែរ​ម្នា​ក់មក​ស្រុកកំណើត​វិញ​

823
ចែករម្លែក

ដោយ​: បាយ័ន / ឧ​ត្ត​រ​មានជ័យ​: ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ​បញ្ជូនមក​ស្រុកកំណើត​វិញ បន្ទាប់ពី​បុរស​រូប​នោះបាន​ឆ្លងដែន​ដោយ​ខុសច្បាប់​ទៅរក​ទឹកឃ្មុំ ហើយ​ត្រូវបាន​ថៃ​ចាប់ខ្លួន​បញ្ជូនទៅ​ដាក់ពន្ធនាគារ​នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ​។​

​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​ថៃ​បញ្ជូន​មកអោយ​អាជ្ញាធរ​កម្ពុជា បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥០​នាទី ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩​នេះ ស្ថិតនៅ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ ក្នុង​ទឹកដី​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ប្រចាំ​ច្រក​អន្តរជាតិ​ជាំ​ស្រងាំ បាន​និយាយថា ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ត្រូវបាន​ថៃ​បញ្ជូនមក​ស្រុកកំណើត​វិញ​នោះ គឺមាន​ឈ្មោះ មាំ សុខសាន្ត ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ រស់នៅ ភូមិ​ប៉ុស្តិ៍​ចាស់ ឃុំ​ព្រះ​នេ​ត​ព្រះ ស្រុក​ព្រះ​នេ​ត​ព្រះ ខេត្តបន្ទាយមានជ័យ​។

​សមត្ថកិច្ច​បាន​បន្តថា ជន​ឈ្មោះ មាំ សុខសាន្ត ត្រូវបាន​ថៃ​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​កន្លងទៅនេះ ពីបទ​ឆ្លងដែន​ខុសច្បាប់​ដើររក​ទឹកឃ្មុំ ដោយ​ចូល​តាម​ច្រក​ប៉ោយប៉ែត ហើយ​ត្រូវបាន​អាជ្ញាធរ​ថៃ​យកទៅដាក់​ពន្ធនាគារ នៅ​ខេត្ត​ស៊ីសាកេត ប្រទេស​ថៃ តាំងពី​ពេល​នោះមក​រហូតដល់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០១៩​នេះ ទើប​ថៃ​ដោះលែង​អោយមាន​សេរីភាព ហើយ​បញ្ជូនមក​ស្រុកកំណើត​វិញ​តែម្តង​។​

​ក្រោយពី​ទទួល​ពី​ភាគី​ថៃ​រួចមក អាជ្ញាធរ​កម្ពុជា បានធ្វើ​ការអប់រំ​និង​ណែនាំ ដោយ​មិនអោយ​ធ្វើការ​ឆ្លងដែន​ដោយ​ខុសច្បាប់​បែបនេះ​តទៅទៀត​ទេ រួច​បានអោយ​វិល​ត្រលប់​ទៅផ្ទះ​ដើម្បី​ជួបជុំ​ក្រុមគ្រួសារ​វិញ​៕